កំពុងជួបប្រទះអាការៈអស់កម្លាំងជាញឹកញយមែនទេ? អាការៈនេះអាចបណ្ដាលមកពីមូលហេតុមួយចំនួន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុមួយចំនួននៃបញ្ហាឧស្សាហ៍មានអារម្មណ៍អស់កម្លាំង ៖
១. កង្វះជាតិដែកក្នុងរាងកាយ
កង្វះជាតិដែកក្នុងរាងកាយ ឬជំងឺខ្វះគ្រាប់ឈាមក្រហម គឺអាចបណ្ដាលឱ្យការផលិតអេម៉ូក្លូប៊ីមានការថយចុះ។ ជាលទ្ធផលកោសិកាមិនអាចទទួលបាននូវអុកស៊ីសែនគ្រប់គ្រាន់នាំឱ្យអ្នកអស់កម្លាំងជាប្រចាំតែម្ដង។ ទោះជាយ៉ាងណាវាតែងអមមកជាមួយនូវអាការៈដទៃទៀតរួមមានអារម្មណ៍ចង់ទទួលទានអ្វីប្លែកៗ (ជាញឹកញយ គឺទឹកកក, ជួនកាលអាហារម្សៅៗ), ដៃ ឬជើងត្រជាក់ជាប់, ភាពមិនស្រួលក្នុងទ្រូង, ភាពខ្លីនៃដង្ហើម, ស្បែកស្លេកស្លាំង, ក្រចកផុយស្រួយឆាប់បាក់, អណ្ដាតហើម ឬឈឺចាប់។ ក្នុងដំណាក់កាលដំបូងបញ្ហាកង្វះជាតិដែកអាចត្រូវបានដោះស្រាយតាមរយៈការបង្កើនអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែកក្នុងរបបអាហារប្រចាំថ្ងៃ។
២. កង្វះវីតាមីន B12
អស់កម្លាំង គឺជារោគសញ្ញាដំបូងបំផុតមួយនៃបញ្ហាកង្វះវីតាមីន B12។ ទោះជាយ៉ាងណាវាច្រើនអមមកជាមួយនូវរោគសញ្ញាដទៃទៀតរួមមានអារម្មណ៍មិនល្អ, ចង់តែយំ, ថប់បារម្ភ, មើលមិនសូវច្បាស់ ឬព្រិលភ្នែកហាក់ដូចជាឃើញស្រមោលមិនប្រក្រតី, ស្បែកប្រែជាស្លេកស្លាំង ឬលឿង, អណ្ដាតឡើងរលោង, ស្ពឹក ឬឈឺឆៀបៗ ក្រហាយអវៈយវៈ។ ក្រៅពីបង្កើនការរួមបញ្ចូលអាហារសម្បូរវីតាមីន B12 ក្នុងរបបអាហារប្រចាំថ្ងៃ អ្នកក៏អាចពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីអាចប្រើប្រាស់ថ្នាំគ្រាប់វីតាមីនដែលមានវេជ្ជបញ្ជាត្រឹមត្រូវ។
៣. បញ្ហាក្រពេញទីរ៉ូអ៊ីត
ជំងឺក្រពេញទីរ៉ូអ៊ីត hypothyroidism គឺបណ្ដាលឱ្យក្រពេញទីរ៉ូអ៊ីតមិនអាចផលិតអ័រម៉ូនទីរ៉ូអ៊ីតបានគ្រប់គ្រាន ហើយតែងអមមកជាមួយនូវអាការៈអស់កម្លាំង។ រោគសញ្ញាដទៃទៀតរួមមានហើម-ក, ហើមត្របកភ្នែក, ហើយពេលខ្លះអាចហើមជើង, ភាពចាញ់ត្រជាក់កើនឡើង, ការឈឺចាប់មិនស្រួលក្នុងសន្លាក់និងសាច់ដុំ, ភាពប្រែប្រួលនៃសម្លេង, ស្បែកស្ងួត, សក់ស្ដើង ឬជ្រុះ។
៤. ជំងឺពោះវៀន
ភាពអសកម្មនៃមុខងារពោះវៀនអាចបណ្ដាលឱ្យបរិមាណនៃបាក់តេរីគ្រោះថ្នាក់កើនឡើងគួរឱ្យបារម្ភ។ នៅពេលបាក់តេរីទាំងអស់នេះងាប់ វាបញ្ចេញជាតិពុលម្យ៉ាងដែលជះឥទ្ធិពលអវិជ្ជមានលើប្រព័ន្ធសសៃប្រសាទដែលនាំឱ្យអ្នកអស់កម្លាំង។ រោគសញ្ញាដទៃទៀតរួមមានជាតិហ្គាសលើសកម្រិតក្នុងពោះ, ការឈឺចាប់ក្នុងពោះ, រសជាតិមិនល្អក្នុងមាត់, ឡើងច្រាំងអណ្ដាតពណ៌ស និងចង្អោរចង់ក្អួត។
៥. ជំងឺថ្លើម
ជំងឺថ្លើមទូទៅបំផុតដែលតែងអមមកជាមួយនូវអាការៈអស់កម្លាំង គឺជំងឺរលាកថ្លើមប្រភេទ A និងជំងឺរលាកថ្លើមប្រភេទ B។ អាការៈអស់កម្លាំងក៏អាចជារោគសញ្ញានៃបញ្ហាប្រមាត់ ឬជំងឺក្រិនថ្លើម។ រោគសញ្ញាដទៃទៀតរួមមានការឈឺចាប់ក្រោមឆ្អឹងជំនីផ្នែកខាងស្ដាំ, ស្បែកឡើងពណ៌លឿង, ក្ដៅខ្លួនតិចៗ, ចង្អោរចង់ក្អួត និងចំណង់អាហារមិនល្អ។
៦. ខ្សោះជាតិទឹករ៉ាំរ៉ៃ
ទឹកដើរតួនាទីសំខាន់ណាស់ចំពោះសុខភាពរាងកាយ ហើយជួយរក្សាក៏ដូចជាបង្កើនកម្រិតថាមពល។ ប្រសិនបើអ្នកខ្សោះជាតិទឹកក្នុងរាងកាយនោះវានឹងបង្កផលប៉ះពាល់ដល់មុខងារបេះដូងនាំឱ្យអ្នកឆាប់ហត់។ រោគសញ្ញាដទៃទៀតនៃបញ្ហាខ្សោះជាតិទឹករ៉ាំរ៉ៃរួមមានឃ្លានតែទទួលទានអ្វីផ្អែម, ពិបាកគេងលក់, វិលមុខ, ឈឺក្បាល, ស្ងួតមាត់ និងក្លិនមាត់មិនល្អ។ ដូច្នេះដើម្បីជាការប្រសើរចូររក្សាជាតិទឹកឱ្យបានច្រើនគ្រប់គ្រាន់ក្នុងរាងកាយ។
សម្គាល់! ប្រសិនបើអាការៈអស់កម្លាំងនិងរោគសញ្ញាដទៃទៀតមិនបាត់ទៅវិញក្រោយរយៈពេលច្រើនសប្តាហ៍ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យដើម្បីអាចទទួលបានការព្យាបាលត្រឹមត្រូវទៅតាមមូលហេតុជាក់ស្ដែង៕