ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា ដើម្បីរក្សាអនាម័យអ្នកគួរសម្អាតត្រចៀករៀងរាល់ពី ២ ទៅ ៣ថ្ងៃម្ដង។ ទោះជាយ៉ាងណាមិនមែនគ្រប់គ្នាដឹងថាអាចម៍ត្រចៀកអាចចង្អុលបង្ហាញឱ្យដឹងពីស្ថានភាពនៃសុខភាពរបស់អ្នកឡើយ។ កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីស្ថានភាពសុខភាពតាមរយៈការពិនិត្យលើពណ៌នៃអាចម៍ត្រចៀក ៖
១. អាចម៍ត្រចៀកពណ៌ប្រផេះ
ប្រសិនបើអាចម៍ត្រចៀករបស់អ្នកមានពណ៌ប្រផេះ ប៉ុន្តែគ្មានអមមកជាមួយនូវរោគសញ្ញា ឬអាការៈណាមួយផ្សេងទៀតទេនោះវាគ្មានអ្វីគួរឱ្យបារម្ភឡើយ។ វាប្រហែលជាគ្រាន់តែជាធូលីដី។ អាចម៍ត្រចៀកពណ៌នេះច្រើនមានលើអ្នកដែលរស់នៅក្នុងទីក្រុង ខណៈដែលខ្យល់អាកាសនៅតំបន់នេះច្រើនតែមានភាពកខ្វក់ ឬត្រូវបានបំពុល។
២. អាចម៍ត្រចៀកមានជាប់ឈាម
ប្រសិនបើអ្នកសម្គាល់ឃើញអាចម៍ត្រចៀកមានជាប់ឈាមនៅរាល់ពេលសម្អាត វាអាចចង្អុលបង្ហាញពីបញ្ហាក្រដាសត្រចៀក។ ក្នុងករណីនេះត្រចៀករបស់អ្នកអាចទទួលរងផលប៉ះពាល់ដោយការឆ្លងមេរោគដែលអាចនាំបង្កើនហានិភ័យនៃជំងឺអំបៅអំបែក និងពិបាកស្ដាប់លឺ។ អ្នកមិនត្រូវស្ទាក់ស្ទើនឹងទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញឡើយ។
៣. អាចម៍ត្រចៀកពណ៌ត្នោត
ប្រសិនបើអាចម៍ត្រចៀកមានភាពប្រែប្រួលទាំងបរិមាណនិងពណ៌ដោយអាចកើនឡើងច្រើន ហើយមានពណ៌ដិតជាងធម្មតា នោះវាអាចចង្អុយបង្ហាញឱ្យដឹងថារាងកាយបានឆ្លងកាត់ដំណាក់កាល ឬពេលវេលាដែលពោរពេញទៅដោយភាពស្ត្រេស។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមគ្រប់គ្រង ឬកាត់បន្ថយកម្រិតនៃភាពស្ត្រេសរបស់អ្នក។
៤. អាចម៍ត្រចៀកពណ៌ខ្មៅ
ប្រសិនបើវាកើតឡើងត្រឹមតែម្ដង នោះគ្មានអ្វីគួរឱ្យព្រួយបារម្ភឡើយ! ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើត្រចៀករបស់អ្នករមាស់ ហើយការរមាស់ហាក់ដូចជាកាន់តែខ្លាំងឡើងៗ នោះអ្នកចាំបាច់គួរតែទៅជួបពិនិត្យជាមួយគ្រូពេទ្យជំនាញ។ អាការៈបែបនេះអាចចង្អុលបង្ហាញពីការឆ្លងមេរោគផ្សិតក្នុងត្រចៀក។
៥. អាចម៍ត្រចៀកពណ៌ស
ពណ៌សនៃអាចម៍ត្រចៀកអាចចង្អុយបង្ហាញពីកង្វះវីតាមីននិងសារធាតុចិញ្ចឹមក្នុងរាងកាយជាពិសេសជាតិដែក ព្រមទាំងទង់ដែង។ ដូច្នេះដើម្បីជាការប្រសើរ ចូរព្យាយាមរួមបញ្ចូលអាហារដែលមានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ទាំងនេះក្នុងរបបអាហារប្រចាំថ្ងៃ។
៦. អាចម៍ត្រចៀកមានក្លិនមិនល្អ ឬស្អុយខ្លាំង
ប្រសិនបើអាចម៍ត្រចៀករបស់អ្នកមានក្លិនមិនល្អខ្លាំង វាអាចជាអាការៈមួយនៃការឆ្លងមេរោគក្នុងផ្នែកកណ្ដាលនៃត្រចៀក។ ជាទូទៅក្រៅពីក្លិនមិនល្អហើយនោះ អ្នកក៏អាចនឹងលឺសំលេងអ្វីម្យ៉ាង ឬដូចជាសម្លេងផ្ទុះក្នុងត្រចៀកពីមួយពេលទៅមួយពេល។ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអាការៈទាំងនេះលេចឡើង៕