ភាគច្រើននៃពួកយើង គឺតែងជួបប្រទះនូវបញ្ហាមុននិងស្ទះរន្ធញើសដែលពិបាកនឹងកម្ចាត់ណាស់។ ថាតើកត្តាអ្វីខ្លះអាចនាំឱ្យស្ទះរន្ធញើសទៅជាកើតមុន? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុស្មានមិនដល់ដែលអាចបង្កការស្ទះរន្ធញើសកើតមុន ៖
១. ការប្រើទូរសព្ទផ្អឹប ឬប៉ះនឹងស្បែកមុខ
ធ្លាប់ដឹងទេថាទូរស័ព្ទមានផ្ទុកសម្បូរទៅដោយមេរោគបាក់តេរី? នៅរាល់ពេលអ្នកយកទូរស័ព្ទមកប៉ះផ្អឹបនឹងមុខ ឬប្រើប្រាស់ដៃដែលមិនទាន់បានលាងសម្អាតក្រោយកាន់ទូរស័ព្ទមកប៉ះនឹងស្បែកមុខនោះរាល់មេរោគបាក់តេរីដែលជាប់លើទូរស័ព្ទប្រាកដជាតោងជាប់ស្បែកមុខនាំឱ្យស្ទះរន្ធញើសកើតមុន។
២. គេងមិនគ្រប់
ប្រសិនបើអ្នកគេងមិនបានគ្រប់គ្រាន់ ឬតិចជាង ៥ ម៉ោងក្នុងមួយថ្ងៃ នោះវាអាចបណ្ដាលឱ្យរាងកាយបាត់បង់ជាតិទឹក ហើយរបាំងការពារស្បែកក៏ត្រូវថយចុះ។ បន្ថែមពីនេះការគេងមិនគ្រប់ក៏នាំឱ្យកម្រិតនៃភាពស្ត្រេសកើនឡើងដែលបង្កការរលាកស្បែកពីខាងក្នុងនិងបង្កើនហានិភ័យនៃការផលិតជាតិប្រេង ឬខ្លាញ់លើស។ ជាលទ្ធផលរន្ធញើសនឹងត្រូវស្ទះ ហើយអ្នកបង្កជារោគមុន។ ការគេងបានគ្រប់គ្រាន់ ៨ ម៉ោងក្នុងមួយយប់ជាគន្លឹះជួយឱ្យស្បែកមានពេលគ្រប់គ្រាន់ក្នុងការជួសជុលឡើងវិញនិងការលូតលាស់នៃកោសិកាថ្មី។ ដូច្នេះប្រសិនបើចង់រក្សាបាននូវស្បែកដែលក្មេងជាងវ័យ ចូរព្យាយាមគេងឱ្យបានគ្រប់គ្រាន់។
៣. មិនប្រើប្រាស់ផលិតផលថែរក្សាសម្រស់ដែលមានផ្ទុកសារធាតុ retinol
ទោះបីមិនធ្វើឱ្យរន្ធញើសធំៗបាត់ទៅតែម្ដង ប៉ុន្តែផលិតផលថែរក្សាស្បែកមួយចំនួនអាចជួយឱ្យរន្ធញើសធំៗប្រែជាតូចជាងមុន។ វិធីដ៏ប្រសើរបំផុតដើម្បីទប់ស្កាត់បញ្ហាស្ទះរន្ធញើស និងបង្រួមវាឱ្យតូចជាងមុននោះ គឺប្រើប្រាស់ផលិតផល retinoids នៅពេលយប់។ Retinol ជាវីតាមីន A ដែលជួយបង្កើនកោសិកាស្បែកថ្មីធ្វើធ្វើឱ្យស្បែកកាន់តែមានលក្ខណៈប្រសើរឡើង។ ដូច្នេះការជ្រើសរើសមិនប្រើប្រាស់ផលិតផលថែរក្សាសម្រស់ដែលមានផ្ទុកសារធាតុ Retinol អាចធ្វើឱ្យស្បែកពិបាកក្នុងការសម្អាតជាតិខ្លាញ់ចេញពីរន្ធញើសណាស់។
៤. ការបណ្ដោយឱ្យស្បែកត្រូវពន្លឺព្រះអាទិត្យច្រើនពេក
កម្ដៅថ្ងៃ ឬពន្លឺព្រះអាទិត្យអាចបណ្ដាលឱ្យស្បែកបាត់បង់នូវសំណើម ហើយក្រពេញខ្លាញ់ប្រាកដជាខំបង្កើនការផលិតនូវជាតិប្រេងធម្មជាតិមកវិញជាមិនខាន។ ជាលទ្ធផលរន្ធញើសប្រែជារីកធំជាងមុន! ដូច្នេះដើម្បីជាការប្រសើរ កុំស្ថិតក្រោមកម្ដៅថ្ងៃយូរៗពេក និងកុំភ្លេចប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃផង។
៥. ប្រើប្រាស់ផលិតផលថែរក្សាសក់ដែលមានផ្ទុកជាតិប្រេង
នៅពេលផលិតផលថែរក្សាសក់មានផ្ទុកជាតិប្រេង វាអាចនឹងរកផ្លូវទៅប៉ះនឹងស្បែករបស់អ្នកនាំឱ្យស្ទះរន្ធញើសបានយ៉ាងងាយ។ នេះក៏ព្រោះតែសក់តែងតែប៉ះនឹងផ្ទៃមុខជាញឹកញាប់ជាពិសេសជើងសក់ ថ្ងាស ចំហៀងមុខ និងក មិនថាអ្នកព្យាយាមចងឱ្យផុតយ៉ាងណាក៏ដោយ។ បន្ថែមពីនេះទោះបីជាស្បែកមិនអ្នកមិនងាយនឹងកើតមុន ប៉ុន្តែផលិតផលថែរក្សាសក់អាចបង្កបញ្ហាមុនលើស្បែកគួរឱ្យកត់សម្គាល់៕