ទោះបីជាធ្លាប់ទទួលទានក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងពីអត្ថប្រយោជន៍នៃស្លឹកបន្លែនេះចំពោះសុខភាពឡើយ។ ថាតើស្លឹកឆៃថាវក្រហមអាចផ្ដល់ផលល្អៗអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗទាំងនោះ ៖
១. សម្បូរវីតាមីននិងជាតិរ៉ែចាំបាច់
ស្លឹកនៃមើមឆៃថាវក្រហមមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមកាន់តែច្រើនរួមមានជាតិដែក, កាល់ស្យូម, អាស៊ីតហ្វូលិក, វីតាមីន C និងផូស្វ័រជាងមើមវាទៅទៀត។ វាជួយផ្ដល់នូវសារធាតុចិញ្ចឹមបន្ថែមក្នុងរបបអាហារប្រចាំថ្ងៃ។ សារធាតុទាំងនេះចាំបាច់ណាស់សម្រាប់រក្សាមុខងាររាងកាយល្អប្រសើរ។
២. សម្បូរទៅដោយជាតិសសៃ
ជាតិសសៃក្នុងស្លឹកឆៃថាវក្រហមល្អណាស់សម្រាប់ជួយសម្រួលប្រព័ន្ធរំលាយអាហារទប់ស្កាត់អាការៈទល់លាមកនិងហើមពោះ។
៣. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយនិងកាត់បន្ថយអាការៈអស់កម្លាំង
ជាតិដែកនិងផូស្វ័រខ្ពស់ក្នុងស្លឹកឆៃថាវក្រហមអាចជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ។ បន្ថែមពីនេះវាមានផ្ទុកសម្បូរទៅដោយវីតាមីន C, វីតាមីន A និងសារធាតុ thiamine ដែលជួយទប់ទល់អាការៈអស់កម្លាំង។
៤. កាត់បន្ថយអាការៈនៃជំងឺរលាកសន្លាក់ឆ្អឹង
អ្នកអាចលាយស្លឹកឆៃថាវក្រហមដែលចិញ្ច្រាំម៉ដ្ឋជាមួយស្ករសក្នុងបិរមាណស្មើគ្នា រួចថែមទឹកបន្តិច។ កូរលាយឱ្យសព្វ សឹមប្រើប្រាស់ល្បាយខាប់ៗនេះលាបលើជង្គង់ដែលឈឺហើមដើម្បីបំបាត់អាការៈឈឺចាប់ និងកាត់បន្ថយការហើម។
៥. ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម
នេះក៏ព្រោះតែស្លឹកឆៃថាវក្រហមមានលក្ខណៈសម្បត្តិដែលជួយបន្ថយកម្រិតនៃជាតិស្ករក្នុងឈាម។
៦. លក្ខណៈសម្បត្តិបន្សាបជាតិពុលក្នុងរាងកាយ
ស្លឹកឆៃថាវក្រហមមានផ្ទុកសារធាតុចិញ្ចឹមចាំបាច់ដែលមានលក្ខណៈសម្បត្តិអាចជួយបន្សាប និងកម្ចាត់ជាតិពុលពីក្នុងរាងកាយ៕