ឥឡូវកម្ពុជានិងពិភពលោកកំពុងតែញាំញីដោយមេរោគបំប្លែងថ្មីDelta។ ប៉ុន្តមន្ត្រី អង្គការ សុខភាពពិភពលោកបានព្រមានថាមេរោគបំប្លែងថ្មីៗទៀតអាចនឹងកើតចេញមក បន្ថែម លើមេរោគឌែលតានេះហើយអំពាវនាវអោយប្រជាជនកម្ពុជាទាំងអស់ចូលរួមគ្រប់ៗគ្នាក្នុងការប្រឆាំងមេរោគកូវីដ១៩។
ក្នុងសេចក្តរីប្រកាសព័ត៌មានរបស់ខ្លួនចុះថ្ងៃទី៣០ខែកក្កដា អង្គការសុខភាពពិភពលោកបាន និយាយថាមេរោគកូវីដ១៩បំប្លែងថ្មីជាច្រើនទៀតដែលមានសក្តានុពលបង្កការគ្រោះថ្នាក់ខ្លាំងជាងនេះនឹងលេចរូបរាងមកបន្ថែមទៀត បើសិនជាយើងមិនទប់ស្កាត់វីរុសបំប្លែងថ្មីឌែលតា ទេ។
លោកស្រីវេជ្ជបណ្ឌិត លី អាយលែន ( Li Ailan) បាននិយាយថា យើងកំពុងតែប្រណាំង ប្រជែងជាមួយវីរុសបំប្លែងថ្មីទម្រង់ផ្សេងៗទៀតជាច្រើន។ យើងត្រូវតែធ្វើសកម្មភាពនៅថ្ងៃនេះ ហើយយើងត្រូវតែធ្វើសកម្មភាពយ៉ាងឆាប់រហ័សដើម្បីកុំអោយមានការស្តាយក្រោយនៅថ្ងៃស្អែក។
លោកស្រីបាននិយាយថា “ខ្ញុំសូមអំពាវនាវអោយអ្នករាល់គ្នាចាត់វិធានការដែល ត្រូវបាន ណែនាំនិងចាំបាច់នានាដើម្បីការពារខ្លួន ការពារក្រុមគ្រួសារ និង ការពារអ្នកដទៃទៀត ពីការឆ្លងរោគ។ សកម្មភាពរួមរបស់យើងនឹងកំណត់ជោគជ័យឬក៏បរាជ័យ របស់យើងក្នុង ការប្រយុទ្ឋប្រឆាំងជំងឺកូវីដ១៩។ យើងត្រូវតែរួមគ្នានិងធ្វើសកម្មភាពរួមគ្នាដើម្បីជួយ សង្គ្រោះអាយុជីវិត ការពារប្រព័ន្ឋសុខាភិបាល និង កាត់បន្ថយផលប៉ះពាល់ដល់សង្គម”។
មេរោគកូវីដ១៩បំប្លែងថ្មីឌែលតាបានចូលមកដល់សហគមន៍ហើយវាកំពុងតែគំរាមរីករាលខ្លាំងជាងនេះដោយសារតែវាមានលទ្ឋភាពចម្លងខ្លាំងបំផុត បើប្រៀបធៀបនឹងមេរោគបំប្លែង ថ្មីផ្សេងៗ ទៀតកន្លងមក។ ដូច្នេះ ហើយការរួមគ្នាជាធ្លុងមួយរបស់ប្រជាជនកម្ពុជា ទាំងអស់គឺសំខាន់ខ្លាំងណាស់ដើម្បីយកឈ្នះមេរោគដ៏សាហាវនេះ៕