ដឹងទេថាហេតុអ្វីបានជាអ្នកមិនងាយនឹងស្រកទម្ងន់សោះ? វាអាចមកពីកត្តាស្មានមិនដល់មួយចំនួន! ថាតើកត្តាទាំងនោះមានអ្វីខ្លះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីមូលហេតុមួយចំនួនដែលនាំឱ្យអ្នកពិបាកនឹងស្រកទម្ងន់ ៖
១. មិនទទួលទានអាហារពេលព្រឹក
នោះក៏ព្រោះតែអ្នកអាចនឹងទទួលទានអាហារពេលថ្ងៃ ឬល្ងាចច្រើនជាងធម្មតា ប្រសិនបើមិនបានទទួលទានអ្វីសោះតាំងពីព្រឹក។ លើសពីនេះទៅទៀតទៀតប្រសិនបើអ្នកមិនទទួលទានអាហារពេលព្រឹកទេនោះអ្នកប្រហែលជានឹងមិនរក្សាបាននូវជាតិប្រូតេអ៊ីនគ្រប់គ្រាន់ក្នុងរាងកាយឡើយ។ ហើយប្រូតេអ៊ីន គឺដើរតួនាទីយ៉ាងសំខាន់នៅក្នុងការទទួលនិងរក្សាបាននូវទម្ងន់ដ៏ល្អឥតខ្ចោះ។ ប្រូតេអ៊ីនជួយបង្កើនលឿននៃការដុតរំលាយអាហារនិងថែមទាំងធ្វើឲ្យមានអារម្មណ៍ថាឆ្អែតបានយូរទៀតផង។
២. ទទួលទានអាហារគ្មានជាតិខ្លាញ់
អ្នកមិនគួរព្យាយាមទទួលទានតែអាហារគ្មានជាតិខ្លាញ់ឡើយ ប្រសិនបើចង់ស្រកទម្ងន់។ នោះក៏ព្រោះតែការដកអាហារគ្មានជាតិខ្លាញ់ពីក្នុងរបបអាហារប្រចាំថ្ងៃអាចនឹងធ្វើអោយអ្នកឃ្លានកាន់តែខ្លាំងដែលជាលទ្ធផលនៃការទទួលទានច្រើនជ្រុល។ ដើម្បីជាការប្រសើរ គឺគ្រាន់តែកាត់បន្ថយការទទួលទាន ឬជ្រើសរើសទទួលទានអាហារមានផ្ទុកជាតិខ្លាញ់ល្អ។ ការដកជាតិខ្លាញ់ចេញរបបអាហារប្រចាំថ្ងៃតែម្ដងក៏ជះឥទ្ធិពលដល់ការស្រូបយកជាតិកាល់ស្យូមនិងវីតាមីន D របស់រាងកាយផងដែរ។ ហើយកង្វះនៃជាតិកាល់ស្យូមនឹងបង្កផលប៉ះពាល់ដល់ការរំលាយអាហារ។
៣. ទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់
ការទទួលទានទឹកជួយដុតបំផ្លាញកាឡូរីបានកាន់តែច្រើននិងផ្ដល់អត្ថប្រយោជន៍ណាស់សម្រាប់ការសម្រកទម្ងន់។ ម្យ៉ាងវិញទៀតការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំក៏ចាំបាច់ណាស់ដែរសម្រាប់រក្សាសុខភាពរាងកាយទាំងមូល។
៤. គេងមិនបានច្រើនគ្រប់គ្រាន់
ផលប៉ះពាល់មួយផ្សេងទៀតនៃការគេងមិនគ្រប់ គឺជំងឺធាត់ជ្រុល។ កង្វះនៃការគេងអាចបង្កបញ្ហាអតុល្យភាពនៃអ័រម៉ូននិងចំណង់អាហារ។ នៅពេលគេងមិនបានគ្រប់គ្រាន់រាងកាយនឹងមិនអាចផលិតអ័រម៉ូន ghrelin (ទទួលខុសត្រូវរំញោចការឃ្លាន) និងអ័រម៉ូន leptin (ទប់ស្កាត់ចំណង់អាហារ) ត្រឹមត្រូវដើម្បីអាចអោយខួរក្បាលបានដឹងថាយើងឆ្អែតក្រោយទទួលទានរួចឡើយ។ ម្យ៉ាងវិញទៀតនៅពេលអ្នកគេងមិនបានគ្រប់គ្រាន់ អ្នកគ្មានកម្លាំងធ្វើលំហាត់ប្រាណណាមួយឡើយ ហើយបែរជាមានអារម្មណ៍ចង់ទទួលទានអាហារដែលមានផ្ទុកកាបូអ៊ីដ្រាតខ្ពស់ និងកាហ្វេច្រើន។ ការមិនធ្វើលំហាត់ប្រាណជាប្រចាំនឹងបណ្ដាលឱ្យរាងកាយស្តុកទុកនូវទម្ងន់ដែលលើស។ ជាពិសេសប្រសិនបើអ្នកចូលចិត្តទទួលទានភេសជ្ជៈផ្អែមៗ ព្រមទាំងអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិខ្លាញ់និងកាឡូរីខ្ពស់! អ្វីដែលគួរឱ្យព្រួយបារម្ភថែមទៀតនោះ គឺភាពធាត់ជ្រុលអាចទៅជាបង្កបញ្ហាសុខភាពជាច្រើន។ ការគេងមិនបានគ្រប់គ្រាន់ថែមទាំងពន្យឺតការដុតរំលាយអាហារក្នុងរាងកាយទៀតផង។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមគេងឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ។
៥. ទទួលទានគ្រឿងស្រវឹង
ការទទួលទានគ្រឿងស្រវឹងអាចបណ្ដាលឱ្យខ្លាញ់ក្បាលពោះកើនឡើងលើស ខណៈដែលការទទួលទានគ្រឿងស្រវឹងគ្រប់ប្រភេទក្នុងបរិមាណច្រើនអាចនាំឱ្យកើនទម្ងន់។ ដូច្នេះដើម្បីជាការប្រសើរ ចូរបញ្ឈប់ ឬកាត់បន្ថយការទទួលទានគ្រឿងស្រវឹង។
៦. អង្គុយពេញមួយថ្ងៃ
ពិតណាស់ការអង្គុយគ្រប់ពេល ឬពេញមួយថ្ងៃអាចធ្វើអោយអ្នកកើនទម្ងន់ហួសប្រមាណដោយមិនដឹងខ្លួនបាន។ នោះក៏ព្រោះតែការមិនធ្វើសកម្មភាពរាងកាយទប់ស្កាត់រាំងស្ទះដល់ការដុតបំផ្លាញកាឡូរី។ហើយកាឡូរីដែលមិនត្រូវបានដុតបំផ្លាញទាំងនោះនឹងបំលែងទៅជាខ្លាញ់ដោយរាងកាយនាំអោយធាត់។ អ្វីដែលគួរអោយបារម្ភថែមទៀតនោះ គឺភាពធាត់ជ្រុល ឬលើសទម្ងន់អាចបង្កើនហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ និងជំងឺបេះដូង។ ចូរព្យាយាមក្រោកធ្វើចលនារាល់ពី ៦០ ទៅ ៩០នាទីម្ដង ឬអ្នកអាចកំណត់ម៉ោងដើម្បីក្រោកឈរធ្វើចលនាពត់ពែនខ្លួនខ្លះ៕