ទោះបីជាស្គាល់ និងឧស្សាហ៍ទទួលទានទឹកឃ្មុំ ប៉ុន្តែភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា វាអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសម្រស់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទឹកឃ្មុំជួយអ្វីខ្លះដល់សម្រស់? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗប្រើប្រាស់ទឹកឃ្មុំដោះស្រាយបញ្ហាសម្រស់ ៖
១. កម្ចាត់ស្នាមជាំ និងស្នាមមុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាទឹកឃ្មុំបន្តិចលើតំបន់ស្បែកដែលមានបញ្ហា និងរងចាំសម្រាប់រយៈពេលពី ១០ ទៅ ១៥នាទី ឬរយៈពេកពេញមួយយបើសឹមលាងសម្អាតចេញជាការស្រេច។
២. ជួយឱ្យស្បែកភ្លឺរលោង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ភាគជាមួយទឹកឃ្មុំ ១ភាគឱ្យសព្វចូលគ្នា។ ជាបន្តត្រូវលាបម៉ាស្សាល្បាយលើស្បែកមុខ និងក ហើយទុកចោលបែបនេះសម្រាប់រយៈពេលពេញមួយយប់សិន សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់។
៣. កម្ចាត់មុន
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅឈើអែមពី ៣ ទៅ ៤ស្លាបព្រាបាយជាមួយទឹកឃ្មុំឱ្យក្លាយជាល្បាយរាងរាវ។ បន្ទាប់មកសឹមលាបម៉ាស្សាលើស្បែកដែលមានបញ្ហា និងទុកចោលសម្រាប់រយៈពេលពេញមួយយប់ រួចលាងសម្អាតចេញនៅព្រឹកបន្ទាប់។
៤. កម្ចាត់មុនក្បាលខ្មៅ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកឃ្មុំជាមួយក្រូចឆ្មារបន្តិច រួចលាបលើតំបន់ស្បែកដែលមានបញ្ហាមុនក្បាលខ្មៅ។ ទុកចោលសម្រាប់រយៈពេលពេញមួយយប់ សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់។
៥. ព្យាបាលស្នាមសំលាក
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំបន្តិចដោយផ្ទាល់ទៅលើស្នាមសំលាក និងរងចាំសម្រាប់រយៈពេលពេញមួយយប់ សឹមលាងសម្អាតចេញនៅព្រឹកបន្ទាប់ជាការស្រេច។
ចំណាំ៖ ចូរជ្រើសរើសប្រើប្រាស់ទឹកឃ្មុំសុទ្ធសរីរាង្គដែលមានគុណភាពខ្ពស់ទើបប្រសើរ៕