ថាតើនឹងមានអ្វីកើតឡើងខ្លះនៅពេលអ្នកចាប់ផ្ដើមប្រើប្រាស់ទឹកប្រទាលកន្ទុយក្រពើស្រស់ៗ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗដែលលេចឡើងក្រោយពេលអ្នកចាប់ផ្ដើមប្រើប្រាស់ប្រទាលកន្ទុយក្រពើស្រស់ ៖
១. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ទឹកប្រទាលកន្ទុយក្រពើស្រស់ គឺល្អណាស់សម្រាប់ពង្រឹងមុខងារនៃប្រព័ន្ធការពាររបស់រាងកាយ។ វាក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលពង្រឹងប្រព័ន្ធភាពស៊ាំផងដែរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាងសម្អាតនិងវះប្រទាលកន្ទុយក្រពើ ១ធាងយកសាច់លាយក្នុងទឹក ១កែវ។ បន្ទាប់មកសឹមយកទៅកម្ដៅលើចង្ក្រានរហូតដល់ជែលប្រទាលកន្ទុយក្រពើរលាយក្នុងទឹក។ អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចចូលដើម្បីបង្កើនរសជាតិមុនពេលទទួលទាន។
២. ជួយឱ្យសក់រឹងមាំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនលាយសាច់ប្រទាលកន្ទុយក្រពើស្រស់ ១ធាងជាមួយប្រេងអាល់ម៉ុន ១ស្លាបព្រាកាហ្វេឱ្យសព្វចូលគ្នា។ បន្ទាប់មកលាបល្បាយលើសក់ និងពាក់មួកផ្លាស្ទិកគ្របឱ្យជិត។ រងចាំសម្រាប់រយៈពេល ២០នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ រូបមន្តនេះល្អណាស់សម្រាប់ពង្រឹងភាពរឹងមាំនៃសក់, ជម្រុញការលូតលាស់ និងផ្ដល់ពន្លឺដល់សក់។ អ្នកក៏អាចកិនលាយជែលប្រទាលកន្ទុយក្រពើស្រស់ ២ ស្លាបព្រាបាយជាមួយទឹកក្រូចឆ្មារស្រស់ ១ ស្លាបព្រាបាយ និងបន្ថែមប្រេងដូង ៣ ស្លាបព្រាបាយចូល។ កូរលាយឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់។ ទុកចោលសម្រាប់រយៈពេល ២០ នាទី សឹមលាងសម្អាតចេញដូចពេលធម្មតា។ អនុវត្តឱ្យបាន ៣ ដងក្នុងមួយសប្តាហ៍។
៣. ផ្ដល់សារធាតុចិញ្ចឹមដល់ស្បែក
ប្រទាលកន្ទុយក្រពើមិនត្រឹមតែផ្ដល់សំណើមដល់ស្បែកនិងធ្វើឱ្យភាពយឺតបត់បែននៃស្បែកកាន់តែមានលក្ខណៈប្រសើរឡើងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយពន្យឺតដំណើរការនៃភាពចាស់តាមវ័យផងដែរ។ អ្នកអាចលាយទឹកប្រទាលកន្ទុយក្រពើស្រស់ៗ ៦ស្លាបព្រាបាយជាមួយទឹកធម្មតា ៣ស្លាបព្រាបាយ និងអាល់កុល ៥ស្លាបព្រាបាយ។ កូរឱ្យសព្វ សឹមព្យាបាលស្បែកជាមួយឡេនេះរាល់ថ្ងៃដោយលាបវាលើស្បែកមុខ និងក។ រងចាំសម្រាប់រយៈពេល ១០នាទី សឹមលាងសម្អាតចេញ និងកុំភ្លេចលាបគ្រីមរក្សាសំណើមស្បែកបន្តិចផង។
៤. ព្យាបាលស្បែករលាកដោយសារកម្ដៅថ្ងៃ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែយកជែលប្រទាលកន្ទុយក្រពើមួយចំនួនទៅដាក់ក្នុងទូរទឹកកកឱ្យត្រជាក់សម្រាប់រយៈពេល ៣០ នាទី។ បន្ទាប់មកលាបវាលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់។ កុំជូតចេញត្រូវទុករហូតដល់ស្ងួត។ អនុវត្តឱ្យបានពី ៥ ទៅ ៦ ដងជាប្រចាំរហូតដល់ជាសះស្បើយ។
៥. កម្ចាត់មុន
អ្វីដែលអ្នកត្រូវធ្វើ គឺលាយជែលប្រទាលកន្ទុយក្រពើ ១ស្លាបព្រាបាយ ជាមួយទឹកឃ្មុំ ១ស្លាបព្រាបាយចូលគ្នា។ កូរឱ្យសព្វ សឹមលាបល្បាយលើផ្ទៃមុខ ឬផ្នែកផ្សេងទៀតនៃរាងកាយដែលទទួលរងផលប៉ះពាល់។ ទុកចោលសម្រាប់រយៈពេលយ៉ាងហោចណាស់ ២០ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៦. ល្អសម្រាប់ព្យាបាលអាការៈច្រាលទឹកអាស៊ីតក្រពះ
ការទទួលទានទឹកប្រទាលកន្ទុយក្រពើ ក៏មានអត្ថប្រយោជន៍ណាស់ដែរខណៈពេលអ្នកកំពុងទទួលរងបញ្ហាច្រាលអាស៊ីតក្រពះ ដោយភេសជ្ជៈនេះជួយគ្របស្រទាប់បំពង់អាហារនិងក្រពះទប់ស្កាត់ការរលាក។ ទោះជាយ៉ាងណាត្រូវប្រាកដថា ទឹកប្រទាលកន្ទុយក្រពើដែលអ្នកយកមកទទួលទាន គឺសុទ្ធ ១០០ ភាគរយ។
៧. កាត់បន្ថយកំណកកំបោរជាប់ធ្មេញ
តើអ្នកធ្លាប់ដឹងទេថាទឹកប្រទាលកន្ទុយក្រពើស្រស់អាចប្រើប្រាស់ដើម្បីកម្ចាត់កំណកកំបោរជាប់ធ្មេញបាន? អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែបង្កើតទឹកខ្ពុរមាត់ផ្សំចេញពីប្រទាលកន្ទុយក្រពើ។ លើសពីនេះទៅទៀតគ្រាន់តែខ្ពុរមាត់ជាមួយទឹកប្រទាលកន្ទុយក្រពើស្រស់យ៉ាងហោចណាស់ ៣ ដងក្នុងមួយថ្ងៃក៏អាចព្យាបាលអាការៈឈាមអញ្ចាញផងដែរ។ ប្រទាលកន្ទុយក្រពើមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងបាក់តេរីដែលជួយឱ្យអញ្ចាញធ្មេញឆាប់ជាសះស្បើយ៕