របបអាហារជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពរាងកាយ ព្រមទាំងសម្រស់ ជាពិសេសបញ្ហាមុន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រសិនបើចង់កម្ចាត់មុនឱ្យអស់ពីស្បែកគួរធ្វើបែបណា? មិនពិបាកឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរបបអាហារដែលអ្នកគួរប្រកាន់ខ្ជាប់បើចង់កម្ចាត់មុន ៖
- អាហារចាំបាច់គួរទទួលទាន
១. របបអាហារមានតុល្យភាព
ស្ថានភាពនៃសុខភាពរាងកាយ ព្រមទាំងស្បែក គឺឆ្លុះបញ្ចាំងពីអ្វីដែលអ្នកបានទទួលទានជាប្រចាំ។ មួយក្នុងចំណោមគន្លឹះដ៏ងាយបំផុតដើម្បីកម្ចាត់ ឬទប់ស្កាត់ការកើតមុន គឺការរក្សាឱ្យបាននូវរបបអាហារសុខភាពល្អនិងមានតុល្យភាពដែលសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ព្រមជាមួយសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់។
២. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ
ការរក្សាជាតិឱ្យបានច្រើនគ្រប់គ្រាន់ក្នុងរាងកាយ គឺមិនត្រឹមតែល្អសម្រាប់សុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ចាំបាច់សម្រាប់ស្បែកទប់ស្កាត់ការកើតមុនផងដែរ។
៣. អាហារមានផ្ទុកសារធាតុប្រូបាយអូទិក
ប្រសិនបើអ្នកចង់ប្រឆាំងនឹងរោគមុន នោះអ្នកចាំបាច់គួរព្យាយាមរក្សាឱ្យបាននូវសុខភាពប្រព័ន្ធរំលាយអាហារល្អប្រសើរ។ ហើយវិធីដ៏ងាយបំផុតមួយដើម្បីរក្សាសុខភាពប្រព័ន្ធរំលាយអាហារនោះ គឺការទទួលទានអាហារមានផ្ទុកសារធាតុប្រូបាយអូទិកដែលជួយគ្រប់គ្រងបាក់តេរីក្នុងពោះវៀន។ ម្យ៉ាងវិញទៀតប្រសិនបើប្រព័ន្ធរំលាយអាហារដំណើរការមុខងារបានត្រឹមត្រូវនោះវានឹងអាចមានសមត្ថភាពពេញលេញក្នុងការបំបែករាល់ចំណីអាហារដែលអ្នកទទួលទាន។ ជាលទ្ធផលរាងកាយអាចស្រូបយកសារធាតុចិញ្ចឹមពីក្នុងអាហារបានកាន់តែប្រសើរ។
៤. បន្លែបៃតង
ជាប្រភពដ៏ប្រសើរនៃសារធាតុប្រឆាំងអុកស៊ីតកម្មអាចប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីដែលបង្កការបំផ្លាញដល់ស្បែកនិងនាំឱ្យកើតមុន។ អ្នកក៏គួរព្យាយាមរួមបញ្ចូលបន្លែប្រភេទ cruciferous រួមមានផ្កាខាត់ណា, ប្រូខូលី ឬផ្កាខាត់ណាខៀវ និងស្ពៃក្ដោបជាដើមក្នុងរបបអាហារប្រចាំថ្ងៃផង ខណៈដែលវាមានផ្ទុកសម្បូរទៅដោយជាតិសសៃ និងសារធាតុចិញ្ចឹមដែលរាងកាយត្រូវការចាំបាច់សម្រាប់រក្សាបាននូវស្បែកភ្លឺរលោងមានសុខភាពល្អ។
៥. ត្រី
ជាប្រភពដ៏ល្អបំផុតនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលមិនត្រឹមតែជួយការពារសុខភាពបេះដូងប៉ុណ្ណោះទេ ប៉ុន្តែក៏ទប់ស្កាត់ការឡើងមុនលើស្បែកផងដែរ។
- អាហារគួរចៀសវាង ឬកម្រិតការទទួលទាន
១. អាហារកែច្នៃ
អាហារកែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ អាហារប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានអាហារកែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។
២. អាហារធ្វើឡើងពីទឹកដោះគោ
ទឹកដោះគោស្រស់មានផ្ទុកអ័រម៉ូនលូតលាស់ដែលធ្វើឱ្យក្រពេញខ្លាញ់កាន់តែសកម្ម ជាលទ្ធផលស្បែករបស់អ្នកនឹងឡើងខ្លាញ់ច្រើនដែលងាយកើតមុន។ លើសពីនេះទៅទៀត ទឹកដោះគោគុណភាពទាបដែលមានប្រភពពីគោដែលត្រូវបានចិញ្ចឹមឱ្យស៊ីពោត និងសណ្ដែកសៀង មិនមែនស្មៅឡើយ គឺសម្បូរណាស់ ហើយប្រសិនបើអ្នកទទួលទានចំទឹកដោះគោគ្មានគុណភាពច្រើនអ្នកប្រាកដជាងាយនឹងជួបប្រទះបញ្ហានៃរោគមុន។ ហើយចំពោះអ្នកចាញ់ឡាក់តូសវិញ ប្រសិនបើទទួលទានទឹកដោះគោក៏អាចនឹងជួបប្រទះបញ្ហាស្បែកជាច្រើនដូចជា រោគមុន និងជំងឺសើស្បែកត្រអក។
៣. អាហារផ្អែមៗ ឬមានផ្ទុកជាតិស្ករខ្ពស់
អ្នកចាំបាច់គួរកម្រិត ឬចៀសវាងអាហារដែលមានផ្ទុកជាតិស្ករខ្ពស់ប្រសិនបើមិនចង់ឡើងមុនពេញលើស្បែក។ នេះក៏ព្រោះតែជាតិស្ករអាចបង្កការរលាកក្នុងរាងកាយ ព្រមទាំងជះឥទ្ធិពលលើការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាមដែលមានប៉ះពាល់លើសុខភាពស្បែក។
៤. អាហារបំពង ឬចៀន
អាហារប្រភេទនេះភាគច្រើនមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់មិនល្អដែលបង្កបញ្ហាមុនបានយ៉ាងាយលើស្បែក។ ជាតិខ្លាញ់ ក៏ដូចជាជាតិប្រេងក្នុងអាហារបំពងកែច្នៃអាចធ្វើឱ្យស្បែកគ្មានសុខភាពល្អនិងថែមទាំងប្រមូលផ្ដុំខ្លាញ់ហួសប្រមាណទៀតផង៕