ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ក្រៅពីជំងឺផ្ដាសាយ អាការៈហៀរសំបោរក៏អាចបណ្ដាលមកពីកត្តាផ្សេងទៀតផងដែរ។ ថាតើកត្តាទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុមួយចំនួននៃអាការៈហៀរសំបោរ ៖
១. ច្រាលអាស៊ីតក្រពះ
មិនមែនត្រឹមតែអាការៈក្រហាយទ្រូងនិងមានរសជាតិដូចលោហៈក្នុងមាត់នោះទេដែលជារោគសញ្ញានៃបញ្ហាច្រាលទឹកអាស៊ីតក្រពះ។ អ្នកប្រហែលជាមិនធ្លាប់ដឹងទេថាបញ្ហាក្រហាយទ្រូងប្រភេទ (Silent reflux) អាចបង្កអាការៈក្អកនិងហៀរសំបោរបានផងដែរ។
២. ជំងឺថប់បារម្ភ
យោងតាមអ្នកជំនាញផ្នែកសុខភាពផ្លូវចិត្តជាច្រើនបានឱ្យដឹងថា ជំងឺថប់បារម្ភរយៈពេលវែងអាចបណ្ដាលឱ្យប្រព័ន្ធភាពស៊ាំចុះខ្សោយ ហើយរាងកាយត្រូវស្ត្រេសជាប់ជានិច្ច។ ជាលទ្ធផលអ្នកងាយនឹងកើតជំងឺផ្ដាសាយ ឬអាឡែកស៊ីដែលសុទ្ធតែអាចបង្កអាការៈហៀរសំបោរ។ ដើម្បីជាការប្រសើរ ចូរកុំខ្លាចនឹងជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញឯកទេសជំងឺផ្លូវចិត្ត។
៣. ជំងឺរលាកប្រហោងឆ្អឹងច្រមុះរ៉ាំរ៉ៃ
ជំងឺរលាកប្រហោងឆ្អឹងច្រមុះរ៉ាំរ៉ៃក៏ជាកត្តាចម្បងមួយនៃអាការៈហៀរសំបោរ ទោះបីជាអ្នកមិនមានជំងឺផ្ដាសាយក៏ដោយ។ ជំងឺនេះអាចបណ្ដាលឱ្យពីមូលហេតុជាច្រើន ប៉ុន្តែមួយក្នុងចំណោមនោះ គឺអាឡែកស៊ី។ ដើម្បីជាការប្រសើរ កុំស្ទាក់ស្ទើនឹងទៅជួបទទួលការពិនិត្យពីគ្រូពេទ្យជំនាញ។
៤. គ្រឿងស្រវឹង
អ្នកជំនាញជាច្រើនបានឱ្យដឹងថាសារធាតុមួយចំនួនដែលមានក្នុងស្រាក្រហមអាចបង្កប្រតិកម្មដូចអាឡែកស៊ីលើមនុស្សមួយចំនួន។ ប្រសិនបើអ្នកងាយនឹងមានបញ្ហារលាកច្រមុះ ឬប្រហោងឆ្អឹងច្រមុះដែលអាចបង្កអាការៈហៀរសំបោរ, ការទទួលទានគ្រឿងស្រវឹងអាចបណ្ដាលឱ្យជាលិកាក្នុងប្រហោងឆ្អឹងច្រមុះប្រែជារលាក៕