ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាការងូតទឹកនៅពេលយប់មុនចូលគេងអាចផ្ដល់អត្ថប្រយោជន៍អ្វីខ្លះ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកចាំបាច់គួរងូតទឹកនៅពេលយប់មុនចូលគេង ៖
១. អាចជួយឱ្យគេងលក់បានកាន់តែឆាប់
ការងូតទឹកនៅពេលល្ងាច ឬយប់មុនចូលគេងអាចផ្ដល់នូវភាពធូរស្រាលដល់រាងកាយនិងអារម្មណ៍របស់អ្នក ហើយនៅពេលអ្នកជ្រើសរើសពេលវេលាបានត្រូឹមត្រូវទៀតនោះ វាអាចធ្វើឱ្យអ្នកឆាប់គេងលក់ទៀតផង។ ការងូតទឹក ជាពិសេសទឹកក្ដៅឧណ្ហៗក្នុងកំឡុងពេល ៩០នាទីមុនចូលគេងអាចធ្វើឱ្យអ្នកគេងឆាប់លក់ជាងមុនដល់ទៅប្រមាណជា ១០ដង។ នេះក៏ព្រោះតែទឹកក្ដៅឧណ្ហៗជួយបន្ថយសីតុណ្ហភាពរាងកាយបន្តិចដែលជាលទ្ធផលនៃការបញ្ជូនសញ្ញាមួយទៅរាងកាយថាដល់ម៉ោងចូលគេងហើយ។
២. ល្អសម្រាប់ស្បែក
ការងូតទឹកនៅមុនពេលចូលគេងក៏អាចជួយកាត់បន្ថយនិងទប់ស្កាត់ការលេចឡើងនូវរោគមុនផងដែរ។ សក់របស់យើងប្រមូលផ្ដុំនូវបាក់តេរីនិងភាពកខ្វក់ផ្សេងៗពេញមួយថ្ងៃៗ ដូច្នេះនៅពេលដែលអ្នកដាក់ក្បាលលើខ្នើយ ឬកើយខ្នើយ វាប្រាកដណាស់ថាភាពកខ្វក់ទាំងនោះត្រូវផ្ទេរទៅជាប់នឹងស្រោមខ្នើយ ហើយបន្ទាប់មកក៏រាលដាលដល់ស្បែកមុខ។ ខណៈដែលស្បែកជួសជុលខ្លួនឯងនិងបង្កើតឡើងវិញនូវកោសិកាថ្មីៗនៅពេលអ្នកគេង នោះការសម្អាតស្បែកឱ្យបានស្អាតនិងស្រស់ស្រាយតាមរយៈការងូតទឹក គឺចាំបាច់ណាស់ដើម្បីរក្សាកោសិកាស្បែកថ្មីៗឱ្យមានសុខភាពល្អ។
៣. ធ្វើឱ្យសក់កាន់តែមានសុខភាពល្អរឹងមាំ
ប្រសិនបើអ្នកកក់សម្អាតសក់ពីយប់ អ្នកនឹងមានពេលកាន់តែច្រើនដើម្បីឱ្យវាស្ងួតដោយខ្លួនឯង។ ជាលទ្ធផលសក់នឹងរក្សាបាននូវភាពភ្លឺរលោង ហើយរស់រវើកដោយរក្សាបាននូវសំណើមគ្រប់គ្រាន់ផងដែរ។ ការផ្លុំសម្ងួតសក់នៅពេលព្រឹកដោយប្រញាប់ប្រញាល់អាចបង្កការបំផ្លាញដល់ឬសសក់គួរឱ្យបារម្ភ។ ជាលទ្ធផលសក់ប្រែជាខ្សោយនិងស្រអាប់។
៤. វាជួយប្រយុទ្ធប្រឆាំងការបែកញើសលើសកម្រិត
ខណៈដែលការងូតទឹកនៅពេលព្រឹក គឺជាវិធីដ៏ល្អបំផុតមួយជួយឱ្យអ្នកមានអារម្មណ៍ស្រស់ស្រាយ។ រីឯការងូតទឹកនៅពេលយប់វិញអាចជួយទប់ស្កាត់ក្លិនខ្លួនមិនល្អ។ ការងូតទឹកត្រជាក់នៅមុនពេលចូលគេងអាចជួយកាត់បន្ថយការបែកញើសនៅពេលយប់បានទៀតផង។
៥. អាចទប់ស្កាត់អាការៈរមួលសាច់ដុំ
ប្រសិនបើអ្នកមានអារម្មណ៍ឈឺចាប់សាច់ដុំ ចូរងូតទឹកក្ដៅឧណ្ហៗនៅពេលយប់មុនចូលគេងដើម្បី។ ការងូតទឹកក្ដៅឧណ្ហៗជួយសម្រាលអាការៈឈឺសាច់ដុំនិងធ្វើឱ្យគេងលក់ស្រួលនៅពេលយប់។ ការងូតទឹកក្ដៅឧណ្ហៗក៏អាចទប់ស្កាត់អាការៈរមួលក្រពើ ឬរមួលសាច់ដុំនៅពេលយប់បានយ៉ាងប្រសើរផងដែរ៕