ចង់កម្ចាត់ជាតិពុលពីថ្លើម, ក្រលៀន និងផ្លោកនោមមិនពិបាកឡើយ! ត្រូវធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយកម្ចាត់ជាតិពុលពីសរីរាង្គទាំងបីនេះ ៖
១. កាត់បន្ថយការទទួលទានអំបិល ឬអាហារប្រៃ និងភេសជ្ជៈកាបូណាត
អាហារនិងភេសជ្ជៈប្រភេទនេះរួមបញ្ចូលទាំងកាហ្វេ, អំបិល, ភេសជ្ជៈកាបូណាត និងអាហារមានផ្ទុកប្រូតេអ៊ីនខ្ពស់បានក្លាយជាផ្នែកមួយនៃរបបអាហារប្រចាំថ្ងៃរបស់ពួកយើងបាត់ទៅហើយ ប៉ុន្តែដើម្បីជាការប្រសើរ អ្នកគួរចេះកម្រិតការទទួលទាន។ ពិតណាស់រាងកាយត្រូវការប្រូតេអ៊ីន ប៉ុន្តែមិនមែនច្រើនពេកឡើយ ក៏ព្រោះវាអាចបង្កើនហានិភ័យនៃជំងឺតម្រងនោម។ ហើយការទទួលទានជាតិប្រតេអ៊ីនចេញពីសាច់សត្វច្រើនពេកបង្កើតជាតិអាស៊ីតក្នុងឈាមដែលបណ្ដាលឱ្យកើតជំងឺ acidosis ស្ថានភាពមួយដែលតម្រងនោមរបស់អ្នកមិនអាចរក្សាកម្រិត pH ក្នុងរាងកាយឱ្យមានតុល្យភាពបាន។ យូរទៅបញ្ហានេះបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរផ្សេងទៀតដូចជា បញ្ហាប្រព័ន្ធរំលាយអាហារ និងជំងឺតម្រងនោមរ៉ាំរ៉ៃ។ អាហារប្រៃក៏ដូចគ្នា! ការទទួលទានអាហារប្រៃច្រើនពេកជាប្រចាំ គឺមិនល្អសោះឡើយចំពោះតម្រងនោម ក៏ដូចជាសុខភាពរាងកាយទាំងមូល។ ការទទួលទានអាហារជាតិអំបិលច្រើននឹងធ្វើឱ្យតម្រងនោមទទួលបន្ទុកលើសកម្រិត។ មិនយូរប៉ុន្មានតម្រងនោមចាប់ផ្ដើមចុះខ្សោយប៉ះពាល់សមត្ថភាពមុខងារ ហើយបង្កើនការស្ដុកទុកសារធាតុរាវ។
២. រួមបញ្ចូលតែ, ទឹក និងបន្លែផ្លែឈើកាន់តែច្រើនក្នុងរបបអាហារប្រចាំថ្ងៃ
មានអាហារ និងភេសជ្ជៈធម្មជាតិច្រើនណាស់ដែលលោកអ្នកអាចរួមបញ្ចូលក្នុងរបបអាហារដើម្បីជួយកម្ចាត់ជាតិពុលពីក្នុងរាងកាយ។ អាហារទាំងនោះរួមបញ្ចូលទាំងភេសជ្ជៈដូចជាតែបៃតង, តែខ្ញី និងទឹកធម្មតា។ កុំភ្លេចបង្កើនការរួមបញ្ចូលបន្លែផ្លែឈើស្រស់ៗក្នុងរបបអាហារប្រចាំថ្ងៃផង។
៣. កុំរំលងខ្ទឹមស
ខ្ទឹមសមានផ្ទុកសម្បូរទៅដោយសារធាតុ allicin ដែលជួយសម្អាតថ្លើម, ក្រលៀន និងផ្លោកនោមបានយ៉ាងប្រសើរ។ ការទទួលទានខ្ទឹមស គឺជាមធ្យោបាយបែបធម្មជាតិល្អបំផុតដើម្បីកម្ចាត់ជាតិពុលពីក្នុងរាងកាយ។ ខ្ទឹមសមានផ្ទុកនូវសារធាតុប្រឆាំងនឹងបាក់តេរី រួមទាំងអុកស៊ីដង់ដែលល្អចំពោះសុខភាពថ្លើម។ ព្យាយាមទទួលទានខ្ទឹមស ដោយបន្ថែមវាចូលជាមួយរបបអាហារប្រចាំថ្ងៃរបស់អ្នក។ ក្រៅពីល្អចំពោះថ្លើម ខ្ទឹមសក៏មានប្រសិទ្ធិភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយផងដែរ។ ខ្ទឹមសថែមទាំងមានផ្ទុកនូវសារធាតុសេលេញ៉ូមដែលមានអត្ថប្រយោជន៍ណាស់ សម្រាប់ការបន្សាបជាតិពុល ហើយវាក៏ជួយបំពេញនូវកង្វះនៃសារធាតុចិញ្ចឹម និងសារធាតុរ៉ែដែលចាំបាច់ចំពោះសុខភាពរាងកាយទៀតផង។
