មនុស្សមួយចំនួនចូលចិត្តទទួលទានអាហារ ឬបន្លែឆៅ ដោយចាត់ទុកថា ជារបបអាហារសុខភាពល្អ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ពិតណាស់ទោះជាការទទួលទានបន្លែឆៅមួយចំនួន គឺល្អ ប៉ុន្តែក៏អាចផ្ដល់ផលវិបាកមួយចំនួនចំពោះសុខភាពដែរ ហើយការសិក្សាស្រាវជ្រាវមួយចំនួនបានបង្ហាញថា អាហារប៉ុន្មានប្រភេទទៀតនឹងផ្ដល់អត្ថប្រយោជន៍កាន់តែប្រសើរចំពោះសុខភាពប្រសិនបើអ្នកយកវាទៅចម្អិនមុនទទួលទាន។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីប្រភេទនៃបន្លែមួយចំនួនដែលអ្នកគួរចាំបាច់ចម្អិនមុនយកមកបរិភោគ ដូច្នេះទើបរាងកាយអាចទទួលនូវអត្ថប្រយោជន៍កាន់តែច្រើនពីបន្លែទាំងនោះ ៖
១. បន្លែ Cruciferous ៖ ជាពពួកបន្លែដូចជា ផ្កាខាត់ណា, ពន្លកផ្កាស្ពៃ, ផ្កាស្ពៃ, ស្ពៃក្ដោប និងមួយចំនួនទៀតដែលអាចទទួលទានទាំងឆៅបានសម្រាប់មនុស្សភាគច្រើន។ ទោះជាយ៉ាងណា អ្នកខ្លះនឹងជួបប្រទះអាការៈហើមពោះ, ឡើងជាតិហ្គាសក្នុងក្រពះពោះវៀន ហើយពិបាកក្នុងខ្លួនក្រោយទទួលទាន ដោយសារការពិបាករំលាយជាតិស្ករដែលមានវត្តមានក្នុងបន្លែឆៅប្រភេទនេះ។ ជាតិស្ករក្នុងបន្លែប្រភេទ cruciferous គឺងាយនឹងរំលាយណាស់ប្រសិនបើត្រូវបានចម្អិនមុនយកមកទទួលទាន។ ចំពោះអ្នកដែលមានបញ្ហាក្រពះទីរ៉ូអ៊ីដ គួរជៀសវាងការទទួលទានបន្លែប្រភេទ cruciferous ទាំងឆៅ គួរតែចម្អិនសិនជាដាច់ខាត ក៏ព្រោះបន្លែ cruciferous ឆៅ មានឥទ្ធិពលរារាំងដំណើរការនៃក្រពេញទីរ៉ូអ៊ីដដែលអាចធ្វើឲ្យស្ថានភាពនៃក្រពេញទីរ៉ូអ៊ីដកាន់តែអាក្រក់ឡើងគួរឲ្យព្រួយបារម្ភ។
២. ត្រប់វែង ៖ បន្លែនេះមានផ្ទុកនូវសារធាតុ solanine ដែលរារាំងការស្រូបយកនូវជាតិកាល់ស្យូម។ ត្រប់វែង ក៏អាចបង្កឲ្យពុលបានផងដែរនៅពេលទទួលទានទាំងឆៅ ហើយលក្ខណៈពិសេសដំបូងនៃការពុល solanine គឺការឈឺរមួលក្នុងពោះ, ក្អួត, ឈឺក្បាល, ចង្អោរចង់ក្អួត, វិលមុខ និងរាគ។ ប្រសិនបើអ្នកជួបប្រទះនូវអាការៈមួយចំនួនដូចបានរៀបរាប់ក្រោយទទួលទានត្រប់វែងឆៅ អ្នកគួរប្រញាប់រកជំនួយពីគ្រូពេទ្យភ្លាម។ ការចម្អិនត្រប់វែងនឹងជួយបន្សាបសារជាតិ solanine។
៣. ផ្សិត ៖ បន្លែប្រភេទនេះភាគច្រើន គឺមានផ្ទុកសមាសធាតុបង្កជំងឺមហារីក និងជាតិពុល hydrazine នៅពេលឆៅ។ ទោះជាយ៉ាងណា សមាសធាតុបង្កគ្រោះថ្នាក់គួរឲ្យព្រួយបារម្ភចំពោះសុខភាពនេះនឹងត្រូវបន្សាយ ឬរលាយបាត់នៅពេលត្រូវកម្ដៅ។ អ្នកប្រហែលជាគិតថា ការទទួលទានផ្សិតឆៅប៉ុន្មានចំណិតប្រហែលជាគ្មានបញ្ហាអ្វីទេ ប៉ុន្តែដើម្បីទទួលបានលក្ខណៈសម្បត្តិប្រឆាំងនឹងផលប៉ះពាល់នៃជំងឺមហារីកពីផ្សិត អ្នកត្រូវតែចម្អិនវាមុនយកមកទទួលទាន! យោងតាមការចុះផ្សាយមួយក្នុងទស្សនាវដ្ដីអន្តរជាតិនៃជំងឺមហារីកបានបង្ហាញ ការទទួលទានផ្សិតឆ្អិនជាប្រចាំអាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកសុដន់បានដល់ទៅ ៦០ ភាគរយ។
៤. ដំឡូងបារាំង ៖ ដំឡូងបារាំងឆៅ ជាពិសេសដំឡូងបារាំងពណ៌បៃតង គឺមានផ្ទុកនូវសារធាតុពុលដ៏គ្រោះថ្នាក់មួយហៅថា solanine។ ដំឡូងបារាំងឆៅ ក៏មានផ្ទុកនូវសារធាតុប្រឆាំងការស្រូបយកសារធាតុចិញ្ចឹមចាំបាច់ផងដែរ។ បើទោះជាអ្នកអាចកម្ចាត់សារធាតុប្រឆាំង ឬបំបាត់សារធាតុចិញ្ចឹមល្អៗតាមរយៈការចិតសំបកចេញក៏ដោយ ក៏សារធាតុនេះនៅតែមានខ្លះជាប់ក្នុងសាច់នៃដំឡូងបារាំងដែរ។ លើសពីនេះទៅទៀត ជាតិម្ស៉ៅនៃដំឡូងបារាំងឆៅអាចបង្កឲ្យមានបញ្ហាទាក់ទាងនឹងការរំលាយអាហារ, ហើមពោះ និងឡើងជាតិហ្គាសក្នុងក្រពះពោះវៀន។ ដូច្នេះដើម្បីជាការប្រសើរ ជៀសផុតពីបញ្ហាសុខភាពផ្សេងៗ អ្នកគួរតែចម្អិនដំឡូងបារាំងឲ្យឆ្អិនជាមុនសិន សឹមទទួលទាន។
៥. ប៉េងប៉ោះ ៖ រាងកាយអាចស្រូបយកនូវសារធាតុ lycopene បានកាន់តែច្រើនពីប៉េងប៉ោះឆ្អិន។ lycopene ជាសារធាតុប្រឆាំងនឹងជំងឺមហារីក ហើយកម្រិតនៃសារធាតុនេះកើតឡើងតាមកម្ដៅ ឬរយៈពេលនៃការចំអិនដែលមានចាប់ពី ២ នាទី, ១៥ នាទី ដល់ ៣០ នាទី៕