សុនខកម្ពុជាបានជោគជ័យនៅក្នុងការហាត់ហិតក្លិនរកមេរោគកូវីដ១៩កាលពីថ្ងៃទី២ខែសីហា។ នេះគឺជាដំណឹងដ៏ល្អមួយដែលប្រកាសដោយមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុុជាដែលហៅកាត់ថា ស៊ីម៉ាក់ CMAC។
តាមរយះហ្វេសប៊ុករបស់ខ្លួន CMAC បានអោយដឹងថា ក្រោយពីបាន ទទួលសំណាកក្លិន(VOC) អ្នកជំងឺកូវីដ១៩ចំនួន៤៨សំណាក ពីក្រុមការងារបច្ចេកទេស នៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលសំណាកទាំង៤៨បានឆ្លងកាត់ត្រួតពិនិត្យPCRនិងការបណ្តុះមេរោគ (cell culture)ដើម្បីធានាសុវត្ថិភាព សំណាកក្នុងការបំរើការងារហ្វឹកហ្វឺន ក្រុមជំនាញសុនខសុីម៉ាក់បានដំណើរការហ្វឹកហ្វឺនសុនខហិតក្លិនអ្នកផ្ទុកវីរុសកូវីដ១៩នេះតាមផែនការ។
អង្គការស៊ីម៉ាក់បាននិយាយថាសូមអបអរសាទរចំពោះសុនខក្រុមទី១ចំនួន៣ក្បាលដែលបានហិតរកឃេីញក្លិនសំណាកនៃអ្នកជំងឺកូវីដ១៩ ប្រកបដោយជោគជ័យក្នុងដំណាក់កាលហ្វឹកហ្វឺនស្រាវជ្រាវបឋមនេះ។ រីឯសុនខក្រុមទី២ចំនួន៧ក្បាលទៀត កំពុងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់។ ជាលក្ខណ:បច្ចេកទេសសុនខអាចហិតរកឃើញក្លិនសំណាកក្នុងរយ:ពេលប្រមាណតែ១០-១៥វិនាទី។
ការប្រើប្រាស់សុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩មានប្រសិទ្ធភាពសំរាប់ហ្វូងមនុស្សប្រមូលផ្តុំច្រេីនដូចជាព្រលានយន្តហោះ ច្រកទ្វារអន្តរជាតិ និងពហុកីឡាដ្ឋានជាដើម។
ការសិក្សាស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ ជាគំនិតផ្តួចផ្តើមរបស់សម្តេចតេជោ ក្នុងការរិះរកគ្រប់មធ្យោបាយនិងលទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩។
យើងខ្ញុំទាំងអស់គ្នាពិតជាមានមោទនភាពចំពោះលទ្ធផលនៃការសិក្សាស្រាវជ្រាវនេះ និងមានក្តីសង្ឃឹមជឿជាក់ ថានឹងឆ្លើយតបតាមការរំពឹងទុក។ ជាមួយនេះដែរផ្អែកតាមអ្នកជំនាញ ឱ្យបានដឹងថា មិនទាន់មានភស្តុតាងផ្លូវការណាមួយបញ្ជាក់ថាមានការឆ្លងវីរុសកូវីដ១៩ពីមនុស្សទៅសុនខឡើយ។
សុំបញ្ជាក់ថា សុនខទាំងនេះកើតកម្ពុជានិងបានបង្វឹកដោយគ្រូជំនាញសុនខកម្ពុជា! សូមអរគុណផងដែរចំពោះក្រុមការងារបច្ចេកទេសនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដែលបានផ្តល់កិច្ចសហការនិងចូលរួមយ៉ាងសកម្មក្នុងការងារសិក្សាស្រាវជ្រាវនេះ។