កំពស់ខ្ពស់សមរម្យ គឺជាអ្វីមួយដែលភាគច្រើននៃពួកយើងចង់បានដើម្បីបង្កើនទំនុកចិត្ត ឬភាពជឿជាក់លើខ្លួនឯងពេលឈរនៅក្បែរអ្នកដទៃ។ ជាធម្មតាការលូតកំពស់មានទំនាក់ទំនងទៅនឹងកត្តាហ្សែន លំហាត់ប្រាណ ព្រមទាំងប្រភេទនៃចំណីអាហារដែលយើងទទួលទាន។ ដូច្នេះប្រសិនបើអ្នកចង់កើនកម្ពស់បន្ថែម អ្នកត្រូវដឹងអំពីប្រភេទនៃអាហារបែបណាដែលមានប្រសិទ្ធភាពរក្សាភាពរឹងមាំ ក៏ដូចជាជួយដល់ការលូតលាស់នៃឆ្អឹង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីអាហារដែលលោកអ្នកគួរព្យាយាមឱ្យកូនទទួលទានដើម្បីជួយបង្កើនកម្ពស់កំឡុងពេលលូតលាស់ ៖
១. ស៊ុត
ការរួមបញ្ចូលស៊ុតក្នុងរបបអាហារប្រចាំថ្ងៃរបស់កុមារក៏ជួយឱ្យពួកគេអាចលូតកម្ពស់បានត្រឹមត្រូវផងដែរ។ នេះក៏ព្រោះតែស៊ុតជាប្រភពដ៏ល្អបំផុតមួយទៀតនៃជាតិប្រូតេអ៊ីនដែលចាំបាច់សម្រាប់ការលូតលាស់ឆ្អឹងនិងសាច់ដុំ។
២. ទឹកដោះគោនិងផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
ទឹកដោះគោនិងផលិតផលអាហារផ្សំឡើងពីទឹកដោះគោមានផ្ទុកសម្បូរទៅដោយកាល់ស្យូមនិងប្រូតេអ៊ីនដែលជួយដល់ការលូតលាស់នៃឆ្អឹង ក៏ដូចជាពង្រឹងភាពរឹងមាំផងដែរ។
៣. សណ្ដែកសៀង
មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនដែលចាំបាច់ណាស់សម្រាប់រក្សាសុខភាពឆ្អឹងមិនចាញ់កាល់ស្យូមឡើយ។ ដូច្នេះកុំភ្លេចរួមបញ្ចូលបន្លែនេះក្នុងរបបអាហារប្រចាំថ្ងៃ។
៤. សាច់មាន់
ដូចបានរៀបរាប់ច្រើនដងខាងលើរួកមកហើយ ប្រូតេអ៊ីនគឺចាំបាច់សម្រាប់ការលូតលាស់និងរក្សាសុខភាពល្អប្រសើរនៃឆ្អឹងនិងសាច់ដុំ។ ហើយសាច់មាន់មានផ្ទុកសម្បូរទៅដោយប្រូតេអ៊ីនគុណភាពខ្ពស់។ ដូច្នេះកុំភ្លេចរួមបញ្ចូលសាច់មាន់ក្នុងរបបអាហាររបស់កុមារដើម្បីធានាបានថាពួកគេអាចលូតកម្ពស់បានប្រសើរ។
៥. បន្លែបៃតង
បន្លែបៃតងក៏មានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូមផងដែរ។ ដូច្នេះកុំភ្លេចឱ្យកូនញ៊ាំបន្លែបៃតងដើម្បីជួយដល់ការលូតកម្ពស់របស់ពួកគេ។
៦. ការ៉ុត
មានផ្ទុកសម្បូរទៅដោយសារធាតុ beta-carotene ដែលរាងកាយបំលែងជាវីតាមីន A។ ការរួមបញ្ចូលបន្លែមើមនេះក្នុងរបបអាហារក្មេងមិនត្រឹមតែល្អសម្រាប់ពង្រឹងសុខភាពភ្នែកប៉ុណ្ណោះទេ ប៉ុន្តែអាចធ្វើឱ្យរាងកាយអាចស្រូបយកជាតិកាល់ស្យូមបានកាន់តែមានប្រសិទ្ធភាព។ ជាលទ្ធផលការលូតលាស់និងសុខភាពឆ្អឹងមានលក្ខណៈប្រសើរជាងមុន។ អ្នកអាចឱ្យកូនញ៊ាំការ៉ុត ឬទឹកការ៉ុតស្រស់ជាប្រចាំ។
៧. ផ្លែឈើ
ក្រៅពីជួយរក្សាសុខភាពល្អប្រសើរហើយនោះ ការរួមបញ្ចូលផ្លែឈើចម្រុះក្នុងរបបអាហារកុមារក៏ជួយដល់ការលូតកម្ពស់របស់ពួកគេគួរឱ្យកត់សម្គាល់។ ផ្លែឈើជាប្រភពដ៏ប្រសើរបំផុតនៃវីតាមីននិងជាតិរ៉ែចាំបាច់ដែលរាងកាយកំពុងលូតលាស់របស់ក្មេងត្រូវការ។ លើសពីនេះទៅទៀការទទួលទានផ្លែឈើក៏ជួយពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។
៨. យ៉ាអួរ
ជាប្រភពដ៏ប្រសើរនៃប្រូតេអ៊ីន កាល់ស្យូម វីតាមីន D និងស័ង្កសី ព្រមទាំងប្រូបាយអូទិកដែលល្អសម្រាប់ការលូតលាស់ឆ្អឹង។
៩. គ្រាប់ធញ្ញជាតិ
មានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹម, វីតាមីន, ជាតិរ៉ែ, អាស៊ីតខ្លាញ់សុខភាពល្អ និងប្រូតេអ៊ីន។ អាស៊ីតខ្លាញ់អូមេហ្កា ៣ក្នុងគ្រាប់ធញ្ញជាតិអាចផ្ដល់អត្ថប្រយោជន៍ប្រសើរណាស់ចំពោះសុខភាពឆ្អឹង។ ប្រូតេអ៊ីនក្នុងអាហារនេះវិញក៏សំខាន់សម្រាប់ការលូតលាស់របស់កុមារផងដែរ។
១០. ប្រូខូលី ឬផ្កាខាត់ណាខៀវ
ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមច្រើនប្រភេទ និងវីតាមីន C ជាតិសសៃ ជាតិដែក ព្រមទាំងលក្ខណៈសម្បត្តិប្រឆាំងជំងឺមហារីក។ ការទទួលទានផ្កាខាត់ណាខៀវអាចជួយឱ្យរាងកាយដំណើរការមុខងារបានត្រឹមត្រូវ ជាពិសេសរំញោចដល់អ័រម៉ូនលូតលាស់បង្កើនការលូតកម្ពស់។