ថាតើស្នាមអ៊ុចខ្មៅលើបបូរមាត់អាចបណ្ដាលមកពីកត្តាអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាចំនួន ៧ ដែលបង្កបញ្ហាស្នាមអ៊ុចខ្មៅលើបបូរមាត់ ៖
១. កង្វះជាតិទឹកក្នុងរាងកាយ
ការទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ជាប្រចាំអាចបណ្ដាលឱ្យបបូរមាត់ប្រែជាស្ងួត, ប្រេះ និងរបក។ ជាលទ្ធផលបង្កស្នាមអ៊ុចខ្មៅ, ស្នាមរបួស, ស្នាមសំលាកឱ្យលេចឡើង។ ដូច្នេះដើម្បីជាការប្រសើរត្រូវប្រាកដថាអ្នកបានទទួលទានទឹកច្រើនគ្រប់គ្រាន់ក្នុងមួយថ្ងៃៗដើម្បីរក្សាសំណើមស្បែក ព្រមទាំងធ្វើឱ្យមុខងារនៃកោសិកា និងជាលិកាដំណើរការមុខងារបានត្រឹមត្រូវ។
២. កម្រិតនៃជាតិដែកខ្ពស់លើសពេក
ជាតិដែក គឺចាំបាច់ណាស់សម្រាប់ការផលិតកោសិកាគ្រាប់ឈាមក្រហមដែលជាសមាសធាតុនៃឈាមមានតួនាទីជួយដឹកនាំម៉ូលេគុលអុកស៊ីសែន។ ជាតិដែកគ្រប់គ្រាន់សំខាន់ណាស់សម្រាប់ទប់ស្កាត់ ក៏ដូចជាកាត់បន្ថយហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែក។ ទោះជាយ៉ាងណាការលើសជាតិដែកក្នុងរាងកាយអាចបង្កជាបញ្ហាជាច្រើនរួមបញ្ចូលទាំងការលេចឡើងនូវស្នាមអ៊ុចខ្មៅៗលើបបូរមាត់។ ជាញឹកញយការលើសជាតិដែកក្នុងរាងកាយបណ្ដាលមកពីការប្រើប្រាស់ថ្នាំគ្រាប់ជាតិដែកច្រើនពេក។
៣. កង្វះវីតាមីន b12
វីតាមីន B12 ចាំបាច់សម្រាប់ប្រព័ន្ធសសៃប្រសាទមានសុខភាពល្អ។ កង្វះវីតាមីននេះអាចបង្កឱ្យលេចឡើងនូវអាការៈអស់កម្លាំង, ធីងធោងវិលមុខ, ចង្វាក់បេះដូងលោតញាប់, អារម្មណ៍ស្ពឹកឆៀបៗ និងស្បែកស្លេកស្លាំង។ មនុស្សមួយចំនួនក៏ជួបប្រទះបញ្ហាឡើងស្នាមអ៊ុចខ្មៅលើបបូរមាត់។ ប្រភពដ៏ប្រសើរនៃវីតាមីន B12 រួមមានទឹកដោះគោ, ឈីស, ស៊ុត, ត្រី និងសាច់ជាដើម។
៤. ការប៉ះផ្ទាល់នឹងកម្ដៅថ្ងៃច្រើនពេក
ប្រសិនបើអ្នកចូលចិត្តស្ថិតក្រោមកម្ដៅថ្ងៃនោះវាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយប្រសិនបើស្នាមអ៊ុចខ្មៅៗលេចឡើងលើបបូរមាត់។ ដើម្បីជាការប្រសើរអ្នកគួរការពារបបូរមាត់ដោយប្រើប្រាស់ក្រែមលាបបបូរមាត់ដែលមានផ្ទុក SPF មិនតិចជាង ៣០។
៥. ការជក់បារី
មិនត្រឹមតែធ្វើឱ្យធ្មេញជាប់ស្នាមប្រឡាក់មិនស្អាតប៉ុណ្ណោះទេ ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាការជក់បារីអាចបណ្ដាលឱ្យបបូរមាត់ប្រែជាមានស្នាមអ៊ុចខ្មៅៗដែរ? ដូច្នេះដើម្បីរក្សាបាននូវសុខភាពរាងកាយល្អប្រសើរ និងបបូរមាត់ស្រស់ស្អាតគួរឱ្យចង់ថើប ចូរបញ្ឈប់ការជក់បារី។
៦. អតុល្យភាពនៃអ័រម៉ូន
ការលេចឡើងនូវស្នាមអ៊ុចខ្មៅលើបបូរមាត់ ក៏អាចបណ្ដាលមកពីអតុល្យភាពនៃអ័រម៉ូនផងដែរ។ ក្នុងករណីខ្លះអតុល្យភាពអ័រម៉ូនអាចបណ្ដាលមកពីបញ្ហានៃប្រព័ន្ធអង់ដូគ្រីនដែលចាំបាច់ត្រូវទទួលការវិនិច្ឆ័យនិងព្យាបាល៕