តើអ្នកធ្លាប់ដឹងទេថាគ្រាប់អាល់ម៉ុនអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាពទប់ស្កាត់ជំងឺសាហាវៗ? គ្រាប់ធញ្ញជាតិនេះជាអាហារសម្រន់ដ៏សាកសមបំផុតមួយដែលអ្នកគួររួមបញ្ចូលក្នុងរបបអាហារប្រចាំថ្ងៃ ប្រសិនបើចង់រក្សាបាននូវសុខភាពល្អប្រសើរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានគ្រាប់ធញ្ញជាតិអាល់ម៉ុន ៤គ្រាប់ក្នុងមួយថ្ងៃជាប្រចាំ ៖
១. កាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ
គ្រាប់អាល់ម៉ុនមានផ្ទុកសម្បូរទៅដោយអាស៊ីតខ្លាញ់អូមេហ្គា ៣ និងអាស៊ីតខ្លាញ់ល្អ monounsaturated ដែលជួយកាត់បន្ថយកម្រិតនៃជាតិកូឡេស្តេរ៉ូលទប់ស្កាត់ហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល ជំងឺស្ទះសសៃឈាមបេះដូង គាំងបេះដូងគួរឱ្យកត់សម្គាល់។ គ្រាប់ធញ្ញជាតិនេះក៏មានប្រសិទ្ធិភាពកាត់បន្ថយការរលាកនិងធ្វើអោយមុខងារសសៃឈាមក្នុងរាងកាយកាន់តែមានលក្ខណៈប្រសើរឡើងផងដែរ។ ប្រសិនបើអ្នកកំពុងជួបប្រទះបញ្ហាលើសកូឡេស្តេរ៉ូលមិនល្អហើយនោះ ចូរបង្កើនការទទួលទានគ្រាប់ធញ្ញជាតិអាល់ម៉ុន ប៉ុន្តែមិនត្រូវញ៊ាំច្រើនពេកលើសពី ១ក្ដាប់ដៃក្នុងមួយថ្ងៃឡើយ។
២. សក់មានសុខភាពល្អ
គ្រាប់ធញ្ញជាតិអាល់ម៉ុនជាប្រភពដ៏ប្រសើរនៃវីតាមីននិងជាតិរ៉ែសំខាន់ដែលរាងកាយត្រូវការចាំបាច់ដើម្បីបង្កើនការលូតលាស់ ក៏ដូចជារក្សាភាពរឹងមាំនៃសក់។ ម៉ាញ៉េស្យូម និងស័ង្កសីក្នុងគ្រាប់អាល់ម៉ុនជួយជម្រុញការលូតលាស់សក់, វីតាមីន E ធ្វើឱ្យសក់មានភាពរឹងមាំ ហើយវីតាមីន B វិញផ្ដល់ឱ្យសក់នូវភាពរលាស់មានពន្លឺ។
៣. ទប់ស្កាត់ជំងឺបេះដូង
សារធាតុប្រឆាំងអុកស៊ីតកម្ម, ជាតិខ្លាញ់ monounsaturated, ម៉ាញ៉េស្យូម និងជាតិរ៉ែទង់ដែងក្នុងគ្រាប់អាល់ម៉ុន គឺល្អណាស់សម្រាប់ពង្រឹងសុខភាពបេះដូងនិងសសៃឈាមដែលទប់ស្កាត់ហានិភ័យនៃជំងឺបេះដូងគួរឱ្យកត់សម្គាល់។
៤. ទប់ស្កាត់ការលេចឡើងនូវស្នាមជ្រីវជ្រួញលើស្បែក
គ្រាប់ធញ្ញជាតិអាល់ម៉ុនមានផ្ទុកសម្បូរទៅដោយម៉ង់កាណែសជួយដល់ការផលិតកូឡាជែនដែលជាប្រូតេអ៊ីនមួយប្រភេទទទួលខុសត្រូវសម្រាប់ពណ៌នៃស្បែក។ ចំណែកបរិមាណនៃវីតាមីន E ក្នុងគ្រាប់អាល់ម៉ុនវិញជួយប្រយុទ្ធប្រឆាំងសញ្ញានៃភាពចាស់តាមវ័យ រួមបញ្ចូលទាំងស្នាមជ្រីវជ្រួញលើស្បែក។
៥. ល្អសម្រាប់សុខភាពភ្នែក
នេះក៏ព្រោះតែគ្រាប់អាល់ម៉ុនជាប្រភពដ៏ប្រសើរនៃវីតាមីន E ដែលមានប្រសិទ្ធភាពការពារភ្នែកដោយទប់ស្កាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញរាល់កោសិការួមបញ្ចូលទាំងក្នុងភ្នែក។
៦. សុខភាពខួរក្បាលកាន់តែប្រសើរឡើង
នោះក៏ព្រោះតែគ្រាប់ធញ្ញជាតិអាល់ម៉ុនជាប្រភពដ៏ប្រសើរនៃអាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលចាំបាច់សម្រាប់បង្កើនសុខភាពខួរក្បាល។ ជាតិខ្លាញ់អូមេហ្គា ៣ ក៏ជួយបង្កើតកោសិកាខួរក្បាល រួមទាំងសសៃប្រសាទផងដែរ។ គ្រាប់ធញ្ញជាតិនេះក៏ផ្ដល់អោយខួរខ្បាលនូវសារធាតុចិញ្ចឹមចាំបាច់ផ្សេងទៀតផងដែរ។ ម្យ៉ាងវិញទៀតក៏ដូចនឹងគ្រាប់វ៉ាល់ណឺតដែរ គ្រាប់អាល់ម៉ុនផ្ដល់ឱ្យរាងកាយនូវអាស៊ីតខ្លាញ់ល្អ ALA។ គ្រាប់ធញ្ញជាតិនេះក៏មានផ្ទុកវីតាមីន E ព្រមតាំងវីតាមីន B6 ដែលចាំបាច់សម្រាប់ប្រព័ន្ធសសៃប្រសាទដើម្បីដំណើរការមុខងារបានត្រឹមត្រូវនិងប្រយុទ្ធប្រឆាំងរ៉ាឌីកាល់សេរីផងដែរ។
៧. បន្សាបជាតិពុលក្នុងថ្លើម
គ្រាប់អាល់ម៉ុនក៏មានផ្ទុកនូវសារធាតុចិញ្ចឹមដែលមានប្រយោជន៍សម្រាប់សុខភាពថ្លើមផងដែរ។ ក្រៅពីអាស៊ីតខ្លាញ់អូមេហ្កា ៣ គ្រាប់អាល់ម៉ុនជាប្រភពដ៏ល្អបំផុតមួយនៃសារធាតុ glutathione និងធាតុចាំបាច់ច្រើនទៀត ក៏ដូចជាសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយធ្វើអោយថ្លើមមានសុខភាពល្អរឹងមាំ៕