មនុស្សសឹងតែគ្រប់គ្នាចង់បានសក់ស្រស់ស្អាតក្រាស់ទន់រលោងរឹងមាំ ដូច្នេះហើយទើបផលិតផលថែរក្សាសក់ជាច្រើនរួមបញ្ចូលទាំងសាប៊ូកក់សក់ និងក្រែមបន្ទន់ត្រូវបង្កើតឡើង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា តើអ្នកធ្លាប់ដឹងទេថាមានគ្រឿងផ្សំមួយចំនួនអាចបន្ថែមចូលក្នុងសាប៊ូកក់សក់ ដើម្បីបង្កើនប្រសិទ្ធិភាពជួយឱ្យស្រស់មានពន្លឺស្រស់ស្អាត ហើយរឹងមាំ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគ្រឿងផ្សំដែលអ្នកគួរបន្ថែមក្នុងសាប៊ូកក់សក់ដើម្បីបង្កើនសុខភាពសក់ល្អប្រសើរ ៖
១. ទឹកឃ្មុំ
ទឹកឃ្មុំធម្មជាតិ ឬសរីរាង្គអាចជួយឱ្យសក់កាន់តែលូតបានវែងតាមរយៈលក្ខណៈសម្បត្តិប្រឆាំងរោគផ្សិតនិងបាក់តេរីដែលមានផ្ទុក។ សារធាតុប្រឆាំងអុកស៊ីតកម្មក្នុងទឹកឃ្មុំក៏ជួយកម្ចាត់រាល់ពពួកបាក់តេរីដែលបង្កបញ្ហាអង្គែស្បែកក្បាលផងដែរ។ នៅពេលរួមបញ្ចូលជាមួយសាប៊ូកក់សក់វានឹងជួយជម្រុញដល់ការលូតលាស់នៃសក់បានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំឆៅ ១ស្លាបព្រាកាហ្វេជាមួយសាប៊ូកក់សក់កម្រិតស្រាល ២ស្លាបព្រាបាយ។ កូរឱ្យសព្វសឹម សឹមប្រើប្រាស់កក់សម្អាតសក់ដូចពេលធម្មតា។
២. ប្រទាលកន្ទុយក្រពើ
ប្រទាលកន្ទុយក្រពើជួយសម្អាតភាពកខ្វក់ផ្សេងៗចេញពីស្បែកក្បាល និងថែមទាំងកម្ចាត់អង្គែផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ ១ស្លាបព្រាកាហ្វេជាមួយសាប៊ូកក់សក់តាមជម្រើសរបស់អ្នកចំនួន ២ស្លាបព្រាបាយ។ កូរឱ្យសព្វចូលគ្នាសិន សឹមប្រើប្រាស់កក់សម្អាតសក់ដូចពេលធម្មតា។
៣. ប្រេងធម្មជាតិ
ការបន្ថែមប្រេងធម្មជាតិក្នុងសាប៊ូកក់សក់អាចផ្ដល់អត្ថប្រយោជន៍គួរឱ្យកត់សម្គាល់ដល់ការលូតលាស់និងសុខភាពសក់ ព្រមទាំងស្បែកក្បាលរបស់អ្នក។ ទោះជាយ៉ាងណាវាអាស្រ័យលើប្រភេទនៃប្រេងធម្មជាតិដែលអ្នកជ្រើសរើសយកមកប្រើប្រាស់ ដោយមួយចំនួនអាចកម្ចាត់រោគឆ្លងលើស្បែកក្បាលដូចជាចៃនិងអង្គែ ខណៈដែលខ្លះទៀតអាចពង្រឹងភាពរឹងមាំនៃសក់ដូច្នេះសក់នឹងប្រែជាភ្លឺទន់រលោង។ ប្រេងធម្មជាតិដូចជា ប្រេងអូលីវ អាចទប់ស្កាត់បញ្ហាសក់ស្កូវមុនវ័យ និងជម្រុញការលូតលាស់នៃសក់ផងដែរ។ អ្នកអាចចាក់សាប៊ូកក់សក់ ១ ពែងក្នុងដបទទេរស្អាតមួយ។ សម្រាប់អ្នកដែលមានសក់ធម្មតា ចូរបន្ថែមប្រេងអូលីវ ២ ស្លាបព្រាបាយ។ ខណៈដែលអ្នកមានសក់ប្រេង បន្ថែមប្រេងអូលីវតែ ១ ស្លាបព្រាបាយបានហើយ។ ចំពោះអ្នកដែលមានសក់ស្ងួតវិញ ចូរប្រើប្រាស់ប្រេងចំនួន ១ ភាគ ៤ នៃពែង។ បិទគម្របដប រួមចាប់ផ្ដើមក្រឡុកល្បាយ។ នៅមុនពេលប្រើ អ្នកត្រូវក្រឡុកដបសាប៊ូថ្នមៗសិន។ ប្រើប្រាស់ល្បាយសាប៊ូនេះដូចនឹងសាប៊ូកក់សក់ធម្មតារបស់អ្នក។
៤. ទឹកក្រូចឆ្មារស្រស់
អ្នកគួរសាកល្បងលាយទឹកក្រូចឆ្មារស្រស់ជាមួយសាប៊ូកក់សក់ប្រសិនបើអ្នកចង់ឱ្យសក់ឆាប់លូតបានកាន់តែវែង។ នេះក៏ព្រោះតែក្រូចឆ្មារមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីនិងរោគផ្សិត។ អាស៊ីតស៊ីទ្រិកក្នុងទឹកក្រូចឆ្មារស្រស់ ក៏ដូចជាវីតាមីន C ថែមទាំងជួយសម្អាតស្បែកក្បាលកម្ចាត់រាល់ភាពកខ្វក់ទៀតផង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់កន្លះស្លាបព្រាកាហ្វេជាមួយសាប៊ូធម្មជាតិ ២ស្លាបព្រាបាយឱ្យសព្វចូលគ្នា។ ប្រើប្រាស់កក់សម្អាតសក់ដូចពេលធម្មតាដោយម៉ាស្សាថ្នមៗសម្រាប់រយៈពេលប៉ុន្មាននាទីសិន សឹមលាងសម្អាតចេញ។
៥. ស្ករស
ការបន្ថែមស្ករសក្នុងសាប៊ូកក់សក់ជារូបមន្តដ៏មានឥទ្ធិពលបំផុតមួយជួយសម្អាតសក់ និងស្បែកក្បាល។ ត្រឹម ១ ស្លាបព្រាកាហ្វេនៃស្ករសក្នុងសាប៊ូកក់សក់អាចខាត់ស្បែកក្បាល និងផ្ដល់ឱ្យសក់នូវភាពជ្រះស្អាតមានពន្លឺ។ ស្ករសក៏ជួយកម្ចាត់កោសិកាងាប់ៗចេញពីស្បែកក្បាលផងដែរ។ ក្រោយប្រើសាប៊ូលាយស្ករស អ្នកគួរប្រើប្រាស់ក្រែមបន្ទន់សក់ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ៕