មង្ឃុត ជាផ្លែឈើត្រូពិចមួយប្រភេទដែលមានរសជាតិជូរអែម ហើយងាយនឹងរកទិញបានណាស់ក្នុងប្រទេសកម្ពុជា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះបីជាចូលចិត្ត ឬឧស្សាហ៍ទទួលទានយ៉ាងណាក៏ដោយ ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីសារៈប្រយោជន៍សំខាន់ៗជួយប្រយុទ្ធប្រឆាំង ក៏ដូចជាទប់ស្កាត់ជំងឺផ្សេងៗនៃផ្លែឈើនេះឡើយ។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីឥទ្ធិពលដ៏ប្រសើរនៃការទទួលទានផ្លែមង្ឃុតចំពោះសុខភាពរាងកាយ ៖
១. លក្ខណៈសម្បត្តិប្រឆាំងការរលាកក្នុងរាងកាយ
ផ្លែមង្ឃុត មានផ្ទុកនូវសារធាតុប្រឆាំងការរលាក និងប្រតិកម្មអាឡែកស៊ីផងដែរ។ លើសពីនេះទៅទៀត មង្ឃុត ក៏ជួយរារាំងការបញ្ចេញនូវសារធាតុ prostaglandin និង histamine ដែលសារធាតុទាំងពីរនេះមានទំនាក់ទំនងផ្សារភ្ជាប់នឹងការរលាកផ្សេងៗក្នុងរាងកាយ។
២. សុខភាពខួរក្បាល
ផ្លែមង្ឃុត ក៏ជាប្រភពដ៏ប្រសើរនៃជាតិ folate, ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មចាំបាច់មួយចំនួនទៀតដែលល្អសម្រាប់សុខភាពខួរក្បាល និងប្រព័ន្ធប្រសាទ។ ជាតិ folate ជួយក្នុងការកាត់បន្ថយបញ្ហាខ្សោយខួរក្បាល រួមទាំងហានិភ័យនៃជំងឺភ្លេចភ្លាំង។ រីឯជាតិប៉ូតាស្យូមវិញមានប្រសិទ្ធិភាពជួយបង្កើនលំហូរឈាមទៅកាន់ខួរក្បាល, ជម្រុញការផ្ដោតអារម្មណ៍ ឬការគិតកាន់តែប្រសើរ និងថែមទាំងបង្កើនភាពសកម្មនៃសសៃប្រសាទផងដែរ។
៣. គ្រប់គ្រងសម្ពាធឈាម
មង្ឃុត មានផ្ទុកសម្បូរទៅដោយជាតិរ៉ែសំខាន់ៗដូចជា ប៉ូតាស្យូម, ម៉ង់កាណែស, ម៉ាញ៉េស្យូម និងជាតិទង់ដែង ដែលសុទ្ធសឹងតែជាសារធាតុចាំបាច់ជួយគ្រប់គ្រងជាតិរាវក្នុងរាងកាយ, សម្ពាធឈាម ក៏ដូចជាអត្រានៃចង្វាក់បេះដូងផងដែរ។ លើសពីនេះទៅទៀត ប៉ូតាស្យូម ជួយគ្រប់គ្រងភាពប្រក្រតីនៃសម្ពាធឈាមទប់ស្កាត់ជំងឺសសៃឈាមបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។
៤. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
មង្ឃុត គឺជាជម្រើសនៃផ្លែឈើដ៏ប្រសើរមួយសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយសារវាមានប្រសិទ្ធិភាពគ្រប់គ្រង និងរក្សាភាពប្រក្រតីនៃកម្រិតជាតិស្ករក្នុងឈាម។ លើសពីនេះទៅទៀត ផ្លែមង្ឃុត សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មជួយគ្រប់គ្រងការបំប្លែងសារជាតិគ្លុយកូស ឬជាតិស្ករក្នុងឈាម ហើយថែមទាំងកម្រិតភាពប្រក្រតីនៃអាំងស៊ុយលីនក្នុងរាងកាយផងដែរ។
៥. ទប់ស្កាត់ជំងឺមហារីក
នោះក៏ព្រោះមង្ឃុត ជាប្រភពនៃសារធាតុប្រឆាំងអុកស៊ីតកម្មដ៏មានឥទ្ធិពលមួយហៅថា xanthones។ សារធាតុប្រឆាំងអុកស៊ីតកម្មនេះមានសមត្ថភាពខ្ពស់ក្នុងការស្រូបយក ក៏ដូចជាកម្ចាត់នូវរ៉ាឌីកាល់សេរីដែលបំផ្លាញកោសិកាផ្សេងៗក្នុងរាងកាយ ហើយជំនួសមកវិញដោយការជួសជុលរាល់កោសិកាដែលខូចខាត។ មង្ឃុត ក៏មានផ្ទុកនូវវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយផ្សេងទៀតដែលជួយការពាររាងកាយពីរ៉ាឌីកាល់សេរី។ ការរួមគ្នានៃវីតាមីន C និង xanthone ធ្វើឲ្យមង្ឃុតក្លាយជាផ្លែឈើប្រសើរបំផុតមួយជួយទប់ស្កាត់ និងកាត់បន្ថយហានិភ័យនៃជំងឺមហារីក។
៦. សុខភាពស្បែក
ទឹកផ្លែមង្ឃុតស្រស់ នៅពេលយកមកលាបលើស្បែក គឺអាចជួយព្យាបាល ក៏ដូចជាទប់ស្កាត់បញ្ហាស្បែកមួយចំនួនដូចជា រោគមុន និងជំងឺសើស្បែកត្រអកបានយ៉ាងមានប្រសិទ្ធិភាព។ នោះក៏ព្រោះតែផ្លែឈើនេះមានផ្ទុកនូវសារធាតុប្រឆាំងវីរុសបាក់តេរី និងការរលាក។ ការទទួលទានផ្លែមង្ឃុត ជួយរក្សាសំណើមនៃស្បែក និងការពារស្បែកពីជំងឺផ្សេងៗ៕