ទង្វើនិងទម្លាប់មួយចំនួនអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើសុខភាពស្បែក។ ថាតើមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរបញ្ឈប់ប្រសិនបើចង់រក្សាសុខភាពស្បែកស្រស់ស្អាត ៖
១. ប្រើប្រាស់ផលិតផលថែរក្សាស្បែកដែលមានផ្ទុកជាតិអាល់កុល
ផលិតផលថែរក្សាស្បែកភាគច្រើនមានផ្ទុកជាតិអាល់កុលដែលនាំឱ្យស្បែកស្ងួត។ ដូច្នេះដើម្បីជាការប្រសើរ ប្រសិនបើអញនកមានស្បែកខ្លាញ់ចូរជ្រើសរើសផលិតផលថែរក្សាស្បែកដែលមានផ្ទុកជាតិអាល់កុលមិនលើសពី ៥ភាគរយ។ ខណៈដែលស្បែកប្រភេទផ្សេងទៀតមិនគួរប្រើប្រាស់ផលិតផលថែរក្សាដែលមានផ្ទុកជាតិអាល់កុលឡើយ។
២. លាងសម្អាតមុខញឹកញាប់ពេក
ការលាងសម្អាតមុខច្រើនជាងពី ២ ទៅ ៣ដងក្នុងមួយថ្ងៃអាចបង្កការរលាកដល់ស្បែក និងថែមទាំងធ្វើឱ្យស្បែកស្ងួតផងដែរ។ ជាលទ្ធផលរាងកាយចាប់ផ្ដើមផលិតជាតិប្រេង ឬខ្លាញ់កាន់តែច្រើនដើម្បីការពារស្បែកមិនឱ្យស្ងួត។ ហើយជាតិប្រេង ឬខ្លាញ់កាន់តែកើនឡើងប៉ុណ្ណា ហានិភ័យនៃការឡើងមុនលើស្បែកកាន់តែខ្ពស់ប៉ុននោះ។
៣. ប្រើប្រាស់កន្សែងជូតសម្ងួតស្បែកមុខ
បញ្ហានោះ គឺសសៃក្រណាត់កន្សែងដែលសើមបង្កើតជាបរិយាកាសដ៏ល្អបំផុតមួយសម្រាប់បាក់តេរីលូតលាស់ ហើយបាក់តេរីទាំងនោះអាចបង្កការរលាក។ បន្ថែមពីនេះការប្រើប្រាស់កន្សែងដុសជូតលើមុខអាចបង្កការបំផ្លាញដល់ស្បែកបានយ៉ាងងាយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរឧស្សាហ៍ផ្លាស់ប្ដូរកន្សែងជូតមុខ និងកុំប្រើប្រាស់វាដុស ឬជូតខ្លាំងលើស្បែកមុខ គឺគ្រាន់តែផ្ដិតថ្នមៗបានហើយ។
៤. ប្រើប្រាស់ផលិតផលថែរក្សាស្បែកប្រភេទផ្សេងៗពីគ្នា
ស្បែករបស់អ្នកត្រូវតែស៊ាំនឹងផលិតផលទាំងអស់ដែលអ្នកប្រើ។ ប្រសិនបើអ្នកប្រើប្រាស់គ្រីមនិងឡេច្រើពេក ឬផ្លាស់ប្ដូរប្រភេទនៃផលិតផលទាំងនេះញឹកញាប់ពេក ស្បែកអាចប្រែជាស្រអាប់និងរលាកដោយសារវាមិនអាចស៊ាំជាមួយប្រភេទនៃការព្យាបាលថ្មីៗឡើយ។
៥. ត្រូវម៉ាស៊ីតត្រជាក់សឹងតែគ្រប់ពេល
រួមទាំងក្នុងរថយន្ត, នៅផ្ទះ, ការិយាល័យ ឬកន្លែងធ្វើការ និងនៅកន្លែងផ្សេងៗទៀត គឺអាចបណ្ដាលឱ្យស្បែកប្រែជាស្ងួត។ ប្រសិនបើអ្នកចំណាយពេលច្រើនស្ថិតក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ចូរកុំភ្លេចប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកដែលមានគុណភាពខ្ពស់។
៦. គេងមិនបានច្រើនគ្រប់គ្រាន់
ការគេងមិនបានច្រើនគ្រប់គ្រាន់អាចបង្កបញ្ហាស្ត្រេសដែលបង្កើនកម្រិតនៃអ័រម៉ូន cortisol ជះឥទ្ធិពលលើបរិមាណនៃការផលិតជាតិប្រេង ឬខ្លាញ់ ហើយអាចបង្កបញ្ហាចាស់មុនវ័យ។ នៅពេលពួកយើងគេង កម្រិតនៃអ័រម៉ូនស្ត្រេស cortisol ថយចុះ ហើយស្បែកក៏អាចទទួលបានការសម្រាកខ្លះផលដែរ។ ដូច្នេះការគេងបានស្កប់ និងច្រើនគ្រប់គ្រាន់ គឺជារូបមន្តដ៏ល្អសម្រាប់ថែរក្សាសម្រស់។
សម្គាល់! ត្រូវចាំក្នុងចិត្តថាអ្នកគួរថែរក្សាស្បែកពេញរាងកាយតែម្ដងមិនមែនតែមួយផ្នែកៗប៉ុណ្ណោះទេ។ ចូរដុសសម្អាតស្បែកក្រោយពេលធ្វើសកម្មភាពរាងកាយ ឬក្រោយពេលរៀបចំអាហារខ្លាញ់ ហើយចៀសវាងផលិតផលថែរក្សាស្បែកខ្លាញ់ ឬប្រើប្រាស់ផលិតផលផ្ដល់សំណើមច្រើនពេក។ ប្រសិនបើអ្នកសម្គាល់ឃើញដុំពកតូចៗ ឬល្អិតៗលើស្បែក អ្នកគួរចាំថារោគមុនលើស្បែកនិងវិធីព្យាបាលវាមានច្រើនប្រភេទណាស់ ដូច្នេះគួរកុំស្ទាក់ស្ទើនឹងពិគ្រោះយោបល់សុំជំនួយពីគ្រូពេទ្យសើស្បែក ឬគ្រូពេទ្យជំនាញ៕