បញ្ហាបាត់បង់ម៉ាសនៃឆ្អឹង ឬម៉ាសឆ្អឹងចុះខ្សោយ និងជំងឺពុកឆ្អឹង គឺសុទ្ធតែអាចបង្កើនហានិភ័យនៃការបាក់ និងភ្លាត់ឆ្អឹង។ ឆ្អឹងរឹងមាំ គឺសំខាន់ណាស់ចំពោះមនុស្សម្នាក់ៗ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗជួយរក្សាសុខភាពឆ្អឹងរឹងមាំ ៖
១. ទទួលទានត្រីសម្បូរខ្លាញ់
ក្រៅពីជាតិកាល់ស្យូម ត្រីសាលម៉ុន និងត្រីសាឌីន មានផ្ទុកនូវសារធាតុចិញ្ចឹមដ៏ចាំបាច់មួយទៀតសម្រាប់សុខភាពធ្មេញ និងឆ្អឹងនោះ គឺវីតាមីន D។ ត្រីសាលម៉ុន និងត្រីសាឌីន ក៏ជាប្រភពដ៏ល្អប្រសើរនៃអាស៊ីតខ្លាញ់ល្អអូមេហ្គា ៣ ដែលមានសមត្ថភាពទប់ទល់នឹងការរលាកផងដែរ។ ដូចដែលបានដឹងហើយថាការរលាកភាគច្រើន គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងបញ្ហាឆ្អឹងចុះខ្សោយ។
២. ទទួលទានកាល់ស្យូមឱ្យបានគ្រប់គ្រាន់ជាប្រចាំ
ជាតិកាល់ស្យូម គឺសំខាន់ណាស់សម្រាប់រក្សាសុខភាពឆ្អឹងរឹងមាំ។ ឆ្អឹងរបស់យើងមានផ្ទុកកាល់ស្យូមសរុបដល់ទៅ ៩៩.៥ភាគរយ ដូច្នេះដើម្បីទប់ស្កាត់ ឬកាត់បន្ថយហានិភ័យនៃជំងឺពុកឆ្អឹង នោះអ្វីដែលអ្នកត្រូវធ្វើ គឺព្យាយាមទទួលទានសារធាតុចិញ្ចឹមនេះឱ្យបានគ្រប់គ្រាន់។ ទោះជាយ៉ាងណាបរិមាណនៃជាតិកាល់ស្យូមប្រចាំថ្ងៃ គឺអាស្រ័យលើវ័យនៃមនុស្ស។ សម្រាប់ស្ត្រីដែលមានវ័យ ៥០ និងក្មេងជាងនេះត្រូវការប្រមាណ ១០០០មីលីក្រាមក្នុងមួយថ្ងៃជាប្រចាំ។ ចំពោះស្ត្រីដែលមានវ័យ ៥១ឆ្នាំ និងចាស់ជាងនេះត្រូវការប្រមាណ ១២០០មីលីក្រាមជាប្រចាំ។ រីឯបុរសវិញពីវ័យ ៧០ និងក្មេងជាងនេះត្រូវការជាតិកាល់ស្យូម ១០០០មីលីក្រាមជាប្រចាំ។ ប៉ុន្តែចំពោះបុរសវ័យពី ៧១ឆ្នាំនិងចាស់ជាងនេះត្រូវការបរិមាណនៃជាតិកាល់ស្យូម ១២០០មីលីក្រាមជាប្រចាំថ្ងៃ។
៣. ឈប់ជក់បារី
មិនមែនតែសួតប៉ុណ្ណោះទេដែលទទួលរងផលប៉ះពាល់ ឬត្រូវបំផ្លាញដោយសារការជក់បារី ប៉ុន្តែសរីរាង្គផ្សេងៗទៀតក៏រងគ្រោះដូចគ្នាផងដែរ។ រាងកាយលែងមានប្រសិទ្ធិភាពក្នុងការបង្កើតកោសិកាឆ្អឹងថ្មីឡើយ ដោយសារតែឥទ្ធិពលអវិជ្ជមាននៃការជក់បារីលើអ័រម៉ូន។ ប្រសិនបើអ្នកជាអ្នកជក់បារី ចូរព្យាយាមផ្ដាច់ទៅ ដើម្បីអាចជៀសផុតពីបញ្ហាខ្សោយឆ្អឹង និងជំងឺពុកឆ្អឹង។
៤. កុំទទួលទានអាហារប្រៃៗច្រើនពេក
ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ការទទួលទាន ឬទទួលយកនូវជាតិសូដ្យូមច្រើនពេកចូលក្នុងរាងកាយ គឺមិនល្អឡើយចំពោះសម្ពាធឈាម និងបេះដូង រួមទាំងឆ្អឹងផងដែរ។ លើសពីនេះទៅទៀត អាហារដែលមានផ្ទុកជាតិសូដ្យូមខ្ពស់បណ្ដាលអោយតម្រងនោមបញ្ចេញនូវជាតិកាល់ស្យូមចេញពីរាងកាយ។
៥. កុំរំលងវីតាមីន D
ជាសារធាតុចិញ្ចឹមដ៏សំខាន់បំផុតមួយសម្រាប់រក្សាសុខភាពរាងកាយ ជាពិសេសជួយឱ្យឆ្អឹងរឹងមាំ។ ទោះបីជាអ្នករក្សាបាននូវជាតិកាល់ស្យូមគ្រប់គ្រាន់ក្នុងរាងកាយ ប៉ុន្តែបើខ្វះវីតាមីន D អ្នកក៏នៅតែប្រឈមមុខនឹងហានិភ័យខ្ពស់នៃជំងឺពុកឆ្អឹង និងជំងឺឆ្អឹងទន់គួរឱ្យព្រួយបារម្ភ។
៦. រក្សាទម្ងន់ឱ្យបានត្រឹមត្រូវ
នេះក៏ព្រោះតែជំងឺធាត់ជ្រុល ឬភាពធាត់លើសទម្ងន់ជាកត្តាហានិភ័យចម្បងមួយនៃបញ្ហាឆ្អឹងឆាប់បាក់។
៧. កុំភ្លេចធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់
ក្រោយវ័យ ៣០ឆ្នាំរាងកាយចាប់ផ្ដើមបាត់បង់ម៉ាសនៃឆ្អឹងបណ្ដើរៗហើយ។ ដូច្នេះដើម្បីជួយរក្សាភាពរឹងមាំនៃឆ្អឹងឱ្យបានយូរបំផុត នោះអ្នកចាំបាច់ត្រូវតែឧស្សាហ៍ធ្វើលំហាត់ប្រាណ។ ការមិនធ្វើលំហាត់ប្រាណរាងកាយណាមួយសោះនោះ គឺអាចបង្កើនហានិភ័យនៃបញ្ហាសុខភាពជាច្រើន។ ការធ្វើលំហាត់ប្រាណមិនបានគ្រប់គ្រាន់ក៏អាចបង្កើនហានិភ័យនៃការបាត់បង់ម៉ាសឆ្អឹង និងជំងឺពុកឆ្អឹងផងដែរ។ អ្នកជំនាញជាច្រើននិយាយថាការធ្វើលំហាត់ប្រាណសសៃឈាមបេះដូងដូចជា ការដើរ, ការរត់ត្រឹកៗ និងការឡើងជណ្ដើរ គឺជួយលើកកម្ពស់ការលូតលាស់នៃជាលិកាឆ្អឹង។
៨. កម្រិតការទទួលទានអាហារនិងភេសជ្ជៈមានផ្ទុកជាតិកាហ្វេអ៊ីន
វាជាការប្រសើរចំពោះសុខភាព ប្រសិនបើអ្នកទទួលទានកាហ្វេត្រឹមតែពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកទទួលទានវាលើសពីនេះ កាហ្វេនឹងបណ្ដាលអោយមានបញ្ហាអាក្រក់ជាច្រើនកើតឡើងចំពោះសុខភាព។ ក្រៅពីបញ្ហាថប់បារម្ភឈឺក្បាល និងហានិភ័យនៃជំងឺ
បេះដូងហើយនោះ ការចុះខ្សោយនៃឆ្អឹង ក៏អាចជាលទ្ធផលនៃការទទួលទានកាហ្វេអ៊ីនច្រើនពេកផងដែរ។ បញ្ហានេះកើតឡើងដោយសារជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេបង្កើនការផលិតទឹកនោម ហើយបណ្ដាលអោយជាតិកាល់ស្យូមមួយចំនួនក្នុងរាងកាយត្រូវបង្ហូរចេញតាមនោះដែរ។
៩. ទទួលទានប្រូតេអ៊ីនឱ្យបានច្រើនគ្រប់គ្រាន់ផង
មិនមែនត្រឹមតែជាតិកាល់ស្យូមប៉ុណ្ណោះទេដែលជួយរក្សាសុខភាពឆ្អឹងអោយល្អរឹងមាំ ប៉ុន្តែប្រូតេអ៊ីនក៏ជាសារធាតុចាំបាច់ខ្លាំងបំផុតសម្រាប់ឆ្អឹងផងដែរ។ ដូច្នេះត្រូវប្រាកដថា របបអាហាររបស់អ្នកមានផ្ទុកនូវបរិមាណប្រូតេអ៊ីនគ្រប់គ្រាន់៕