ធ្លាប់ដឹងទេថា អ្នកក៏អាចប្រើប្រាស់គ្រឿងផ្សំទាំងនេះធ្វើទឹកខ្ពុរមាត់បែបធម្មជាតិបានដែរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗធ្វើទឹកខ្ពុរមាត់បែបធម្មជាតិ ៖
១. ម្សៅ Baking soda
រូបមន្តទឹកខ្ពុរមាត់ផ្សំឡើងពីម្សៅ Baking soda គឺល្អណាស់សម្រាប់កម្ចាត់ក្លិនខ្យល់ដង្ហើមមិនល្អនិងបាក់តេរីក្នុងមាត់។ អាល់កាឡាំងធម្មជាតិនៃម្សៅ baking soda ជួយបង្កើនកម្រិត pH នៃទឹកមាត់ដែលជួយបន្សាបជាតិអាស៊ីតដែលផលិតដោយបាក់តេរីនៅពេលអ្នកទទួលទានភេសជ្ជៈសូដា ឬកាហ្វេអ៊ីនជាដើម។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda កន្លះស្លាបព្រាកាហ្វេជាមួយទឹកក្ដៅឧណ្ហៗកន្លះកែវ។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយមុន ឬក្រោយពេលដុសសម្អាតធ្មេញ។ អនុវត្តឱ្យបានពី ៣ ទៅ ៤ដងជាប្រចាំ។
២. ប្រេងដូង
មិនត្រឹមតែល្អសម្រាប់អនាម័យមាត់ធ្មេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយបន្សាបជាតិពុលពីក្នុងរាងកាយផងដែរ។ វាអាចជួយកាត់បន្ថយការកកើតឡើងនូវកំណកកំបោរ ទប់ស្កាត់អាការៈនៃជំងឺរលាកអញ្ចាញធ្មេញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែខ្ពុរមាត់ជាមួយទឹកប្រេងដូងសុទ្ធ ១ស្លាបព្រាបាយសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី។ ខ្ជាក់ប្រេងចេញ និងអនុវត្តអនាម័យមាត់ធ្មេញដូចទម្លាប់។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំមុនពេលដុសសម្អាតធ្មេញ។
៣. អំបិល
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយអំបិល កន្លះស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ កន្លះកែវ។ កូរឱ្យសព្វ សឹមខ្ពុរសម្អាតមាត់ជាមួយទឹកល្បាយនេះ។ អនុវត្តឱ្យបានពី ២ ទៅ ៣ដងជាប្រចាំក្រោយទទួលទានអាហារ។
៤. ទឹកប្រទាលកន្ទុយក្រពើស្រស់
តើអ្នកធ្លាប់ដឹងទេថាទឹកប្រទាលកន្ទុយក្រពើអាចប្រើប្រាស់ដើម្បីកម្ចាត់កំណកកំបោរជាប់ធ្មេញបាន? អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបង្កើតទឹកខ្ពុរមាត់ផ្សំចេញពីប្រទាលកន្ទុយក្រពើ។ លើសពីនេះទៅទៀតគ្រាន់តែខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់យ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃក៏អាចព្យាបាលអាការៈឈាមអញ្ចាញផងដែរ។ ប្រទាលកន្ទុយក្រពើមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយឱ្យអញ្ចាញធ្មេញឆាប់ជាសះស្បើយ។
៥. អំបិល និងម្សៅ Baking soda
រូបមន្តនេះក៏សាកសមសម្រាប់អ្នកដែលកំពុងមានបញ្ហាផ្ដាសាយ ឬគ្រុនផ្ដាសាយផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់រែលាយម្សៅ Baking soda កន្លះស្លាបព្រាជាមួយអំបិលកន្លះស្លាបព្រាក្នុងទឹក ១ពែង។ កូរឱ្យសព្វ សឹមខ្ពុរមាត់ជាមួយទឹកល្បាយក្រោយពេលដុសសម្អាតធ្មេញរួច។ កុំភ្លេចខ្ពុរសម្អាតមាត់ម្ដងទៀតជាមួយទឹកធម្មតា៕