របបអាហារមានឥទ្ធិពលគួរឱ្យកត់សម្គាល់លើទម្ងន់រាងកាយ ក៏ដូចជាទំហំនៃចង្កេះ។ ថាតើបើចង់បានចង្កេះស្លីមគួរញ៊ាំអាហារអ្វីខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារដែលជួួកម្ចាត់ខ្លាញ់ក្បាលពោះយ៉ាងឆាប់រហ័ស ៖
១. ផ្លែឈើ
ជាប្រភពដ៏ប្រសើរនៃវីតាមីន, ជាតិរ៉ែ, ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ជាតិសសៃជួយសម្រួលការរំលាយអាហារបង្កើនបរិមាណនៃបាក់តេរីល្អៗក្នុងពោះវៀន, ធ្វើឱ្យការដុតរំលាយអាហារក្នុងរាងកាយ និងជួយបញ្ចុះសម្ពាធឈាម។ ផ្លែឈើប្រភេទ Citrus រួមមានផ្លែក្រូច, ក្រូចឆ្មារ និងផ្លែគីវីជាដើមមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងលក្ខណៈសម្បត្តិប្រឆាំងមេរោគដែលល្អសម្រាប់ការដុតបំផ្លាញជាតិខ្លាញ់ផងដែរ។ ផ្លែប៉ោម, ឪឡឹក, ទំពាំងបាយជូរ និងស្ត្របឺរីក៏ជាផ្លែឈើដែលមានលក្ខណៈសម្បត្តិដុតបំផ្លាញជាតិខ្លាញ់ផងដែរ។ ទោះជាយ៉ាងណាត្រូវប្រាកដថាអ្នកមិនទទួលទានផ្លែឈើណាមួយច្រើនលើសកម្រិតពេក។
២. ត្រី
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីននិងអាស៊ីតខ្លាញ់អូមេហ្កា ៣។ ប្រូតេអ៊ីនជួយដល់ការលូតលាស់នៃសាច់ដុំ ខណៈដែលអាស៊ីតខ្លាញ់អូមេហ្កា ៣ ជួយកាត់បន្ថយការរលាកក្នុងរាងកាយ និងបង្កើតអត្រានៃការដុតរំលាយអាហារ។ ម្យ៉ាងវិញទៀតការរលាកក្នុងរាងកាយកាន់តែទាបប៉ុណ្ណា នោះឱកាសនៃការឡើងគីឡូដោយសារភាពស្ត្រេស និងការរលាកក្នុងរាងកាយ គឺកាន់តែទាបប៉ុននោះដែរ។
៣. គ្រាប់អាល់ម៉ុន
អាចជួយឱ្យឆ្អែតបានយូរតាមរយៈជាតិខ្លាញ៉សុខភាពល្អនិងប្រូតេអ៊ីនដែលវាមានផ្ទុក។ គ្រាប់ធញ្ញជាតិនេះក៏ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមល្អសម្រាប់អ្នកចង់ស្រកទម្ងន់ផងដែរ។ វាក៏ជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ ដែលជួយបង្កើនថាមពលនិងការដុតរំលាយអាហារក្នុងរាងកាយ។
៤. សណ្ដែក
មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីន, ជាតិសសៃ, វីតាមីន និងជាតិរ៉ែ។ ការរួមបញ្ចូលសណ្ដែកក្នុងរបបអាហារប្រចាំថ្ងៃអាចជួយទប់ស្កាត់ការឃ្លានខ្លាំង ហើយអ្នកនឹងមិនទទួលទានច្រើនលើសឡើយ។ សណ្ដែកក៏ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីនដែលល្អសម្រាប់អ្នកតមសាច់ផងដែរ។
៥. ស្ពៃពួយឡេងនិងបន្លែបៃតងដទៃទៀត
បន្លែបៃតង ការ៉ុត ប្រូខូលី ឬផ្កាខាត់ណាខៀវ គឺជាប្រភពដ៏ប្រសើរនៃវីតាមីន, ជាតិរ៉ែ, ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ បន្លែទាំងនេះអាចជួយកាត់បន្ថយជាតិខ្លាញ់ក្បាលពោះតាមរយៈការធ្វើឱ្យអ្នកឆាប់ឆ្អែត, ឆ្អែតបានយូរ, កាត់បន្ថយការរលាកក្នុងរាងកាយ និងសម្រួលការរំលាយអាហារ។
៦. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
ផលិតផលអាហារផ្សំឡើងពីដោះគោមានជាតិខ្លាញ់ពេញលេញអាចជួយឱ្យអ្នកឆ្អែតបានយូរ។ ជាលទ្ធផលអ្នកមិនទទួលទានច្រើនលើស ហើយអាចស្រកគីឡូបានខ្លះ។ ផលិតផលអាហារផ្សំឡើងពីទឹកដោះគោមានជាតិខ្លាញ់ពេញក៏មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមផងដែរ។
៧. ប្រេងអូលីវសុទ្ធ
ការចម្អិនអាហារដោយប្រើប្រេងអូលីវ គឺមិនត្រឹមតែល្អសម្រាប់អ្នកដែលចង់ស្រកទម្ងន់ប៉ុណ្ណោះទេ ប៉ុន្តែប្រេងអូលីវសុទ្ធក៏ប្រសើរសម្រាប់សុខភាពបេះដូងផងដែរដោយវាជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ និងបង្កើនកម្រិតនៃកូឡេស្តេរ៉ូលល្អ។
៨. អាហារប្រូបាយអូទិក
ប្រូបាយអូទិកជួយសម្រួលប្រព័ន្ធរំលាយអាហារល្អសម្រាប់ការសម្រកខ្លាញ់ក្បាលពោះ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមរួមបញ្ចូលអាហារសម្បូរប្រូបាយអូទិកដូចជាយ៉ាអួរជាដើមក្នុងរបបអាហារប្រចាំថ្ងៃ។
៩. ខ្ញី
ខ្ញីជាភ្នាក់ងារ thermogenic មានប្រសិទ្ធិភាពបង្កើនការរំលាយអាហារ និងដុតរំលាយជាតិខ្លាញ់បានយ៉ាងប្រសើរតាមរយៈការបង្កើនសីតុណ្ហភាពក្នុងរាងកាយ។
១០. ផ្សិត
ផ្សិតជួយបង្កើនការស្រកទម្ងន់និងដុតបំផ្លាញជាតិខ្លាញ់ដោយគ្រប់គ្រងកម្រិតនៃជាតិគ្លុយកូសក្នុងឈាម។ លើសពីនេះទៅទៀតបន្លែនេះក៏មានផ្ទុកសម្បួរទៅដោយប្រូតេអ៊ីននិងអាចជួយបង្កើនការដុតរំលាយអាហារក្នុងរាងកាយជាលទ្ធផលនៃការស្រកជាតិខ្លាញ់ ឬស្រកទម្ងន់។
១១. ទំពាំងបារាំង
បន្លែនេះមានប្រសិទ្ធភាពណាស់ក្នុងការកម្ចាត់ខ្លាញ់ក្បាលពោះ។ នោះក៏ព្រោះតែទំពាំងបារាំងមានផ្ទុកសម្បូរទៅដោយវីតាមីន A និងវីតាមីន C ដែលចាំបាច់ក្នុងការទប់ស្កាត់ជាតិខ្លាញ់មិនឱ្យគាំងជាប់ ឬត្រូវស្តុកទុកត្រង់ផ្នែកកណ្ដាលនៃរាងកាយ៕