របបអាហារសុខភាពល្អ គឺចាំបាច់ណាស់សម្រាប់គ្រប់គ្នា។ ប៉ុន្តែវាកាន់តែសំខាន់ថែមមួយកម្រិតទៀតចំពោះអ្នកជំងឺទឹកនោមផ្អែម។ របបអាហារល្អមួយអាចជួយគ្រប់គ្រងទម្ងន់និងជាតិស្ករបានយ៉ាងប្រសើរ។ បរិមាណនៃកាបូអ៊ីដ្រាតក្នុងអាហារអាចជះឥទ្ធិពលលើកម្រិតនៃជាតិស្ករក្នុងឈាម។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផ្លែឈើមួយចំនួនដែលល្អបំផុតសម្រាប់អ្នកជំងឺទឹកនោមផ្អែម ៖
១. ផ្លែគីវី
មានផ្ទុកសម្បូរទៅដោយជាតិសសៃ និងវីតាមីន C ដែលការទទួលទានផ្លែឈើនេះជាអាហារសម្រន់អាចជួយអ្នកឱ្យទទួលបានកម្រិតជាតិស្ករដែលមានសុខភាពល្អរួមជាមួយសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀត។
២. ផ្លែសេរ៊ី
មិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ប៉ុន្តែផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹម ជាតិទឹក ជាតិសសៃ និងសន្ទស្សន៍គ្លីសេមិចទាបដែលល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែមដោយមិនធ្វើឱ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់លឿន។
៣. ផ្លែក្រូច
មិនត្រឹមតែមានផ្ទុកសន្ទស្សន៍គ្លីសេមិចទាបប៉ុណ្ណោះទេ ប៉ុន្តែផ្លែឈើនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ flavanones, flavonols និងអាស៊ីត phenolic ដ៏មានឥទ្ធិពលជួយក្នុងការទប់ស្កាត់កម្រិតជាតិស្ករក្នុងឈាមមិនឱ្យឡើងខ្ពស់ខុសប្រក្រតី។ ក្រូចមិនត្រឹមតែពន្យឺតការរំលាយជាតិស្ករប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងការដឹកជញ្ជូនគ្លុយកូសតាមរយៈថ្លើម និងពោះវៀនផងដែរ។
៤. ផ្លែឈើរី
ផ្លែឈើនេះមានផ្ទុកសម្បូរទៅដោយលក្ខណៈសម្បត្តិប្រឆាំងការរលាក, វីតាមីន C, ប៉ូតាស្យូម និងជាតិសសៃដែលផ្ដល់អត្ថប្រយោជន៍ណាស់សម្រាប់អ្នកជំងឺទឹកនោមផ្អែម។ ទោះជាយ៉ាងណាត្រូវជ្រើសរើសទទួលទានផ្លែឈើរីស្រស់ៗទើបប្រសើរ និងមិនត្រូវទទួលទានច្រើនពេកឡើយ។
៥. ផ្លែត្របែក
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិសសៃ dietary ដែលជួយព្យាបាលនិងទប់ស្កាត់អាការៈទល់លាមកដែលតែងកើតមានចំពោះអ្នកជំងឺទឹកនោមផ្អែម។ជាតិសសៃ dietary ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ គួរឱ្យកត់សម្គាល់។ ត្របែកមានផ្ទុកសម្បូរទៅដោយវីតាមីន A និងវីតាមីន C ផងដែរ។
៦. ផ្លែប្ល៊ូបឺរី
មានផ្ទុកជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមនិងរក្សាកម្រិតត្រឹមត្រូវនៃជាតិស្ករក្នុងឈាម។
៧. ផ្លែស្រកានាគ
ជាជម្រើសល្អមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយវាមានផ្ទុកបរិមាណនៃជាតិសសៃខ្ពស់ដែលជួយកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម។ សន្ទស្សន៍គ្លីសេមិចទាប គឺជាចំណុចដ៏អស្ចារ្យមួយទៀតនៃផ្លែស្រកានាគដើម្បីគ្រប់គ្រងជំងឺទឹកនោមផ្អែម៕