ក្រចកផុយស្រួយឆាប់បាក់? មិនពិបាកនឹងដោះស្រាយឡើយ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីរូបមន្តបែបធម្មជាតិឱ្យក្រចករឹងមាំស្រស់ស្អាត ៖
១. ទឹកក្រូចឆ្មារស្រស់និងប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងអូលីវ ១ស្លាបព្រាកាហ្វេជាមួយទឹកក្រូចឆ្មារស្រស់ពី ២ ទៅ ៣ដំណក់។ កូរលាយឱ្យសព្វចូលគ្នា រួចសឹមលាបម៉ាស្សាល្បាយលើក្រចក និងកុំភ្លេចពាក់ស្រោមដៃជ័រទន់ៗពេញមួយយប់សិន។
២. ទឹកខ្មេះផ្លែប៉ោម
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្មេះផ្លែប៉ោមឆៅជាមួយទឹកធម្មតាក្នុងបរិមាណស្មើគ្នាក្នុងចានគោមតូចមួយ។ បន្ទាប់មកជ្រលក់ត្រាំក្រចកក្នុងទឹកល្បាយសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ អនុវត្តម្ដងក្នុងមួយថ្ងៃជាប្រចាំសម្រាប់រយៈពេលពី ២ ទៅ ៣ថ្ងៃ។
៣. ប្រេងវីតាមីន E
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបប្រេងវីតាមីន E ពី ២ ទៅ ៣ដំណក់លើក្រចក និងរងចាំសម្រាប់រយៈពេលពេញមួយយប់។ អ្នកអាចពាក់ស្រោមដៃជ័រទន់ៗដើម្បីការពារក៏បាន។
៤. ប្រេងវីតាមីន E និងប្រេងដើមតែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដើមតែ ១ស្លាបព្រាកាហ្វេជាមួយប្រេងវីតាមីន E ពី ២ ទៅ ៣ដំណក់ឱ្យសព្វចូលគ្នា។ លាបដុសល្បាយលើក្រចក និងទុកចោលបែបនេះសម្រាប់រយៈពេលពេញមួយយប់។
៥. ទឹកក្រូចឆ្មារស្រស់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកក្រូចឆ្មារស្រស់ រួចជូតលាបម៉ាស្សាលើក្រចក។ រងចាំរហូតដល់ស្ងួត សឹមលាងសម្អាតម្រាមដៃចេញជាមួយទឹកក្ដៅឧណ្ហៗ។
៦. តែបៃតង
ឆុងតែទឹកតែបៃតងមួយចំនួន បន្ទាប់មកសឹមត្រាំក្រចកក្នុងទឹកតែដែលចុះត្រជាក់សម្រាប់រយៈពេល ១៥នាទី។ អនុវត្តឱ្យបាន ២ដងក្នុងមួយសប្តាហ៍៕