មនុស្សមួយចំនួនមិនបានដុសសម្អាតជើងរបស់ពួកគេឡើយ នៅខណៈពេលងូតទឹក ដោយគិតថាសាប៊ូនិងទឹកដែលហូរចុះក្រោមសម្អាតដល់ជើង។ ប៉ុន្តែវាមិនពិតឡើយ ប្រសិនបើអ្នកមិនដុសសម្អាតប្រអប់ជើងបានត្រឹមត្រូវទេនោះ អ្នកអាចនឹងប្រឈមមុខជាបញ្ហាជាច្រើន។ ថាតើហេតុអ្វីចាំបាច់គួរលាងសម្អាតជើងរាល់ពេលងូតទឹក? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍នៃការលាងសម្អាតជើងរាល់ពេលងូតទឹក ៖
១. ជួយកម្ចាត់ក្លិនមិនល្អ ឬក្លិនស្អុយ
ការដុសសម្អាតជើងឱ្យបានត្រឹមត្រូវជាប្រចាំអាចជួយកម្ចាត់ភាពកខ្វក់, កោសិកាស្បែកងាប់ៗ និងញើសដែលប្រមូលផ្ដុំជាប់ជើងពេញមួយថ្ងៃ។ ការលាងសម្អាតជើងតែជាមួយទឹកធម្មតាក៏មិនអាចកម្ចាត់ភាពកខ្វក់ជាប់ជើងបានទាំងអស់ឡើយ។ ដូច្នេះដើម្បីជាការប្រសើរ អ្នកចាំបាច់គួរលាងសម្អាតជើងរាល់ថ្ងៃជាប្រចាំជាមួយសាប៊ូដែលមានលក្ខណៈសម្បត្តិប្រឆាំងបាក់តេរី។ ហើយត្រូវប្រាកដថាអ្នកបានជូតតាមចន្លោះម្រាមជើងមួយៗស្ងួតល្អផង។ បាក់តេរីនិងរោគផ្សិតអាចលូតលាស់នៅចន្លោះម្រាមជើងប្រសិនបើមិនបានជូតឱ្យស្ងួតត្រឹមត្រូវ។ បន្ថែមពីនេះចូរឧស្សាហ៍ផ្លាស់ប្ដូរស្រោមជើងចេញផង។
២. ទប់ស្កាត់ការឆ្លងមេរោគ
ជើងជាផ្នែកមួយនៃរាងកាយដែលងាយនឹងឆ្លងមេរោគណាស់ ហើយបាក់តេរីដែលជាប់ពេញជើងក៏អាចបង្កការរលាកប្រភេទផ្សេងៗផងដែរ។ ការដុស ខាត់សម្អាតជើងអាចជួយកម្ចាត់នូវស្រទាប់ស្បែកដែលងាប់មានជាប់បាក់តេរី។ ជាលទ្ធផលជួយទប់ស្កាត់បញ្ហារោគឆ្លងផ្សេងៗលើជើងរួមមានរោគផ្សិតជាដើម។
៣. កាត់បន្ថយហានិភ័យនៃបញ្ហាសន្លាក់
ស្បែករឹងៗលើជើងនិងបញ្ហាជង្គង់, ចង្កេះ និងខ្នងផ្សេងៗត្រូវបានរកឃើញថាអាចមានទំនាក់ទំនងផ្សារភ្ជាប់គ្នា។ ខណៈដែលស្បែកងាប់ៗមិនត្រូវបានកម្ចាត់ចេញពីជើង នោះវាប្រាកដជាចាប់ផ្ដើមប្រមូលផ្ដុំក្រាស់ឡើងៗដែលអាចជះឥទ្ធិពលលើការធ្វើចលនារបស់អ្នក។ ជាលទ្ធផលវាបង្កជាបញ្ហាសន្លាក់, ឈឺជើង, បញ្ហាឆ្អឹងខ្នង និងសាច់ដុំដែលធ្វើឱ្យពិបាកក្នុងការធ្វើចលនា។
៤. ធ្វើឱ្យចរន្តឈាមរត់កាន់តែមានលក្ខណៈប្រសើរឡើង
នេះក៏ព្រោះតែការដុសសម្អាត ឬខាត់ជើងអាចចាត់ទុកជាការម៉ាស្សាដ៏ល្អបំផុតមួយដែលជួយសម្រួលចរន្តឈាមរត់។ ធ្លាប់ដឹងទេថាលំហូរឈាមរត់មិនល្អ ឬខ្សោយអាចបង្កបញ្ហាខ្វះអុកស៊ីសែននិងកម្រិតសាច់ដុំពីការលូតលាស់បានប្រសើរ? បន្ថែមពីនេះ វាក៏អាចបង្កបញ្ហាផ្សេងៗដូចជាឈឺចាប់សាច់ដុំ, រឹងសាច់ដុំ និងសូម្បីតែធ្វើឱ្យជើងស្ពឹក។ ដូច្នេះហើយទើបការដុសសម្អាតជើងជាមួយប្រចាំជាពិសេសជាមួយទឹកក្ដៅឧណ្ហៗ គឺជាគំនិតដ៏ល្អ។
៥. ទប់ស្កាត់មិនឱ្យក្រចកជើងលូតចូល ឬកប់ក្នុងស្បែក
មានមូលហេតុមិនតិចទេដែលបណ្ដាលឱ្យក្រចកជើងលូតលាស់កប់ចូលក្នុងសាច់ ឬស្បែក ប៉ុន្តែទោះជាយ៉ាងណាជើងដែលបែកញើសសើមនិងកខ្វក់ក៏បង្កើនហានិភ័យនៃបញ្ហានេះផងដែរ។ នៅពេលក្រចកជើងបែកញើសសើមជាប់ នោះស្បែកកៀនៗនឹងប្រែជាទន់ដែលងាយនឹងធ្វើឱ្យក្រចកលូតលាស់ចូលទៅក្នុង។ ហើយប្រសិនបើមានការរលាកណាមួយលើស្បែកផងនេះ បញ្ហានេះអាចបង្កការឈឺចាប់ខ្លាំង៕