ហេតុអ្វីភេសជ្ជៈទឹកក្រូចឆ្មារល្អសម្រាប់រក្សាសម្រស់? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ឈប់ឆ្ងល់ទៅ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលគួរឧស្សាហ៍ទទួលទានភេសជ្ជៈទឹកក្រូចឆ្មារ ៖
១. ល្អសម្រាប់សុខភាពប្រព័ន្ធរំលាយអាហារ
ធ្លាប់ដឹងទេថាប្រព័ន្ធរំលាយអាហារមិនល្អអាចបង្កបញ្ហាមុនលើស្បែក? ទោះជាយ៉ាងណាកុំបារម្ភ! ការទទួលទានទឹកក្រូចឆ្មារក្ដៅឧណ្ហៗ ១ពែងនៅពេលព្រឹកមុនញ៊ាំអ្វីផ្សេងអាចផ្ដល់នូវអត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាពប្រព័ន្ធរំលាយអាហារ ជាពិសេសជួយឱ្យការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង។
២. គ្រប់គ្រងកម្រិតអាស៊ីតបាស (pH) ក្នុងរាងកាយ
ទោះបីជាក្រូចមានផ្ទុកជាតិអាស៊ីតធម្មជាតិ ប៉ុន្តែនៅពេលទទួលទានចូលក្នុងរាងកាយវានឹងប្រែក្លាយជាអាល់កាឡាំងដែលជួយរក្សាសុខភាពរាងកាយនិងសម្រស់។ ដូច្នេះការទទួលទានភេសជ្ជៈទឹកក្រូចឆ្មារជាទៀងទាត់ គឺជាជម្រើសដ៏ប្រសើរមួយ។
៣. រក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ
មូលហេតុមួយទៀតដែលនាំឱ្យការទទួលទានភេសជ្ជៈទឹកក្រូចឆ្មារសំខាន់សម្រាប់រក្សាសុខភាពសម្រស់នោះ គឺព្រោះតែវាជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាយកាយ ព្រមទាំងផ្ដល់សំណើមដល់ស្បែកផងដែរ។
៤. ជួយឱ្យស្បែកស្រស់ថ្លា
សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងក្រូចឆ្មារជួយបំពេញបន្ថែមជំនួសកោសិកាស្បែកងាប់ៗ។ វាជួយព្យាបាលស្នាមសំលាកនិងប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីមិនឱ្យបង្កការបំផ្លាញកោសិកាស្បែកសុខភាពល្អ។ វាក៏ជួយកម្ចាត់បាក់តេរីដែលបង្ករោគមុន ពន្យារដំណើរការនៃភាពចាស់ ហើយធ្វើឱ្យស្បែកក្មេងជាងវ័យភ្លឺរលោង។
៥. ជួយឱ្យស្រកទម្ងន់
មិនចាំបាច់ត្រូវលេបថ្នាំសម្រកទម្ងន់ឡើយ! សារធាតុ polyphenol និងជាតិសសៃ pectin ដែលមានផ្ទុកក្នុងក្រូចឆ្មារជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងងាយជៀសផុតពីជំងឺធាត់ជ្រុល។ ភេសជ្ជៈទឹកក្រូចឆ្មារក៏ជួយកម្ចាត់ជាតិពុលពីក្នុងរាងកាយ ដូច្នេះសរីរាង្គផ្សេងៗអាចដំណើរការមុខងារបានត្រឹមត្រូវរាប់ចាប់ពីប្រព័ន្ធភាពស៊ាំរាងកាយដល់ការរំលាយអាហារ។ ជាលទ្ធផលអ្នកងាយនឹងស្រកទម្ងន់ដូចក្ដីប្រាថ្នាមិនខាន៕