ថាតើអ្នកធ្លាប់ដឹងទេថាអាការៈស្ងួតមាត់អាចបណ្ដាលមកពីកត្តាស្មានមិនដល់មួយចំនួន។ មានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលបង្កអាការៈស្ងួតមាត់ ៖
១. ការជក់បារី
មិនត្រឹមតែបង្កើនហានិភ័យនៃជំងឺមហារីកសួតនិងជំងឺបេះដូងប៉ុណ្ណោះទេ ប៉ុន្តែទម្លាប់មិនល្អនេះក៏ជះផលប៉ះពាល់ដល់សុខភាពមាត់ធ្មេញផងដែរ។ ជាលទ្ធផលបណ្ដាលឱ្យធ្មេញឡើងលឿងនិងខ្យល់ដង្ហើមមិនល្អ។ បន្ថែមពីនេះការជក់បារីក៏កាត់បន្ថយការផលិតទឹកមាត់ដែលនាំឱ្យមាត់ស្ងួតផងដែរ។
២. ខ្សោះជាតិទឹកក្នុងរាងកាយ
ពេលខ្លះអាការៈស្ងួតមាត់អាចកើតឡើងដោយសារមូលហេតុធម្មតាបំផុតមួយ គឺការទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់។ កង្វះជាតិទឹកក្នុងរាងកាយកាត់បន្ថយការផលិតទឹកមាត់ដែលបណ្ដាលឱ្យស្ងួតមាត់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ជាប្រចាំ។ ជាតិទឹកមិនត្រឹមតែជួយទប់ស្កាត់បញ្ហាស្ងួតមាត់ប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយរក្សាមុខងារកោសិកា និងជាលិកាឱ្យដំណើរការបានត្រឹមត្រូវផងដែរ។
៣. ការដកដង្ហើមតាមមាត់
ចំពោះបបូរមាត់ គឺងាយនឹងប្រែជាប្រេះណាស់ នៅពេលអ្នកមានជំងឺផ្ដាសាយ ឬហៀរសំបោរតឹងច្រមុះដោយសារអ្នកដកដង្ហើមតាមមាត់ដែលធ្វើឱ្យស្ងួតបបូរមាត់។ ដូច្នេះចូរលាបក្រែមរលោងលើបបូរមាត់ ដើម្បីការពារ។
៤. ស្ត្រេសនិងថប់បារម្ភ
នៅពេលអ្នកស្ត្រេសនិងថប់បារម្ភនោះលំហូរឈាមនឹងពោរពេញទៅដោយអ័រម៉ូនស្ត្រេស ហើយក្រពេញទឹកមាត់អាចឈប់ផលិតទឹកមាត់បានច្រើនគ្រប់គ្រាន់ដែលជាលទ្ធផលនាំឱ្យមាត់អាចប្រែជាស្ងួតបានផងដែរ។
៥. កង្វះសារធាតុចិញ្ចឹមនិងវីតាមីនចាំបាច់ក្នុងរាងកាយ
កង្វះវីតាមីនចាំបាច់ដូចជាកម្រិតនៃជាតិដែក, ស័ង្កសី និងក្រុមវីតាមីន B ទាបពេកក្នុងរាងកាយអាចបណ្ដាលឱ្យប្រេះកៀនមាត់និងស្ងួតមាត់។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមរួមបញ្ចូលអាហារដែលសម្បូរទៅដោយសារធាតុចិញ្ចឹមទាំងនេះដូចជាសាច់ក្រហម សណ្ដែក បន្លែបៃតង អយស្ទ័រ សាច់គោ ស្ពៃពួយឡេង គ្រាប់ល្ពៅ ផ្លែឈើ សាច់មាន់ ត្រី ស៊ុត និងផលិតផលអាហារផ្សំឡើងពីទឹកដោះគោជាដើមក្នុងរបបអាហារប្រចាំថ្ងៃ៕
ប្រយ័ត្ន! ក្នុងករណីខ្លះអាការៈស្ងួតមាត់ គឺបណ្ដាលមកពីបញ្ហាសុខភាពមួយចំនួនដែលតម្រូវឱ្យមានការធ្វើរោគវិនិច្ឆ័យនិងទទួលការព្យាបាលពីសំណាក់ិនគ្រូពេទ្យជំនាញ។ ដូច្នេះប្រសិនបើអាការៈមាត់ស្ងួតមិនព្រមបាត់ទៅវិញសោះក្នុងរយៈពេលយូរ ឬអមមកជាមួយនូវអាការៈមិនប្រក្រតីមួយចំនួន ចូរកុំស្ទាក់ស្ទើនឹងជួបពិគ្រោះជាមួយគ្រូពេទ្យ៕