គ្មាននារីរូបណាចង់បានដើមទ្រូងយារធ្លាក់ឡើយ! គួរធ្វើបែបណាទៅ? មិនពិបាកឡើយ! អ្នកចាំបាច់ត្រូវចៀសឱ្យផុត ឬបញ្ឈប់ទម្លាប់មួយចំនួនដូចដែលវេបសាយសុខភាព Health.com.kh បង្ហាញជូនដូចខាងក្រោម ៖
១. ជ្រើសរើសអាវក្នុងដែលមិនសាកសមជាមួយដើមទ្រូង
អាវទ្រនាប់ ឬអាវក្នុងចាស់ៗមិនអាចជួយទ្រសុដន់ និងដើមទ្រូងបានល្អឡើយ។ ដូច្នេះដើម្បីជាការប្រសើរ ចូរកុំធុញទ្រាន់នឹងស្វែងរកអាវក្នុងប្រភេទណាដែលជួយទ្រសុដន់ និងដើមទ្រូងរបស់អ្នកបានសាកសម ហើយស្រួលពាក់មិនរឹប ឬធូរពេក។
២. ទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់
ទឹកជួយរក្សាជាតិសំណើមនៃស្បែកពេញរាងកាយ។ ការទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់អាចបណ្ដាលឱ្យស្បែកស្ងួត គ្រើម និងមើលទៅយារធ្លាក់ដែលបញ្ហានេះក៏កើតឡើងលើស្បែកនៃសុដន់មិនត្រឹមតែមុខប៉ុណ្ណោះទេ។
៣. ការជក់បារី
ការសិក្សាស្រាវជ្រាវជាច្រើនបង្ហាញថា ការជក់បារីអាចបង្កការបំផ្លាញ់ដល់អេឡាស្ទីននៃស្បែកដែលនាំឱ្យស្បែកយារធ្លាក់និងមើលទៅចាស់ជាងវ័យ។
៤. ទទួលទានអាហារគ្មានតុល្យភាព
វាជាការសំខាន់ក្នុងការផ្ដល់ឱ្យរាងកាយជាមួយសារធាតុចិញ្ចឹមត្រឹមត្រូវប្រសិនបើអ្នកចង់រក្សាបាននូវសុដន់តឹងណែនស្អាត។ ហើយក៏ត្រូវប្រាកដរបបអាហារប្រចាំថ្ងៃរបស់អ្នកមានផ្ទុកវីតាមីននិងជាតរ៉ែគ្រប់គ្រាន់ផង។ អ្នកក៏គួររួមបញញចូលប្រូតេអ៊ីននិងអាស៊ីតខ្លាញ់សុខភាពល្អក្នុងរបបអាហារដែរ។
៥. ឥរិយាបថមិនល្អ
ឥរិយាបថនៃការឈរ ឬអង្គុយសុទ្ធតែអាចជះឥទ្ធិពលលើដើមទ្រូងរបស់អ្នកពីមួយពេលទៅមួយពេល។ ដូច្នេះដើម្បីជាការប្រសើរមិនថាពេលឈរ ឬអង្គុយនោះទេ គឺត្រូវតែត្រង់ខ្លួន។
៦. មិនធ្វើលំហាត់ប្រាណដែលសាកសមជាមួយដើមទ្រូង
ការពង្រឹងសាច់ដុំក្នុងតំបន់ដើមទ្រូង គឺជាវិធីដ៏ប្រសើរបំផុតមួយសម្រាប់ទប់ស្កាត់បញ្ហាសុដន់យារធ្លាក់។ ដូច្នេះដើម្បីជាការប្រសើរចូររួមបញ្ចូលលំហាត់ប្រាណណាមួយដែលសាកសមសម្រាប់សាច់ដុំទ្រូងដូចជាក្បាច់អាវ៉ង់ជាដើមក្នុងទម្លាប់ប្រចាំថ្ងៃរបស់អ្នក។
៧. ធាត់លើសទម្ងន់
ជាលិកាខ្លាញ់ច្រើនពេកក្នុងតំបន់ទ្រូងអាចបណ្ដាលឱ្យសុដន់យារធ្លាក់មិនស្អាត។ នេះហើយជាមូលហេតុដែលអ្នកចាំបាច់គួរសម្រកទម្ងន់ដែលលើសចេញខ្លះដើម្បីអាចរក្សាបាននូវសុដន់តឹងណែនស្អាត។ ការមានទម្លាប់ទទួលទានអាហារសុខភាពល្អ ព្រមជាមួយការហាត់ប្រាណជាប្រចាំនឹងជួយឱ្យអ្នកស្រកទម្ងន់បានយ៉ាងមានប្រសិទ្ធភាព។
៨. ទទួលទានគ្រឿងស្រវឹងច្រើនលើសកម្រិត
ក្នុងកម្រិតមធ្យម គ្រឿងស្រវឹងអាចផ្ដល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព។ ទោះជាយ៉ាងណាក៏ដោយការទទួលទានច្រើនលើសកម្រិតអាចបង្កគ្រោះថ្នាក់ ឬផលវិបាកស្មានមិនដល់ជាច្រើន។ មិនត្រឹមតែថ្លើមនិងបេះដូងប៉ុណ្ណោះទេដែលរងហានិភ័យ ប៉ុន្តែការទទួលទានគ្រឿងស្រវឹងច្រើនអាចបណ្ដាលឱ្យសុដន់យារធ្លាក់ផងដែរ។ នេះក៏ព្រោះតែជាតិអាល់កុលបំផ្លាញកូឡាជែនដែលកាត់បន្ថយភាពតឹងណែននៃស្បែកលើសុដន់, ដើមទ្រូង និងកន្លែងផ្សេងទៀត។
៩. កង្វះការធ្វើលំហាត់ប្រាណ
ការធ្វើលំហាត់ប្រាណមិនត្រឹមតែល្អសម្រាប់រក្សាសុខភាពរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ប្រសើរសម្រាប់រូបរាងនិងទំហំនៃសុដន់ ឬដើមទ្រូងរបស់អ្នកផងដែរ។ កង្វះសកម្មភាពរាងកាយ ឬការធ្វើលំហាត់ប្រាណអាចបណ្ដាលឱ្យសុដន់និងដើមទ្រូងប្រែជាយារធ្លាក់។ ដើម្បីជាការប្រសើរ អ្នកក៏ចាំបាច់គួរជ្រើសរើសប្រើប្រាស់អាវក្នុងសម្រាប់ពាក់ពេលហាត់កីឡាឱ្យបានត្រឹមត្រូវផង៕