៤. រក្សាឱ្យបាននូវតុល្យភាពសុខភាពផ្លូវចិត្តនិងរាងកាយ
ការរក្សាឱ្យបាននូវសុខភាពផ្លូវចិត្តនិងរាងកាយល្អប្រសើរ គឺចាំបាច់ណាស់ភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំរាងកាយទប់ទល់កម្ចាត់ជាតិពុលផ្សេងៗ។ ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសពេកក៏ជះផលប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំរាងកាយដែលធ្វើឱ្យអ្នកងាយឆ្លងជំងឺផ្សេងៗផងដែរ។ នៅពេលតានតឹងក្នុងអារម្មណ៍ខ្លាំងខួរក្បាលនឹងផលិតអ័រម៉ូនស្ត្រេស cortisol កាន់តែច្រើនឡើងដែលជះឥទ្ធិពលដល់មុខងារនៃកោសិកា T ចាំបាច់សម្រាប់ប្រយុទ្ធប្រឆាំងរោគឆ្លង។ ភាពតានតឹងក្នុងអារម្មណ៍ក៏ជះឥទ្ធិផលគួរឱ្យបារម្ភលើសុខភាពរាងកាយ, ប៉ះពាល់ដល់សរីរាង្អ និងសូម្បីតែសុខភាពផ្លូវចិត្ត។ ទម្លាប់នៃការធ្វើសមាធិធម្មតាមួយត្រឹមតែការលំហាត់ប្រាណដង្ហើមក៏អាចជួយគ្រប់គ្រងកម្រិតនៃភាពស្រ្តេសគួរឱ្យកត់សម្គាល់។ ម្យ៉ាងវិញការដកដង្ហើមបានល្អថែមទាំងជួយដឹកនាំអុកស៊ីសែនបានកាន់តែប្រសើរទៅកាន់គ្រប់ផ្នែកនៃរាងកាយផងដែរ។
៥. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
តម្រងនោម ក៏ដូចទៅនឹងផ្នែកផ្សេងទៀតនៃរាងកាយផងដែរ គឺត្រូវការជាតិទឹកគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ និងដំណើរការមុខងារត្រឹមត្រូវ។ កង្វះជាតិទឹកអាចនាំអោយមានលំហូរឈាមតិចទៅតម្រងនោម។ ជាលទ្ធផលឈាមនឹងប្រែជាខាប់បង្កផលប៉ះពាល់ដល់សមត្ថភាពនៃតម្រងនោមក្នុងការកម្ចាត់ជាតិពុលចេញពីរាងកាយ។ ថាតើអ្នកអាចដឹងបានថាខ្លួនឯងទទួលទានទឹកបានគ្រប់គ្រាន់ឬនៅបែបណាទៅ? ងាយណាស់ ប្រសិនបើអ្នកទទួលទានទឹកបានគ្រប់គ្រាន់នោះទឹកនោមរបស់អ្នកនឹងមានពណ៌លឿងស្រាល ហើយទឹកនោមដែលមានពណ៌ដិតណាមួយនោះអាចជារោគសញ្ញានៃបញ្ហាខូចតម្រងនោម។
៦. រួមបញ្ចូលរមៀត និងខ្ញីក្នុងរបបអាហារផង
ការរួមបញ្ចូលរមៀត ឬម្សៅរមៀតក្នុងរបបអាហារអាចជួយសម្រួលការរំលាយអាហារនិងកម្ចាត់ជាតិពុលពីក្នុងរាងកាយគួរឱ្យកត់សម្គាល់។ នេះក៏ព្រោះតែក្រៅពីមានលក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយហើយនោះ រមៀតមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ពិសេសសារធាតុ Curcumin ដែលជួយបន្សាបជាតិពុលគួរឱ្យកត់សម្គាល់។ ចំពោះខ្ញីវិញជួយកម្ចាត់កាកសំណល់ ក៏ដូចជាជាតិពុលផ្សេងៗចេញពីក្នុងរាងកាយបានយ៉ាងប្រសើរផងដែរ។ មិនត្រឹមតែជួយលាងសម្អាតក្នុងរាងកាយកម្ចាត់ជាតិពុលប៉ុណ្ណោះទេ ប៉ុន្តែខ្ញីក៏ជួយព្យាបាលការរលាកផ្សេងៗក្នុងរាងកាយផងដែរតាមរយៈលក្ខណៈសម្បត្តិប្រឆាំងការរលាក និងសារធាតុ Gingerols ដែលវាមានផ្ទុក៕