ក្រៅពីផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាពហើយនោះ ប្រេងដូងក៏ល្អសម្រាប់សម្រស់ផងដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) គួរយកមកប្រើប្រាស់បែបណាទៅមែនទេ? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីវិធីងាយៗប្រើប្រាស់ប្រេងដូងថែសម្រស់ ៖
១. សម្រាប់ជួយឱ្យស្បែកភ្លឺស្រស់ថ្លា
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូង ១ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់កន្លះស្លាបព្រាបាយ និងទឹកឃ្មុំឆៅ ២ស្លាបព្រាកាហ្វេ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខដែលលាងសម្អាតរួចថ្មីៗ។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ ប្រើប្រាស់កន្សែងស្អាតផ្ដិតសម្អាតស្បែកមុខឱ្យស្ងួតជាការស្រេច។
២. សម្រាប់ខាត់ស្បែកមុខសម្អាតបានកាន់តែជ្រៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាបាយជាមួយប្រេងដូង ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកមុខដែលលាងសម្អាតរួចសម្រាប់រយៈពេលពី ២ ទៅ ៣នាទី។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍។
៣. សម្រាប់កម្ចាត់មុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូង ១ស្លាបព្រាបាយជាមួយម្សៅរមៀតមួយចិន និងចេកទុំដែលកិនម៉ដ្ឋចំនួនពាក់កណ្ដាលផ្លែ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខដែលលាងស្អាត។ រងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។
៤. សម្រាប់បន្តឹងស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូងកន្លះស្លាបព្រាបាយជាមួយម្សៅរមៀតកន្លះស្លាបព្រាបាយ និងយ៉ាអួរស្រស់ៗ ១ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកមុខដែលលាងសម្អាតរួច។ រងចាំសម្រាប់រយៈពេល ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍។
៥. សម្រាប់កម្ចាត់ស្នាមជ្រីវជ្រួញ និងរក្សាសំណើមស្បែក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដូង ១ ស្លាបព្រាជាមួយម្សៅរមៀត ១ ចុងស្លាបព្រា។ កូរឱ្យសព្វ សឹមលាបល្បាយលើស្បែកនិងទុកចោលសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតចេញជាមួយទឹកធម្មតា។ រូបមន្តនេះមិនត្រឹមតែជួយកម្ចាត់ស្នាមជ្រីវជ្រួញប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរក្សាសំណើម និងភាពក្មេងជាងវ័យនៃស្បែកផងដែរ៕