ភាគច្រើននៃពួកយើងចូលចិត្តទទួលទានកាហ្វេ ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាតែក៏ជាភេសជ្ជៈមួយដែលអាចផ្ដល់អត្ថប្រយោជន៍កាន់តែប្រសើរចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុការទទួលទានតែអាចប្រសើរជាងកាហ្វេ ៖
១. តែអាចជួយរក្សាជាតិទឹកក្នុងរាងកាយ
តែជាភេសជ្ជៈដែលមានផ្ទុកជាតិកាហ្វេអ៊ីនទាប ប៉ុន្តែជាតិទឹកច្រើនជាងកាហ្វេ។ ដូច្នេះហើយទើបវាក្លាយជាភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់បំពេញបន្ថែមនូវជាតិទឹកដែលអ្នកបានបាត់បង់ពេលបែកញើស។
២. តែជួយរក្សាថាមពលរាងកាយបានយូរ
តែ គឺជាភេសជ្ជៈដែលមានផ្ទុកកាហ្វេអ៊ីននិងសារធាតុ L-theanine។ ហើយ L-theanine នឹងផ្ដល់ឱ្យអ្នកនូវអារម្មណ៍ធូរស្រាល ខណៈដែលកាហ្វេអ៊ីនជួយរំញោចដល់ខួរក្បាលជួយបន្ថយអារម្មណ៍អស់កម្លាំង។ នេះហើយជាមូលហេតុដែលការទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីនអាចជួយផ្ដល់និងរក្សាថាមពលរាងកាយ។ គួរបញ្ជាក់ថាដោយសារកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់ ដូច្នេះវាមិនអាចជួយរក្សាថាមពលរាងកាយឱ្យមានស្ថេរភាពបានយូរដូចតែឡើយ។
៣. តែជួយឱ្យស្រកទម្ងន់ដែលលើស
ការទទួលទានតែ ជាពិសេសតែបៃតងអាចជួយឱ្យស្រកទម្ងន់បានយ៉ាងប្រសើរ។ តែបៃតងមានលក្ខណៈសម្បត្តិជម្រុញការដុតរំលាយអាហារល្អសម្រាប់ការសម្រកទម្ងន់។ ម្យ៉ាងវិញទៀតភេសជ្ជៈនេះមិនមានផ្ទុកកាឡូរីច្រើនពេកឡើយបើប្រៀបធៀបនឹងភេសជ្ជៈកាបូណាតផ្សេងៗ។ អ្នកអាចបន្ថែមទឹកឃ្មុំបន្តិចក្នុងតែដើម្បីទទួលបានអត្ថប្រយោជន៍កាន់តែល្អ។
៤. តែជួយបន្ថយកម្រិតនៃភាពស្ត្រេស
ជាតិកាហ្វេអ៊ីននៅក្នុងតែ ជាពិសេសតែបៃតងអាចជួយលើកកម្ពស់អារម្មណ៍ល្អប្រសើរ ជម្រុញការចងចាំ និងបង្កើនមុខងារខួរក្បាល។ លើសពីនេះទៅទៀត តែបៃតង ក៏ជាប្រភពនៃអាស៊ីតអាមីណូ L-theanine ដែលមានប្រសិទ្ធិភាពរារាំងបញ្ហាថប់អារម្មណ៍មិនអោយកើតមាន។ ការសិក្សាបានបង្ហាញថា ជាតិកាហ្វេអ៊ីន និងសារធាតុ L-theanine អាចមានឥទ្ធិពលបញ្ចូលគ្នា ក្នុងការពង្រឹងដល់មុខងាររបស់ខួរក្បាល។ ហើយដោយសារតែបរិមាណនៃសារធាតុ L-theanine និងជាតិកាហ្វេអ៊ីនមានកម្រិយសមល្មមទើបធ្វើអោយតែបៃតងអាចផ្តល់នូវឥទ្ធិពលល្អជាង និងខុសគ្នាពីកាហ្វេ។
៥. តែជួយទប់ស្កាត់ហានិភ័យនៃជំងឺមហារីកមួយចំនួន
ក្រៅពីសារធាតុ catechin តែក៏ជាប្រភពដ៏ប្រសើរនៃសារធាតុ polyphenols និងសារធាតុ flavonoids ដែលសុទ្ធតែអាចផ្ដល់អត្ថប្រយោជន៍ស្មានមិនដល់ជាច្រើនចំពោះសុខភាពរាងកាយ។ សារធាតុប្រឆាំងអុកស៊ីតកម្មជួយកម្ចាត់រ៉ាឌីកាល់សេរីដែលបំផ្លាញដល់កោសិកាសុខភាពល្អបង្កបញ្ហាសុខភាពផ្សេងៗគួរឱ្យចាប់បារម្ភរួមបញ្ចូលទាំងជំងឺមហារីក ជំងឺសសៃឈាមបេះដូង កូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់និងសូម្បីតែបញ្ហាភ្នែក៕