ពិតណាស់! ភាគច្រើននៃពួកយើងពេលត្រូវចូលបន្ទប់ទឹក ឬបង្គន់តែងយកទូរសព្ទទៅតាមដើម្បីលេងកំដរអារម្មណ៍។ ទោះជាយ៉ាងណាទម្លាប់នេះមិនល្អសោះឡើយចំពោះអ្នកគ្រប់គ្នា។ ហេតុអ្វីមិនគួរយកទូរសព្ទទៅក្នុងបន្ទប់ទឹក? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរយកទូរសព្ទចូលក្នុងបង្គន់ ៖
១. វាអាចបណ្ដាលឱ្យមានការរាលដាលនៃបាក់តេរីគ្រោះថ្នាក់
អ្វីក៏ដោយឱ្យតែអ្នកដាក់នៅជិតនឹងត្រចៀក ឬមាត់ គឺត្រូវតែស្អាតជានិច្ច។ ធ្លាប់ដឹងទេថា ទូរសព្ទជាមធ្យមអាចមានផ្ទុកមេរោគច្រើនជាងចានបង្គន់ទៅទៀត។ ហើយប្រសិនបើអ្នកឧស្សាហ៍យកទូរសព្ទចូលក្នុងបង្គន់ផងនោះ វាអាចជាប់មកវិញនូវបាក់តេរីគ្រោះថ្នាក់ជាច្រើនរួមបញ្ចូលទាំងបាក់តេរីE. coli ដែលអាចបង្កបញ្ហាពោះវៀនផ្សេងៗដូចជាការពុលអាហារ។ ដូច្នេះដើម្បីជាការប្រសើរ អ្នកគួរឧស្សាហ៍ជូតសម្អាតអេក្រង់ទូរសព្ទជាមួយនឹងទឹកអាល់កុលជាប្រចាំផង។
២. វាអាចបង្កើនហានិភ័យនៃជំងឺឬសដូងបាត
នេះក៏ព្រោះតែរយៈពេលដែលអ្នកបានចំណាយយ៉ាងយូរអង្គុយបត់ជើងផងលេងទូរសព្ទផងនៅក្នុងបន្ទប់ទឹកវាដាក់សម្ពាធលើសរីរាង្គរបស់អ្នក។ អ្នកជំនាញជាច្រើនបានឱ្យដឹងថា ការអង្គុយយូរៗពេកជាប្រចាំពិសេសលើផ្ទៃរឹងអាចបង្កើនហានិភ័យនៃជំងឺឬសដូងបាតគួរឱ្យបារម្ភ។
៣. វាកម្រិតសមត្ថភាពនៃការគិត
ទូរសព្ទដៃអាចជះផលប៉ះពាល់ដល់ការផ្ចង់អារម្មណ៍, ការគិត, កម្រិតសមត្ថភាពក្នុងការដោះស្រាយបញ្ហា និងសូម្បីតែនៅពេលអ្នកឈប់ប្រើប្រាស់ទូរសព្ទ ឬបិទទុកសិនក៏ដោយ។ ដូច្នេះកុំចំណាយពេលលេងទូរសព្ទច្រើនពេកមិនឈប់សូម្បីតែពេលចូលបន្ទប់ទឹក។
៤. វាបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើនផ្សេងទៀត
ប្រសិនបើអ្នកប្រើប្រាស់ ឬលេងទូរស័ព្ទច្រើនពេកមិនចោលសូម្បីតែពេលត្រូវចូលបង្គន់ នោះអ្នកប្រាកដជានឹងជួបប្រទះហានិភ័យនៃបញ្ហាសុខភាពគួរឱ្យព្រួយបារម្ភផ្សេងៗរួមបញ្ចូលទាំងអាការៈឈឺចាប់រាងកាយ, ជំងឺថប់បារម្ភ និងធ្លាក់ទឹកចិត្ត (Depression) និងសូម្បីតែជំងឺធាត់ជ្រុល៕