ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ជួបប្រទះអាការៈងងុយគេងភ្លាមៗក្រោយពេលញ៊ាំអាហារ។ ដឹងទេវាមិនត្រឹមតែបណ្ដាលមកពីអ្នកចូលចិត្តគេង ឬអស់កម្លាំងដោយសារធ្វើការពេញមួយថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែវាក៏ដោយសារតែអាហារមួយចំនួនដែលអ្នកបានទទួលទានផងដែរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីប្រភេទនៃអាហារដែលធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេងក្រោយពេលទទួលទាន ជាពិសេសប្រសិនបើញ៊ាំចូលគ្នា ៖
១. ផលិតផលអាហារផ្សំឡើងពីទឹកដោះគោ
ក្នុងចំណោមផលិតផលអាហារផ្សំឡើងពីទឹកដោះគោ, ឈីស គឺអាចធ្វើឱ្យអ្នកងងុយគេងខ្លាំងជាងគេខណៈដែលវាមានផ្ទុកសម្បូរទៅដោយបរិមាណនៃជាតិកាល់ស្យូម។ បន្ថែមពីនេះការបន្ថែមនំស្រួយក្នុងឈីសនឹងបង្កើតជាឥទ្ធិពលមួយធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេងខ្លាំង ខណៈដែលកាបូអ៊ីដ្រាតបង្កើនមុខងារនៃសារធាតុ tryptophan។
២. គ្រាប់ធញ្ញជាតិអាល់ម៉ុន
គ្រាប់អាល់ម៉ុនមានផ្ទុកសម្បូរទៅដោយសារធាតុ tryptophan ដែលជាអាស៊ីតអាមីណូមួយប្រភេទដែលផលិតមេឡាតូនីនធ្វើឱ្យអ្នកងងុយគេង។ គ្រាប់ធញ្ញជាតិនេះក៏ជាប្រភពដ៏ប្រសើរនៃជាតិម៉ាញ៉េស្យូមដែលជួយបន្ធូរសាច់ដុំនិងធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេងផងដែរ។
៣. ចេក
ជាតិស្ករក្នុងផ្លែឈើ, ប៉ូតាស្យូម និងម៉ាញ៉េស្យូមដែលមានក្នុងផ្លែចេកងាយធ្វើឱ្យសារធាតុ tryptophan ជ្រាបចូលក្នុងខួរក្បាល ហើយអ្នកនឹងមានអារម្មណ៍ងងុយគេង។
៤. គ្រាប់ធញ្ញជាតិវ៉ាល់ណឺត
ទោះបីជាគ្រាប់ធញ្ញជាតិនេះមានផ្ទុកសារធាតុ tryptophan តិចជាងគ្រាប់អាល់ម៉ុន ប៉ុន្តែវាជាប្រភពដ៏ប្រសើរនៃមេឡាតូនីន។ ការស្រាវជ្រាវបានបង្ហាញថាគ្រាប់វ៉ាល់ណឺតបង្កើនកម្រិតនៃអ័រម៉ូននេះក្នុងឈាម ហើតធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេង។
៥. ឈើរី
ផ្លែឈើនេះមានផ្ទុកមេឡាតូនីនខ្ពស់។ ទោះជាយ៉ាងណាការញ៊ាំផ្លែឈើរីស្រស់ៗមួយក្ដាប់ដៃពេញ ឬការទទួលទានទឹកផ្លែឈើរីស្រស់ៗមួយកែវនឹងធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេងយ៉ាងឆាប់។
៦. តែផ្កា Chamomile
ជាប្រភពនៃអាស៊ីតអាមីណូ glycine ដែលមានប្រសិទ្ធភាពជួយផ្ដល់នូវភាពធូរស្រាលដល់សាច់ដុំនិងប្រព័ន្ធសសៃប្រសាទ។ ក្រោយទទួលទានតែផ្កា chamomile មួយពែង អ្នកប្រាកដជាពិបាកនឹងបើកភ្នែករួចណាស់។
៧. គ្រាប់ល្ពៅ
គ្រាប់ពូជនេះមានផ្ទុកសម្បូរទៅដោយជាតិស័ង្កសីនិងម៉ាញ៉េស្យូមដែលអាចជួយឱ្យអ្នកស្ងប់អារម្មណ៍ និងមានភាពធូរស្រាល ហើយឆាប់ងងុយគេង។
៨. បាយស
មានផ្ទុកសន្ទស្សន៍គ្លីសេមិចខ្ពស់ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ងងុយគេងក្រោយអ្នកបានញ៊ាំរួចរយៈពេលពី ៣ ទៅ ៤ ម៉ោង។ យោងតាមការសិក្សាស្រាវជ្រាវបានឱ្យដឹងថាបាយអង្ករផ្កាម្លិះអាចធ្វើឱ្យអ្នកឆាប់ងងុយគេងខ្លាំងជាងបាយអង្ករដទៃទៀត។
៩. ត្រីសម្បូរខ្លាញ់
អាស៊ីតខ្លាញ់សុខភាពល្អដែលមានផ្ទុកក្នុងត្រីសម្បូរខ្លាញ់ដូចជាត្រីសាលម៉ុន, ត្រីធូណា និងត្រីសម្បូរខ្លាញ់ដទៃទៀតអាចជួយបង្កើនការផលិតមេឡាតូនីន។ អាស៊ីតខ្លាញ់សុខភាពល្អទាំងនេះក៏ជួយកាត់បន្ថយកម្រិតនៃអ័រម៉ូនស្ត្រេសក្នុងឈាមផងដែរ។ ជាលទ្ធផលនៅក្រោយពេលញ៊ាំរួច អ្នកនឹងមានអារម្មណ៍ងងុយគេងជាមិនខាន៕