ថាតើនៅពេលកោសិកាគ្រាប់ឈាមសធ្លាក់ចុះទាប យើងគួរព្យាយាមទទួលទានអាហារអ្វីខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារទាំងនោះ ៖
១. ខ្ទឹមស
ខ្ទឹមសមានលក្ខណៈសម្បត្តិ immunomodulatory និងប្រឆាំងការរលាកតាមរយៈសារធាតុ allicin ដែលមានផ្ទុក ហើយវាជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយដោយរំញោចការផលិតកោសិកាគ្រាប់ឈាមសរួមបញ្ចូលទាំង lymphocytes, eosinophils និង macrophages។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមរួមបញ្ចូលខ្ទឹមសក្នុងរបបអាហារប្រចាំថ្ងៃ។
២. ស្ពៃពួយឡេង
បន្លែបៃតងនេះជាប្រភពដ៏ប្រសើរនៃវីតាមីននិងជាតិរ៉ែសំខាន់ៗ។ វាក៏មានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលជួយបង្កើនបរិមាណនៃកោសិកាឈាមសគួរឱ្យកត់សម្គាល់។
៣. វីតាមីន
រួមមានវីតាមីនA, វីតាមីន C, វីតាមីន E និងវីតាមីន B9 ដើរតួរនាទីយ៉ាងសំខាន់ក្នុងការធ្វើឱ្យបរិមាណនៃកោសិកាឈាមសមានលក្ខណៈប្រសើរឡើង។ ប្រភពដ៏ប្រសើរនៃវីតាមីនទាំងនេះរួមមានបន្លែបៃតង, ការ៉ុត, ឈីស, សាច់, ស៊ុត, ត្រី, ដំឡូងផ្អែម និងផ្លែឈើប្រភេទ citrus។ ទោះជាយ៉ាងណាអ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចប្រើប្រាស់ថ្នាំគ្រាប់វីតាមីន។
៤. យ៉ាអួរ
សារធាតុប្រូបាយអូទិកក្នុងយ៉ាអួរជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ វាក៏មានលក្ខណៈសម្បត្តិរំញោចដល់ការផលិតកោសិកាឈាមសបានយ៉ាងប្រសើរផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានយ៉ាអួរដែលមានផ្ទុកប្រូបាយអូទិក ១ចានគោម យ៉ាងហោចណាស់ម្ដងក្នុងមួយថ្ងៃជាប្រចាំ។
៥. អាស៊ីតខ្លាញ់អូមេហ្កា ៣
អាស៊ីតខ្លាញ់សុខភាពល្អនេះមានផ្ទុកលក្ខណៈសម្បត្តិ immunomodulatory ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយដោយបង្កើនបរិមាណនៃកោសិកាឈាមស។ ប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់នេះរួមមានត្រីសម្បូរខ្លាញ់, គ្រាប់ធញ្ញជាតិ, ផ្លែបឺរ និងស៊ុតជាដើម។ អ្នកក៏អាចពិគ្រោះជាមួយគ្រពេទ្យដើម្បីអាចប្រើប្រាស់ថ្នាំគ្រាប់អូមេហ្កា ៣។
៦. ប្រូខូលី ឬផ្កាខាត់ណាខៀវ
សារធាតុ sulforaphane ក្នុងផ្កាខាត់ណាខៀវ ឬប្រូខូលីអាចជួយគ្រប់គ្រងបរិមាណនៃកោសិកាឈាមសនិងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។
៧. សេលេញ៉ូម
ការទទួលទានអាហារដែលមានផ្ទុកជាតិសេលេញ៉ូម ឬថ្នាំគ្រាប់សេលេញ៉ូមអាចមានឥទ្ធិពលវិជ្ជមានលើការផលិតកោសិកាឈាមស ជាពិសេស lymphocytes និង neutrophils។ សេលេញ៉ូមក៏មានប្រសិទ្ធភាពជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។ ទោះជាយ៉ាងណាមុនពេលប្រើប្រាស់ថ្នាំគ្រាប់សេលេញ៉ូមអ្នកចាំបាច់គួរពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញជាមុនសិនទើបប្រសើរ។ អាហារដែលជាប្រភពដ៏ប្រសើរនៃសេលេញ៉ូមរួមមានត្រីធូណា, ត្រីសាឌីន និងសាច់មាន់ជាដើម។
៨. ផ្លែគីវី
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងជាប្រភពដ៏ប្រសើរនៃប៉ូតាស្យូម ព្រមទាំងវីតាមីន C និងវីតាមីន E។ សារធាតុចិញ្ចឹមទាំងនេះដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយនិងបរិមាណនៃកោសិកាឈាមស។
៩. គ្រាប់ផ្កាឈូករ័ត្ន
មានផ្ទុកជាតិផូស្វ័រ, ម៉ាញ៉េស្យូម, វីតាមីន E និងវីតាមីន B6។ សារធាតុចិញ្ចឹមនិងសារធាតុប្រឆាំងអុកស៊ីតកម្មទាំងនេះជួយជម្រុញកោសិកាគ្រាប់ឈាមសប្រឆាំងនឹងរោគឆ្លង ហើយធ្វើឱ្យរាងកាយដំណើរការមុខងារបានត្រឹមត្រូវ៕