ជំងឺគាំងបេះដូង គឺគ្រោះថ្នាក់ណាស់ចំពោះសុខភាពរបស់អ្នកដោយវាអាចបណ្ដាលឱ្យស្លាប់មុនវ័យទៀតផង។ ទោះជាយ៉ាងណាមុនពេលជំងឺនេះរើឡើង ឬធ្វើទុក្ខ រាងកាយនឹងបញ្ជូនសញ្ញាមួយចំនួនដែលពួកយើងមិនគួរមើលរំលងឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរោគសញ្ញាចំនួន ៦ នៃជំងឺគាំងបេះដូងដែលកើតឡើងចំពោះតែមនុស្សស្រី ៖
១. ឈឺខ្នង, ក, ចង្កា និងដៃ
ជាញឹកញយអាការៈនៃជំងឺគាំងបេះដូង គឺតែងបង្កការឈឺចាប់នៅក្នុងទ្រូង ឬដៃផ្នែកខាងឆ្វេង ទោះជាយ៉ាងណាការឈឺចាប់ត្រង់ផ្នែកខាងនេះក៏អាចធ្វើឱ្យអ្នកមានអារម្មណ៍ឈឺដល់ក ឬចង្កាផងដែរ។ ការឈឺចាប់អាចលេចឡើងភ្លាមៗ ឬឈឺស្រួចស្រាវ។ ហើយអាការៈឈឺចាប់នេះអាចសូម្បីតែធ្វើឱ្យអ្នកដឹងខ្លួននៅពាក់កណ្ដាលយប់។ ដូច្នេះដើម្បីជាការប្រសើរ ក្នុងករណីសម្គាល់ឃើញអាការៈ ឬរោគសញ្ញាមិនប្រក្រតីណាមួយលេចឡើង ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញឱ្យសោះ។
២. ឈឺចាប់ក្នុងពោះ និងធ្លាក់ខ្លួនឈឺ
រោគសញ្ញាដទៃទៀតនៃជំងឺគាំងបេះដូងចំពោះស្ត្រី គឺអាចបង្កការភ័ន្តច្រឡំជាមួយអាការៈនៃការពុលអាហារ, ជំងឺផ្ដាសាយ ឬក្រហាយទ្រូងធ្ងន់ធ្ងរ។ ជួនកាលស្ត្រីអាចជួបប្រទះអាការៈដូចជាមានសម្ពាធក្នុងតំបន់ពោះ ឬប្រៀបបាននឹងមានដំរីមួយក្បាលអង្គុយលើពោះអញ្ចឹង។
៣. បែកញើសត្រជាក់ស្រឹប
ការបែកញើសត្រជាក់ស្រឹបក៏ជារោគសញ្ញាទូទៅបំផុតមួយទៀតដែលកើតមានលើមនុស្សស្រីផងដែរ។ ទោះជាយ៉ាងណារោគសញ្ញានេះក៏អាចផ្សារភ្ជាប់នឹងភាពតានតឹង ឬស្ត្រេសផងដែរ។ ដើម្បីជាការប្រសើរប្រសិនបើអ្នកមិនធ្លាប់មានរោគសញ្ញាស្រដៀងគ្នាពីមុនមកទេ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
៤. ភាពខ្លីនៃដង្ហើម និងវិលមុខ
បញ្ហានៃការដកដង្ហើមដែលលេចឡើងដោយគ្មានមូលហេតុអាចជារោគសញ្ញាគួរឱ្យបារម្ភមួយនៃជំងឺគាំងបេះដូង ជាពិសេសប្រសិនបើវាមានអមមកជាមួយនូវរោគសញ្ញាដទៃទៀត។ ស្ត្រីមួយចំនួនដែលធ្លាប់ជួបប្រទះរោគសញ្ញានេះបានឱ្យដឹងថាពួកគេមានអារម្មណ៍ដូចទើបនឹងរត់ប្រណាំងរួច ទោះបីមិនបានកម្រើកខ្លួន ឬធ្វើចលនាអ្វីក៏ដោយ។
៥. អស់កម្លាំងខ្លាំង
ប្រសិនបើសូម្បីតែនៅពេលសម្រាកច្រើនណាស់ទៅហើយ ប៉ុន្តែអ្នកនៅតែមានអារម្មណ៍អស់កម្លាំងខ្លាំង និងមិនអាចធ្វើសកម្មភាពធម្មតាមួយចំនួន (ឧទាហរណ៍៖ ការទៅបន្ទប់ទឹក) នេះវាអាចជារោគសញ្ញាគួរឱ្យបារម្ភមួយដែលអ្នកគួរយកចិត្តទុកដាក់ទៅលើស្ថានភាពនៃប្រព័ន្ធសសៃឈាមបេះដូង។
៦. ការឈឺចាប់និងសម្ពាធឈាមក្នុងទ្រូង
ការឈឺចាប់ក្នុងទ្រូង, មានភាពមិនស្រួល, ក្រហាយទ្រូង និងអារម្មណ៍ដូចធ្ងន់ ឬមានសម្ពាធលើទ្រូង គឺសុទ្ធតែអាចជារោគសញ្ញានៃជំងឺគាំងបេះដូងចំពោះស្ត្រី។ ទោះជាយ៉ាងណាស្ត្រីមួយចំនួន គឺជួបប្រទះអាការៈឈឺចាប់ពេញទ្រូងតែម្ដង មិនមែនត្រឹមតែផ្នែកខាងឆ្វេងឡើយ។ ប្រសិនបើការឈឺចាប់ ឬសម្ពាធមិនបាត់ទៅវិញសោះក្នុងរយៈពេលពី ២ ទៅ ៣នាទី ចូរប្រញាប់ខលរកជំនួយពីគ្រូពេទ្យជំនាញភ្លាម។
សម្គាល់! ទោះបីរោគសញ្ញាទាំងនេះមិនអាចធានាបានថាអ្នកកំពុងប្រឈមមុខនឹងជំងឺគាំងបេះដូងដំណាក់កាលដំបូង ប៉ុន្តែការគួបផ្សំគ្នានៃរោគសញ្ញាទាំងនេះ ក៏ដូចជាការកើតឡើងញឹកញាប់នូវរោគសញ្ញាដដែលៗ គឺអាចបញ្ជាក់បានថាអ្នកចាំបាច់គួរទៅជួបទទួលការពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យជំនាញហើយ។ ការព្យាបាលទាន់ពេលវេលានឹងអាចជួយសង្គ្រោះជីវិតរបស់អ្នកបាន!