ការសិក្សាស្រាវជ្រាវទូទាំងពិភពលោកបានបង្ហាញថាមេរោគបំប្លែងថ្មីដែលតាបានឆ្លងភាគច្រើនទៅលើក្មេងៗដែលមិនបានចាក់វ៉ាក់សាំងដូចមនុស្សចាស់។
នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានបរទេស។ សារព័ត៌មាន Business Insider បានរាយការណ៍ថាការសិក្សាស្រាវជ្រាវមួយនៅអង់គ្លេស បានបង្ហាញថា ការឆ្លងមេរោគ កូវីដ១៩កើតមានប្រាំដងច្រើនជាងគេក្នុងចំណោម ក្មេងដែលមានអាយុពី៦ទៅ១២ ឆ្នាំ និងក្រុមមនុស្សអាយុពី១៨ទៅ២៤ ឆ្នាំ បើប្រៀបធៀបជាមួយក្រុមមនុស្ស ដែលមាន អាយុ៦៥ឆ្នាំឡើងទៅ។
គេពន្យល់ថាក្មេងក្រោមអាយុ១២ឆ្នាំដែលឆ្លងកូវីដ១៩គឺដោយសារតែពួកគេមិនបានចាក់វ៉ាក់សាំង។ ចំណែកនៅអ៊ីស្រាអែលវិញ ក្មេងត្រូវបានគេរកឃើញថាមានចំនួន ពាក់កណ្តាលនៅក្នុង ចំណោមអ្នកដែលរកឃើញមានមេរោគកូវីដ១៩ពិសេសមេរោគដែលតាប្រចាំថ្ងៃ។
ប្រទេសមួយចំនួនទៀតក៏បានកត់សម្គាល់ឃើញការឆ្លងរាលដាលមេរោគកូវីដ១៩ពិសេសមេរោគដែលតានេះផងដែរ។ នេះមានន័យថាក្មេងៗមានហានិភ័យខ្ពស់នៅក្នុងការឆ្លងមេរោគដែលតា។ នៅប្រទេសកម្ពុជាមិនទាន់មានរបាយការណ៍នៅឡើយថាមេរោគដែលតាបានវាយប្រហារដល់កុមារកម្ពុជា។ ប៉ុន្តែស្ថានភាពនៃការឆ្លងមេរោគដែលតានៅក្នុងចំណោមក្មេងៗនៅប្រទេសផ្សេងទៀតគឺជាសញ្ញាដែលកម្ពុជាត្រូវយកចិត្តទុកដាក់ទប់ស្កាត់កុំអោយមានការឆ្លងរាលដាលក្នុងចំណោមក្មេងៗ៕