អាការៈតឹងពោះអាចបណ្ដាលមកពីមូលហេតុមិនដល់ជាច្រើន មិនមែនដោយសារតែការញ៊ាំច្រើនមួយមុខឡើយ។ ថាតើកត្តាអ្វីខ្លះអាចបង្កអាការៈតឹងពោះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលបង្កអាការៈតឹងពោះ ៖
១. ពិបាករំលាយអាហារ
ការទទួលទានច្រើន ឬការញ៊ាំអាហារលឿនពេកអាចបណ្ដាលឱ្យអ្នកជួបប្រទះបញ្ហាពិបាករំលាយអាហារ។ វាក៏អាចអមមកជាមួយនូវអាការៈមិនស្រួលជាច្រើនផ្សេងទៀត ហើយមួយក្នុងចំណោមនោះ គឺអាការៈតឹងក្នុងពោះ។ ដើម្បីទប់ស្កាត់បញ្ហាពិបាករំលាយអាហារ ចូរប្រាកដថាអ្នកមិនទទួលទានច្រើនពេក ឬញ៊ាំលឿនញ៊ាំពេក។ វាក៏ជាការប្រសើរផងដែរ ប្រសិនបើអ្នកឈប់ជក់បារី និងកម្រិតការទទួលទានគ្រឿងស្រវឹង។ កុំភ្លេចព្យាយាមកាត់បន្ថយស្ត្រេស ខណៈដែលវាក៏ជាកត្តាមួយអាចបង្កបញ្ហាពិបាករំលាយអាហារផងដែរ។
២. ទល់លាមក
ប្រសិនបើអាការៈតឹងក្នុងពោះអមមកជាមួយនូវការមិនឈឺបត់ជើងធំតិចជាង ៣ដងក្នុងមួយសប្តាហ៍ ឬពិបាកបតជើងធំ នោះវាអាចបណ្ដាលមកពីអាការៈទល់លាមកហើយ។ ក្រៅពីតឹងពោះ អ្នកក៏អាចមានអារម្មណ៍ឈឺពេញក្នុងពោះផងដែរ។ ដូច្នេះដើម្បីជាការប្រសើរត្រូវប្រាកដថា អ្នកបានទទួលទានអាហារសម្បូរជាតិសសៃ និងទឹកបានច្រើនគ្រប់គ្រាន់។ កុំភ្លេចធ្វើលំហាត់ប្រាណ ឬសកម្មភាពរាងកាយខ្លះផង។
៣. រោគសញ្ញារលាកក្រពះពោះវៀន
បញ្ហានេះក៏អាចបណ្ដាលឱ្យអ្នកមានអារម្មណ៍តឹងពោះផងដែរ។ ជាពិសេសក្រោយពេលរំលាយអាហារនិងភេសជ្ជៈដែលអាចជះឥទ្ធិពលបង្កការរលាកក្រពះពោះវៀន។ ការឈឺចាប់ក្នុងពោះ, ឡើងហ្គាសច្រើនលើស, រាគ ឬសូម្បីតែទល់លាមក គឺសុទ្ធតែអាចកើតមានចំពោះអ្នកដែលជួបបញ្ហារលាកក្រពះពោះវៀន។
៤. ជំងឺរលាកក្រពះ
ជំងឺរលាកក្រពះ គឺជាបញ្ហាប្រព័ន្ធរំលាយអាហារមួយដែលស្រទាប់ខាងក្នុងនៃក្រពះប្រែជារលាក។ ជាលទ្ធផលនៃអាការៈតឹងពោះ។ អ្នកដែលមានបញ្ហារលាកក្រពះក៏ងាយនឹងជួបប្រទះអាការៈពិបាករំលាយអាហារ, ចង្អោរចង់ក្អួត ឬក្អួតតែម្ដង និងឈឺក្នុងពោះ។
៥. ពុលអាហារ
ក្រៅពីតឹងក្នុងពោះ ការពុលអាហារក៏អាចបង្កអាការៈចង្អោរចង់ក្អួត ឬក្អួតតែម្ដង, ចុករមួលក្នុងពោះ, បាត់បង់ចំណង់អាហារ, រាគ និងក្ដៅខ្លួន។ ការពុលកម្រិតស្រាលអាចទប់ទល់បាននៅផ្ទះ ប៉ុន្តែក្នុងករណីធ្ងន់ធ្ងរ អ្នកចាំបាច់គួរទទួលបានការព្យាបាលនៅមន្ទីរពេទ្យ។
៦. រោគសញ្ញាមុនមករដូវ
អាការៈតឹងក្នុងពោះក៏អាចមានទំនាក់ទំនងផ្សារភ្ជាប់នឹងរោគសញ្ញាមុនមករដូវផងដែរ ខណៈដែលវាបណ្ដាលឱ្យមានអតុល្យភាពនៃអ័រម៉ូន។ រោគសញ្ញាមុនមករដូវក៏អមមកជាមួយនូវអាការៈដទៃទៀតរួមមានឈឺក្នុងពោះ, អស់កម្លាំង, អារម្មណ៍ប្រែប្រួល និងឆាប់មួរម៉ៅ៕