ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាជំងឺផ្លូវចិត្តដូចជា Depression អាចជះផលប៉ះពាល់អ្វីខ្លះចំពោះសុខភាពរាងកាយ ហើយបង្កជាជំងឺធ្ងន់ធ្ងរផ្សេងទៀត? ដូច្នេះថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីឥទ្ធិពលនៃជំងឺធ្លាក់ទឹកចិត្តលើសុខភាពរាងកាយ ៖
១. បញ្ហាទាក់ទងនឹងមុខងារនៃតម្រងនោម
ជំងឺធ្លាក់ទឹកចិត្តជះឥទ្ធិពលទាំងចំពោះអ្នកដែលមានជំងឺតម្រងនោមរ៉ាំរ៉ៃ និងអ្នកដែលមិនទាន់ជួបប្រទះបញ្ហាជំងឺនេះ។ វាក៏បង្កើនហានិភ័យនៃជំងឺតម្រងនោមផងដែរ។
២. បញ្ហាពាក់ព័ន្ធនឹងក្រពះពោះវៀន
ខួរក្បាលរបស់ពួកយើង គឺមានទំនាក់ទំនងយ៉ាងជិតស្និតនឹងក្រពះពោះវៀន។ វាងាយនឹងទទួលរងឥទ្ធិពលដែលអាចបង្កបញ្ហាមិនស្រួលផងដែរ។ ជំងឺធ្លាក់ទឹកចិត្តអាចជះឥទ្ធិពលលើការកន្ត្រាក់និងធ្វើចលនានៃក្រពះពោះវៀន។ ហើយសម្រាប់អ្នកដែលមានបញ្ហាទាក់ទងនឹងក្រពះពោះវៀនស្រាប់ប្រាកដជាជួបប្រទះអាការៈកាន់តែឈឺចាប់ក្នុងពោះ។
៣. ជំងឺទឹកនោមផ្អែម
ជំងឺធ្លាក់ទឹកចិត្តបង្កើនកម្រិតនៃអ័រម៉ូនស្ត្រេសក្នុងរាងកាយដែលជះឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាម ព្រមទាំងភាពធន់នៃអាំងស៊ុយលីន។ វាមានទំនាក់ទំនងផ្សារភ្ជាប់គ្នាដែលមានន័យថាអ្នកជំងឺទឹកនោមផ្អែមងាយនឹងទទួលរងបញ្ហាធ្លាក់ទឹកចិត្តណាស់។
៤. ហានិភ័យនៃជំងឺបេះដូង
អ្នកដែលទទួលរងបញ្ហានៃជំងឺធ្លាក់ទឹកចិត្តច្រើនតែមានសម្ពាធឈាមឡើងខ្ពស់ ព្រមជាមួយអត្រានៃចង្វាក់បេះដូងកើនឡើងខុសធម្មតាផងដែរ។ ហើយនេះជាមូលហេតុដែលបង្កើនហានិភ័យនៃជំងឺបេះដូង។ អ័រម៉ូនស្ត្រេសដែលកើនឡើងនៅពេលអ្នកមានបញ្ហាធ្លាក់ទឹកចិត្តក៏ជះឥទ្ធិពលគួរឱ្យកត់សម្គាល់លើសុខភាពបេះដូងផងដែរ។
៥. បញ្ហាជាមួយសសៃឈាម
បញ្ហានេះអាចបង្កគ្រោះថ្នាក់ខ្លាំងណាស់ចំពោះសុខភាពបេះដូង។ សម្ពាធឈាមឡើងខ្ពស់កាត់បន្ថយលំហូរឈាមនៅក្នុងសសៃឈាម។ ជាលទ្ធផលសសៃឈាមអាចនឹងរួមតូចហើយប្រែជាផុយស្រួយដែលងាយទទួលរងការខូចខាត។ នៅពេលសសៃឈាមខូចខាត នោះសារធាតុចិញ្ចឹមនិងអុកស៊ីសែនមិនត្រូវបានដឹកជញ្ជូនច្រើនគ្រប់គ្រាន់ទៅកាន់កោសិកានិងជាលិកាក្នុងរាងកាយឡើយ។
៦. ឈឺខ្នង
ជំងឺធ្លាក់ទឹកចិត្តក៏អាចជាមូលហេតុមួយដែលអាចបង្កអាការៈឈឺខ្នងរ៉ាំរ៉ៃផងដែរ។ នេះក៏ព្រោះតែជំងឺផ្លូវចិត្តនេះអាចបង្កការរលាកក្នុងរាងកាយ។
៧. បញ្ហាពាក់ព័ន្ធការចងចាំ និងអាការៈឈឺក្បាល
ជំងឺធ្លាក់ទឹកចិត្តអាចបង្កបញ្ហាបាត់បង់ការចងចាំរយៈពេលខ្លី និងភន្តភាំង។ ស្ថានភាពនេះធ្វើឱ្យអ្នកកាន់តែឆាប់ភ្លេច, ភ្លេចច្រើន ហើយពិបាកនឹងប្រមូលផ្ដុំអារម្មណ៍។ វាក៏អាចនាំឱ្យអ្នកជួបប្រទះអាការៈឈឺក្បាលរ៉ាំរ៉ៃ ឬហៅថា “tension headache” ផងដែរ។
៨. ជំងឺរលាកសន្លាក់
មូលហេតុចម្បងនោះ គឺជំងឺធ្លាក់ទឹកចិត្តបង្កការរលាកក្នុងរាងកាយដែលជាកត្តាបង្កើនហានិភ័យនៃបញ្ហាសន្លាក់។
កំណត់ចំណាំ ៖ អារម្មណ៍មិនល្អអាចកើតមានឡើងចំពោះអ្នកគ្រប់គ្នា ហើយវាក៏មិនមែនតែងតែជាជំងឺផ្លូវចិត្តឡើយ។ ប៉ុន្តែប្រសិនបើអ្នកជួបប្រទះរោគសញ្ញា ឬអាការៈជាច្រើននៃជំងឺធ្លាក់ទឹកចិត្តហើយនោះ ចូរប្រញាប់រកជំនួយពីគ្រូពេទ្យជំនាញទើបប្រសើរ៕