ល្មុត គឺជាផ្លែឈើមួយប្រភេទដែលមានរសជាតិផ្អែមឈ្ងុយនៅពេលទុំ និងសម្បូរណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ប៉ុន្តែទោះបីជាភាគច្រើននៃពួកយើងសុទ្ធតែស្គាល់ ឬចូលចិត្តទទួលទានផ្លែឈើមួយនេះយ៉ាងណាក៏ដោយ ក៏ប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា វាអាចផ្ដល់អត្ថប្រយោជន៍ល្អៗគួរឲ្យភ្ញាក់ផ្អើលចំពោះសុខភាពបាន។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលវិជ្ជមានដ៏ប្រសើរនៃការទទួលទានផ្លែល្មុតចំពោះសុខភាព ៖
១. ថ្នាំរងាប់អារម្មណ៍បែបធម្មជាតិ
ល្មុត គឺជាថ្នាំបែបធម្មជាតិមួយប្រភេទដែលជួយរំងាប់អារម្មណ៍ ដោយមានប្រសិទ្ធិភាពកាត់បន្ថយ ក៏ដូចជាបំបាត់បញ្ហានៃភាពស្ត្រេសតានតឹង និងសម្រួលដល់សសៃប្រសាទ។ ជាញឹកញយ អ្នកដែលមានជំងឺគេងមិនលក់ និងឆាប់ភ័យស្លុត ត្រូវបានណែនាំឲ្យធ្វើការដាក់បញ្ចូលផ្លែល្មុតក្នុងរបបអាហារប្រចាំថ្ងៃ ក៏ព្រោះល្មុត គឺហាក់ដូចជាថ្នាំប្រឆាំងនឹងជំងឺផ្លូវចិត្តអញ្ចឹង។
២. ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែចាំបាច់
ល្មុតទុំស្រស់ គឺជាប្រភពដ៏ប្រសើរនៃជាតិរ៉ែចាំបាច់ដូចជា ជាតិទង់ដែង, ប៉ូតាស្យូម និងជាតិដែក។ វាក៏មានផ្ទុកនូវវីតាមីន niacin រួមទាំងអាស៊ីតល្អ folate និង pantothenic ផងដែរ។ សមាសធាតុទាំងនេះ គឺចាំបាច់ណាស់សម្រាប់រក្សាសុខភាពរាងកាយរឹងមាំ និងជួយសម្រួលដល់ដំណើរនៃការរំលាយអាហារ។
៣. ជាប្រភពដ៏ល្អនៃជាតិសសៃ Dietary Fiber
ល្មុត ក៏ជាប្រភពនៃជាតិសសៃ Dietary Fiber ផងដែរ។ ជាតិសសៃនេះជួយបំបាត់អាការៈទល់លាមក, ពិបាកក្នុងការរំលាយអាហារ និងទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺមហារីកពោះវៀនធំ។
៤. ផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម
ផ្លែល្មុត គឺផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម Tannins ដែលុមានប្រសិទ្ធិភាពជួយកម្ចាត់ប្រយុទ្ធប្រឆាំងនឹងបាក់តេរី, វីរុស, ប៉ារ៉ាស៊ីត ក៏ដូចជាផលប៉ះពាល់នៃការរលាកក្នុងរាងកាយដែលបង្កបញ្ហាសុខភាពមួយចំនួនដូចជា ជំងឺច្រាលទឹកអាស៊ីតក្រពះ, ជំងឺរលាកក្រពះពោះវៀនផងដែរ។
៥. ផ្ដល់ថាមពលបន្ថែម
ល្មុត មានផ្ទុកនូវជាតិស្ករធម្មជាតិដូចជា sucrose និង fructose ដែលជួយស្ដារ ក៏ដូចជាបង្កើនថាមពលក្នុងរាងកាយឡើងវិញភ្លាមៗតាមបែបធម្មជាតិ។
៦. ប្រភពនៃវីតាមីនចាំបាច់
ផ្លែល្មុត មានផ្ទុកនូវវីតាមីនល្អៗចាំបាច់សម្រាប់រាងកាយដូចជា វីតាមីន A និង C។ វីតាមីន A គឺចាំបាច់សម្រាប់រក្សាសុខភាពភ្នែកឲ្យមើលឃើញបានកាន់តែច្បាស់ ហើយជៀសឆ្ងាញពីបញ្ហានៃជំងឺភ្នែកផ្សេងៗ។ ការទទួលទានផ្លែឈើធម្មជាតិដែលមានផ្ទុកសម្បូរទៅដោយវីតាមីន A ក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺមហារីកសួត និងជំងឺមាត់ធ្មេញ គួរឲ្យកត់សម្គាល់។ ចំណែកឯវីតាមីន C វិញ ជាវីតាមីនដែលចាំបាច់សម្រាប់សុខភាពស្បែក និងភ្នាសទឹករំអិលល្អប្រសើរ រួមទាំងជួយទប់ស្កាត់ការឆ្លងមេរោគ និងកម្ចាត់រ៉ាឌីកាល់សេរីដែលបង្កគ្រោះថ្នាក់ចំពោះកោសិកាចេញពីរាងកាយផងដែរ៕