ចេះតែឈឺពោះក្រោយពេលញ៊ាំបន្លែរួចឬ? វាអាចមកពីមូលហេតុមួយចំនួនដែលភាគច្រើននៃពួកយើងប្រហែលជាមិនបានគិតដល់ឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុ ៤យ៉ាងដែលអាចបណ្ដាលឱ្យអ្នកឈឺពោះក្រោយញ៊ាំបន្លែ ៖
១. ជាតិសសៃច្រើនពេក
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាបន្លែ គឺជាអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលល្អណាស់សម្រាប់សុខភាពពោះវៀន។ ទោះជាយ៉ាងណាក៏ដោយ ការទទួលទានអាហារសម្បូរជាតិសសៃច្រើនពេកអាចបង្កជាបញ្ហាពាក់ព័ន្ធនឹងការរំលាយអាហារទៅវិញ។ ជាពិសេសប្រសិនបើអ្នកមិនស៊ាំ ឬទម្លាប់នឹងរបបអាហារដែលមានជាតិសសៃខ្ពស់ ហើយភ្លាមៗស្រាប់តែទទួលទានច្រើនពេក។ ដូច្នេះមិនថាអ្នកទល់លាមក ឬចង់ទប់ស្កាត់ហានិភ័យនៃបញ្ហានេះក៏ដោយ ក៏មិនត្រូវទទួលទានបន្លែច្រើនលើសកម្រិតពេកដែរ។
២. ទទួលទានបន្លែទាំងឆៅ
ជាតិសសៃជាកាបូអ៊ីដ្រាតមួយប្រភេទដែលអង់ស៊ីមប្រព័ន្ធរំលាយអាហារមិនអាចបំបែកបាន។ ក្រៅពីការទទួលទានបន្លែច្រើនពេកក្នុងមួយពេលអាហារ, ការទទួលទានបន្លែឆៅក៏អាចបង្កអាការៈឈឺពោះផងដែរសម្រាប់មនុស្សខ្លះ។ យោងតាមអ្នកជំនាញជាច្រើនបានឱ្យដឹងថា បន្លែឆៅមានផ្ទុកជាតិសសៃមួយប្រភេទហៅថា cellulose ដែលអាចធ្វើឱ្យឈឺពោះក្រោយពេលទទួលទានច្រើន។ ដូច្នេះដើម្បីជាការប្រសើរ ចំពោះអ្នកដែលងាយនឹងឈឺពោះចូរជ្រើសរើសទទួលទានបន្លែដែលឆ្អិន។ ការចម្អិនបន្លែជួយបំបែក cellulose ហើយធ្វើឱ្យរាងកាយកាន់តែងាយស្រូបយកបាននូវសារធាតុចិញ្ចឹមផ្សេងៗ។
៣. រោគសញ្ញារលាកក្រពះពោះវៀន
សម្រាប់អ្នកជួបប្រទះនូវរោគសញ្ញារលាកក្រពះពោះវៀនត្រូវប្រយ័ត្នក្នុងការទទួលទានអាហារមួយចំនួន ប្រសិនបើមិនចង់ទទួលរងនូវផលវិបាកមួយចំនួនដូចជាឈឺចុងក្នុងពោះ, ហើមពោះ, លើសហ្គាសក្នុងពោះ និងរាគ ឬទល់លាមកទេ។ អាហារដែលមានផ្ទុកសារធាតុ fermentable oligosaccharides, សារធាតុ disaccharides, សារធាតុ monosaccharides និងសារធាតុ polyols ដែលអាចបង្ករោគសញ្ញារលាកក្រពះពោះវៀនកើតឡើង។ បន្លែដែលមានផ្ទុកសារធាតុទាំង ៤នេះរួមមានទំពាំងបារាំង, ម្ទេសផ្លោក, ប្រូខូលី ឬផ្កាខាត់ណាខៀវ, ការ៉ុត, ផ្កាខាត់ណា, សណ្ដែកខៀវ, ត្រសក់, ខ្ទឹមស, សាឡាដ, ខ្ទឹមបារាំង និងប៉េងប៉ោះជាដើម។
៤. ការរៀបចំនិងសម្អាតមិនបានល្អ
ជួនកាលអ្វីដែលអ្នកបន្ថែមក្នុងបន្លែជាមូលហេតុដែលបង្កអាការៈឈឺពោះឱ្យលេចឡើង។ ឧទាហរណ៍, ការប្រើប្រាស់អំបិលច្រើនពេកអាចបង្កអាការៈហើមពោះ និងឈឺពោះ។ ក្នុងករណីខ្លះទៀត, ការឈឺពោះអាចបណ្ដាលមកពីការទទួលទានបន្លែដែលមានផ្ទុកបាក់តេរីបង្កអាការៈពុលអាហារដោយអ្នកមិនបានលាងសម្អាត និងចម្អិនបានត្រឹមត្រូវ៕