ថាតើនៅពេលអ្នកទទួលទានកាហ្វេច្រើនជ្រុលវាអាចបង្កអាការៈអ្វីខ្លះឱ្យលេចឡើង? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលអាចលេចឡើងនៅពេលអ្នកទទួលទានកាហ្វេច្រើនពេក ៖
១. បញ្ហាជាមួយក្រពះ
កាហ្វេមានឥទ្ធិពលបន្ទន់លាមកដោយវាបញ្ចេញនូវអ័រម៉ូនមួយប្រភេទដែលធ្វើឱ្យក្រពះពន្លឿនសកម្មភាពក្នុងពោះវៀន។ ការទទួលទានកាហ្វេច្រើនពេកអាចបណ្ដាលឱ្យលាមករាវ និងសូម្បីតែរាគ។ ម្យ៉ាងវិញទៀតកាហ្វេអាចបង្កើនហានិភ័យនៃជំងឺច្រាលទឹកអាស៊ីតក្រពះផងដែរ។ ដើម្បីជាការប្រសើរប្រសិនបើអ្នកមានបញ្ហាក្រពះ ចូរកាត់បន្ថយ ឬកម្រិតការទទួលទានកាហ្វេ។
២. មានអារម្មណ៍អស់កម្លាំងនៅថ្ងៃបន្ទាប់ក្រោយពេលទទួលទានកាហ្វេ
ពិតណាស់កាហ្វេរំញោចប្រព័ន្ធសសៃប្រសាទតាមរយៈជាតិកាហ្វេអ៊ីនដែលមានផ្ទុក និងធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែស្វាង ហើយសកម្ម។ ប៉ុន្តែវាក៏ជះឥទ្ធិពលអវិជ្ជមានផងដែរ! សារធាតុ Adenosine ក្នុងកាហ្វេដំបូងកើនឡើង ហើយបន្ទាប់មកក៏ធ្លាក់ចុះ។ យោងតាមការសិក្សាស្រាវជ្រាវមួយចំនួនបានសម្គាល់ឃើញថាក្រោយពេលទទួលទានសារធាតុ Adenosine ដែលមានក្នុងកាហ្វេច្រើនពេក អ្នកអាចមានអារម្មណ៍អស់កម្លាំងនិងអាចងងុយគេងទៅវិញ។ ភាពអស់កម្លាំងលេចឡើងមកភ្លាមៗក្រោយពេលស្វាង ប៉ុន្តែប្រសិនបើអ្នករក្សាខ្លួនជាមួយភាពរវល់មិនឈប់ឈរអ្នកអាចចៀសផុតពីឥទ្ធិពលនេះ។
៣. ហានិភ័យនៃជំងឺថប់បារម្ភ
កាហ្វេអ៊ីនបង្កើនភាពស្វាងដោយបង្អាក់សារធាតុ adenosine ដែលធ្វើឱ្យអ្នកមានអារម្មណ៍អស់កម្លាំង។ ប៉ុន្តែប្រសិនបើអ្នកទទួលទានច្រើនពេករាល់ថ្ងៃ វាអាចបង្កើនហានិភ័យនៃជំងឺថប់បារម្ភ និងអន្ទះសារជ្រួលច្របល់។ កាហ្វេជាកត្តាចម្បងបំផុតមួយនៃការបញ្ចេញអ័រម៉ូន adrenaline ដែលមានឥទ្ធិពលលើឥរិយាបថរបស់អ្នក។ ប្រសិនបើអ្នកសម្គាល់ឃើញថាខ្លួនឯងហាក់ដូចជាអន្ទះសារខ្លាំង ឬជ្រួលច្របល់ពេក ចូរព្យាយាមកម្រិតការទទួលទានអាហារនិងភេសជ្ជៈដែលមានជាតិកាហ្វេអ៊ីន។
៤. ចាប់ផ្ដើមគេងមិនលក់
កាហ្វេអ៊ីនអាចធ្វើឱ្យអ្នកស្វាងបាន ប៉ុន្តែក្នុងពេលជាមួយគ្នាវាអាចជះឥទ្ធិពលលើការគេងរបស់អ្នក។ ការស្រាវជ្រាវជាច្រើនបានបង្ហាញថាការទទួលទានកាហ្វេច្រើនពេកអាចបង្កើនរយៈពេលដែលអ្នកត្រូវការដើម្បីគេងលក់។ អ្នកគេងបានតិច ហើយប្រែជាកាន់តែអស់កម្លាំងនៅថ្ងៃបន្ទាប់។
៥. ចង្វាក់បេះដូងលោតញាប់និងអស់កម្លាំង
កាហ្វេអ៊ីនអាចបណ្ដាលឱ្យបេះដូងលោតញាប់ខុសប្រក្រតី ហើយក៏ជះឥទ្ធិពលលើកម្រិតនៃសម្ពាធឈាមផងដែរ។ ដូច្នេះហើយទើបការទទួលទានកាហ្វេ គឺមិនត្រូវបានណែនាំសម្រាប់អ្នកដែលមានបញ្ហាជាមួយសម្ពាធឈាមនិងបេះដូងឡើយ៕