បញ្ហាគួរឱ្យព្រួយបារម្ភបំផុតមួយនៃសម្ពាធឈាមឡើងខ្ពស់ គឺវាអាចធ្វើឱ្យអ្នកប្រឈមមុខនឹងជំងឺសាហាវៗជាច្រើន រួមទាំងជំងឺខ្សោយតម្រងនោមដាច់សសៃឈាមខួរក្បាល និងគាំងបេះដូង។ ជាពិសេសយោងតាមការលើកឡើងក្នុងគេហទំព័រនៃមជ្ឈមណ្ឌលគ្រប់គ្រងនិងប្រយុទ្ធប្រឆាំងជំងឺឆ្លងរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថា ស្ថានភាពនៃបញ្ហាបេះដូងដូចជាខ្សោយបេះដូង, ជំងឺសសៃឈាមបេះដូង, ជំងឺសាច់ដុំបេះដូង (cardiomyopathies) និងសម្ពាធឈាមឡើងខ្ពស់ ឬជំងឺលើសឈាម អាចធ្វើឱ្យអ្នកងាយឈឺធ្ងន់បើឆ្លងជំងឺកូវីដ១៩។ ក្រៅពីកត្តាតំណពូជហើយនោះ ជំងឺលើសឈាម ឬបញ្ហាសម្ពាធឈាមឡើងខ្ពស់ក៏អាចបណ្ដាលមកពីរបបអាហារនិងរបៀបរបបនៃការរស់នៅប្រចាំថ្ងៃផងដែរ។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗដើម្បីទប់ស្កាត់ជំងឺលើសឈាម ៖
១. បង្កើនការទទួលទានអាហារសម្បូរជាតិប៉ូតាស្យូម
ប៉ូតាស្យូមអាចជួយបន្ថយឥទ្ធិពលនៃជាតិសូដ្យូមក្នុងប្រព័ន្ធរាងកាយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមបន្ថែមអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមក្នុងរបបអាហារប្រចាំថ្ងៃ។
២. ឧស្សាហ៍ញាំក្រូចថ្លុង
នេះក៏ព្រោះតែក្រូចថ្លុងមានផ្ទុកជាតិប៉ូតាស្យូមដែលជាសារធាតុចិញ្ចឹមសំខាន់ជួយគ្រប់គ្រងសម្ពាធឈាម។ បន្ថែមពីនេះសារធាតុ Hesperidin ដែលមានផ្ទុកនៅក្នុងផ្លែក្រូចថ្លុង គឺជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយដែលមិនត្រឹមតែជួយការពាររាងកាយប្រឆាំងនឹងជំងឺមហារីក ក៏ដូចជាជំងឺគួរឱ្យព្រួយបារម្ភជាច្រើនផ្សេងទៀតប៉ុណ្ណោះទេ ប៉ុន្តែក៏មានឥទ្ធិពលទៅលើមុខងារ និងសកម្មភាពនៃសសៃឈាមតូចៗផងដែរ។ ម្យ៉ាងវិញទៀតក្រូចថ្លុង ក៏ជាប្រភពដ៏ល្អបំផុតមួយនៃវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយពង្រឹងប្រព័ន្ធភាពស៊ាំបានយ៉ាងប្រសើរ។ វីតាមីន C ក៏មានប្រសិទ្ធិភាពទប់ស្កាត់ និងកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាបង្កជាជំងឺគួរឱ្យព្រួយបារម្ភផ្សេងៗ រួមទាំងកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល, ជំងឺសសៃឈាមបេះដូង, បញ្ហាសម្ពាធឈាមឡើងខ្ពស់ និងជំងឺផ្ដាសាយ ឬគ្រុនផ្ដាសាយ។ ដូច្នេះការទទួលទានផ្លែក្រូចថ្លុង ឬទឹកក្រូចថ្លុងស្រស់ទៀងទាត់អាចជួយកាត់បន្ថយហានិភ័យនៃជំងឺសសៃឈាមបេះដូង ក៏ដូចជាបញ្ហាសម្ពាធឈាមបានយ៉ាងប្រសើរ។
៣. រួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃ
កម្រិតនៃកូឡេស្តេរ៉ូល និងសម្ពាធឈាមឡើងខ្ពស់អាចបង្កហានិភ័យគួរអោយព្រួយបារម្ភចំពោះសុខភាពបេះដូង។ ទោះជាយ៉ាងណា អ្នកអាចទប់ស្កាត់បញ្ហានេះតាមរយៈការទទួលទានខ្ទឹមស។ នោះក៏ព្រោះតែខ្ទឹមសជាប្រភពដ៏ប្រសើរនៃសារធាតុ Allicin ដែលជួយគ្រប់គ្រងកម្រិតនៃសម្ពាធឈាម និងកូឡេស្តេរ៉ូល។
៤. កុំភ្លេចញ៊ាំចេកផង
