ថាតើអ្នកធ្លាប់ដឹងទេថា កាហ្វេជាភេសជ្ជៈដ៏ល្អបំផុតមួយសម្រាប់សុខភាពបើទទួលទានបានត្រឹមត្រូវ? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរទទួលទានកាហ្វេ ៖
១. កាហ្វេជួយឱ្យស្រកទម្ងន់
មានការសិក្សាស្រាវជ្រាវជាច្រើនបានឱ្យដឹងថា ការទទួលទានកាហ្វេត្រូវបានផ្សារភ្ជាប់នឹងការថយចុះនៃកម្រិតជាតិខ្លាញ់ ជាពិសេសចំពោះបុរស។ អាស៊ីត chlorogenic acid ក្នុងកាហ្វេអាចជួយបន្ថយទម្ងន់រាងកាយល្អសម្រាប់អ្នកដែលចង់ស្រកទម្ងន់។ បន្ថែមពីនេះកាហ្វេអ៊ីនដើរតួនាទីជម្រុញការដុតរំលាយអាហារក្នុងរាងកាយដែលមានន័យថារាងកាយដុតបំផ្លាញកាឡូរីកាន់តែមានប្រសិទ្ធភាព។
២. ធ្វើឱ្យការប្រមូលផ្ដុំអារម្មណ៍កាន់តែមានភាពប្រសើរឡើង
តើអ្នកកំពុងត្រូវការផ្ដោតអារម្មណ៍ឱ្យបានល្អខណៈពេលសិក្សាសម្រាប់ការប្រឡង ឬចូលរួមសកម្មភាពណាមួយដែលតម្រូវឱ្យមានការប្រមូលផ្ដុំអារម្មណ៍បានម៉ដ្ឋចត់មែនទេ? ក្នុងករណីនេះកុំរំលងកាហ្វេ! នេះក៏ព្រោះតែកាហ្វេមានផ្ទុកកាហ្វេអ៊ីនដែលនឹងជួយដាស់អារម្មណ៍ឱ្យអ្នកស្វាងមានភាពសកម្ម។
៣. បង្កើនកម្រិតនៃសម្ពាធឈាម
កាហ្វេមួយពែងតូច គឺល្អណាស់សម្រាប់អ្នកដែលមានបញ្ហាសម្ពាធឈាមទាបខ្លាំង។ ទោះជាយ៉ាងណាភេសជ្ជៈនេះមិនត្រូវបានណែនាំសម្រាប់អ្នកដែលកំពុងជួបប្រទះអាការៈចង្វាក់បេះដូងលោតញាប់ ឬលឿនពេក និងអត្រានៃចង្វាក់ជីពចរខ្ពស់ក្រោយពេលទទួលទានកាហ្វេ។
៤. កាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម
ការសិក្សាស្រាវជ្រាវមួយបានបង្ហាញថា កាហ្វេអ៊ីនក្នុងកាហ្វេនឹងជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែម។ ត្រឹមតែ ៣ពែងនៃកាហ្វេក្នុងមួយថ្ងៃនឹងអាចកាត់បន្ថយហានិភ័យបានដល់ទៅ ៤២ភាគរយឯណោះ។
៥. ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយ
ការទទួលទានកាហ្វេក្នុងកម្រិតត្រឹមត្រូវអាចជួយឱ្យប្រព័ន្ធភាពស៊ាំរាងកាយកាន់តែរឹងមាំ និងមានសុខភាពល្អ។ វាក៏ធ្វើឱ្យសុខភាពថ្លើម, បេះដូង និងប្រព័ន្ធរំលាយអាហារកាន់តែប្រសើរឡើងផងដែរ។ ទោះជាយ៉ាងណាការជ្រើសរើសកាហ្វេសរីរាង្គ ឬធម្មជាតិតែងតែប្រសើរជាងកាហ្វេកញ្ចប់ស្រាប់ៗដែលមានផ្ទុកសារធាតុចិញ្ចឹមតិច ព្រមជាមួយសារធាតុគីមីបន្ថែមខ្លះទៀតដែលជះផលប៉ះពាល់ដល់សរីរាង្គប្រព័ន្ធរំលាយអាហារ។
៦. ព្យាបាលអាការៈឈឺក្បាល
កាហ្វេអ៊ីនដែលក្នុងកាហ្វេសរីរាង្គអាចជួយព្យាបាលអាការៈឈឺក្បាលនិងឈឺក្បាលប្រកាំងបានយ៉ាងប្រសើរ ប៉ុន្តែក៏នៅតែមិនអាចប្រៀបធៀបនឹងប្រសិទ្ធភាពនៃថ្នាំបំបាត់ការឈឺចាប់បានឡើយ៕