ខេត្តកំពង់ស្ពឺ ៖ កុំប្រហែសឲ្យសោះបងប្អូនជាមួយកូវីដ១៩ ឬរីរុសបំប្លែងថ្មី Delta ជាក់ស្តែងខេត្តកំពង់ស្ពឺបានរកឃើញករណីលើកដំបូងមានអ្នកឆ្លងជំងឺកូវីដ១៩បំប្លែងថ្មីប្រភេទដែលតា(delta) ចំនួន៤ នាក់ហើយ ប៉ុន្តែមិនមែនឆ្លងក្នុងសហគមន៍ទេ ដោយក្រុមការងារតេស្តរកឃើញអ្នកជំងឺនៅក្នុងមណ្ឌលចត្តាឡីស័ក ។ នេះបើតាមហ្វេសប៊ុក ឯកឧត្តម វី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ នាថ្ងៃទី១០ ខែសីហា នេះ ។
យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា បច្ចុប្បន្នអ្នកជំងឺទាំង៤ នាក់ខាងលើ ត្រូវបានក្រុមគ្រូពេទ្យដាក់ព្យាបាលនៅដាច់ដោយឡែក នៅមណ្ឌល ព្យាបាលពន្លឺថ្មី ។
ជាមួយគ្នានេះ ក្រុមការងារជំនាញថ្នាក់ខេត្តកំពុងបន្តស្រាវជ្រាវរកអ្នកប៉ះពាល់ ដើម្បីធ្វើសំណាកវត្ថុវិភាគទៅវិទ្យាស្ថានប៉ាស្ទ័រវិភាគរកប្រភេទមេរោគកូវីដ-១៩ បំប្លែងថ្មី Delta តាមបច្ចេកទេសសុខាភិបាលបន្តទៀត ។
ពាក់ព័ន្ធករណ៍នេះ រដ្ឋបាលខេត្តកំពង់ស្ពឺ បានក្រើនរំលឹក និងសូមអំពាវនាវយ៉ាងទទូចដល់សាធារណជន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងខេត្តកំពង់ស្ពឺ សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន និងកែប្រែទម្លាប់នៃការរស់នៅតាមបែបគន្លងថ្មី សម្របតាមបរិបទនៃជំងឺកូវីដ-១៩ សំដៅបង្ការ គ្រប់គ្រង និងកាត់ខ្សែចម្លងនៃមេរោគកូវីដ-១៩ ជាពិសេសពពួកប្រភេទមេរោគបំប្លែងថ្មីប្រភេទដែលតា (Delta) ដែលកំពុងឆ្លង រាលដាល ក្នុងព្រះរាជាណាចក្រកម្ពុជា ៕