ផ្លែឈើមួយប្រភេទទៀតដែលមានផ្ទុកសម្បូរទៅដោយប៉ូតាស្យូមនោះ គឺផ្លែចេក។ ផ្លែឈើនេះងាយរកបាន ហើយមានតម្លៃថោកសមរម្យថែមទៀត! ដើម្បីចៀសផុតពីបញ្ហាសម្ពាធឈាមឡើងខ្ពស់ ឬប្រសិនបើចង់បញ្ចុះសម្ពាធឈាម ចូរទទួលទានផ្លែចេកឱ្យបានជាប្រចាំ។
៥. គិតគូរដល់វីតាមីនក្នុងរបបអាហារ
វីតាមីនក្រុម B និងវីតាមីន D គឺជាសារធាតុចិញ្ចឹមមួយចំនួនដែលមានឥទ្ធិពលលើការគ្រប់គ្រងសម្ពាធឈាមឡើងខ្ពស់។ យោងតាមការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថាវីតាមីនទាំងនេះ គឺមិនត្រឹមតែមានឥទ្ធិពលគ្រប់គ្រងសម្ពាធឈាមប៉ុណ្ណោះទេ ប៉ុន្តែក៏ទប់ស្កាត់ជំងឺដាច់សសៃឈាមខួរក្បាល និងជំងឺបេះដូងផងដែរ។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមរួមបញ្ចូលអាហារដែលមានផ្ទុកវីតាមីនប្រភេទនេះក្នុងរបបអាហារប្រចាថ្ងៃ។ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យជំនាញ ក្នុងករណីចង់ប្រើប្រាស់ថ្នាំគ្រាប់វីតាមីន។
៦. ទឹកក្រូចឆ្មារក្ដៅឧណ្ហៗ
ក្រូចឆ្មារអាចធ្វើឱ្យសសៃឈាមទន់និងងាយបត់បែនដើម្បីបន្ថយភាពឡើងរឹងដែលជាញឹកញយតែងបណ្ដាលឱ្យសម្ពាធឈាមឡើងខ្ពស់។ វីតាមីន C ក្នុងទឹកក្រូចឆ្មារថែមទាំងអាចបំបាត់ឥទ្ធិពលលើរ៉ាឌីកាល់សេរីក្នុងរាងកាយទៀតផង។ ភេសជ្ជៈនេះក៏ល្អណាស់ដែរសម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយប្រឆាំងជំងឺឆ្លង។ វាក៏ជាប្រភពដ៏ល្អបំផុតមួយនៃជាតិប៉ូតាស្យូមដែលជួយគ្រប់គ្រងសម្ពាធឈាម។ បរិមាណខ្ពស់នៃវីតាមីន C ឬអាស៊ីត ascorbic ក្នុងទឹកក្រូចឆ្មារមានឥទ្ធិពលប្រឆាំងការរលាកដែលជួយទប់ទល់អាការៈនៃជំងឺហឺត ព្រមទាំងរោគសញ្ញាពាក់ព័ន្ធនឹងបញ្ហាប្រព័ន្ធផ្លូវដង្ហើមដទៃទៀតគួរឱ្យកត់សម្គាល់។ វាក៏ជួយក្នុងការស្រូបយកជាតិដែកដែលធ្វើឱ្យមានភាពស៊ាំនឹងជំងឺផ្សេងៗផងដែរ។
៧. កម្រិតការទទួលទានសូដ្យូម ឬអំបិល
ប្រសិនបើអ្នកមានសម្ពាធឈាមឡើងខ្ពស់នោះការកាត់បន្ថយ ឬកម្រិតការទទួលទានអាហារដែលមានផ្ទុកជាតិសូដ្យូម ឬអំបិលខ្ពស់។ នេះក៏ព្រោះតែការទទួលទានប្រៃពេកញឹកញាប់ក៏អាចបណ្ដាលឱ្យកើតជំងឺលើសឈាម ឬបញ្ហាសម្ពាធឈាមឡើងខ្ពស់គួរឱ្យកើតសម្គាល់។
៨. ចាប់ផ្ដើមធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណទៀងទាត់ជាប្រចាំ គឺចាំបាច់ណាស់ដើម្បីរក្សាបាននូវសុខភាពរាងកាយទាំងមូលល្អប្រសើរ ក៏ដូចជាទប់ស្កាត់បាននូវបញ្ហាសម្ពាធឈាមឡើងខ្ពស់។ ហើយការមិនធ្វើលំហាត់ប្រាណសោះនឹងបង្កផលប៉ះពាល់ដល់មុខងាររបស់បេះដូងក្នុងការច្របាច់ឈាមទៅសព្វរាងកាយដែលនាំឱ្យកើតមានបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺលើសឈាម។ នេះមិនមែនមានន័យថាអ្នកចាំបាច់ត្រូវធ្វើលំហាត់ប្រាណខ្លាំងក្លាឡើយ ត្រឹមតែការដើរ ឬឡើងជណ្ដើរក៏ជាលំហាត់ប្រាណល្អប្រសើរដើម្បីទប់ស្កាត់ជំងឺលើសឈាមដែរ។
សម្គាល់៖ ទោះជាយ៉ាងណាសម្រាប់អ្នកជំងឺលើសឈាមមិនគួរបញ្ឈប់ការប្រើប្រាស់ថ្នាំតាមវេជ្ជបញ្ជាត្រឹមត្រូវឡើយ ហើយត្រូវប្រកាន់ខ្ជាប់ឱ្យបាននូវរបបអាហារតឹងរ៊ឹង៕