ភាគច្រើននៃពួកយើងសុទ្ធតែធ្លាប់ដឹងពីអត្ថប្រយោជន៍ដ៏ប្រសើរនៃការទទួលទានគ្រាប់អាល់ម៉ុនចំពោះសុខភាព ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍ទេថានៅពេលញ៊ាំច្រើនពេកវាអាចបង្កគ្រោះថ្នាក់ ឬបញ្ហាអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកមិនគួរញ៊ាំគ្រាប់អាល់ម៉ុនច្រើន ៖
១. ទល់លាមក
អាល់ម៉ុនមានផ្ទុកសម្បូរទៅដោយជាតិសសៃដែលល្អសម្រាប់ប្រព័ន្ធរំលាយអាហារ ប៉ុន្តែប្រសិនបើទទួលទានច្រើនលើសពេកវាអាចបង្កជាអាការៈទល់លាមកគួរឱ្យបារម្ភ ជាពិសេសនៅពេលអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់។ អាការៈមួយចំនួនទៀតពីការញ៊ាំជាតិសសៃច្រើនលើសរួមមានហើមពោះ, ឡើងហ្គាស, ចុករមួលក្នុងពោះ និងរាគ។
២. ការស្រូបយកសារធាតុចិញ្ចឹមថយចុះ
ជាតិសសៃច្រើនលើសអាចបង្កការរំខានដល់ការស្រូបយកសារធាតុចិញ្ចឹមផ្សេងទៀតដូចជាជាតិកាល់ស្យូម, ជាតិម៉ាញ៉េស្យូម, ជាតិស័ង្កសី និងជាតិដែកក្នុងលំហូរឈាម។
៣. អាចបណ្ដាលឱ្យកើនទម្ងន់
ប្រមាណ ២៨ក្រាមនៃគ្រាប់អាល់ម៉ុនមានផ្ទុកកាឡូរីប្រហែល ៦៤កាឡូរីបាត់ទៅហើយ។ ដូច្នេះអ្នកនឹងកើនទម្ងន់ ប្រសិនបើទទួលទានគ្រាប់ធញ្ញជាតិនេះច្រើនពេកគួបផ្សំជាមួយការមិនធ្វើលំហាត់ប្រាណផង។
៤. អាឡែកស៊ី
គ្រាប់អាល់ម៉ុនអាចបង្កបញ្ហាអាឡែកស៊ីរួមបញ្ចូលទាំងរមាស់មាត់, រមាស់ក្នុងបំពង់ក, ហើមអណ្ដាត, មាត់ និងបបូរមាត់។ គ្រាប់ធញ្ញជាតិនេះក៏អាចបង្កអាឡែកស៊ីធ្ងន់ធ្ងរដែលមានរោគសញ្ញារួមមានភាពខ្លីនៃដង្ហើម, ឡើងកន្ទួល, ចង្អោរចង់ក្អួត ឬក្អួតតែម្ដង, ភាពប្រែប្រួលនៃសម្លេង, សម្ពាធឈាមចុះទាប និងវិលមុខ។
៥. លើសវីតាមីន E
អាល់ម៉ុនជាគ្រាប់ធញ្ញជាតិដែលមានផ្ទុកសម្បូរទៅដោយវីតាមីន E ដូច្នេះការទទួលទានវាច្រើនពេកអាចបង្កបញ្ហាលើសវីតាមីន E ក្នុងរាងកាយ។ ជាលទ្ធផលនាំឱ្យមានបញ្ហាដល់ការកកឈាម។
៦. ហានិភ័យនៃគ្រួសក្នុងតម្រងនោម
គ្រាប់អាលម៉ុនមានផ្ទុកសម្បូរទៅដោយសារធាតុ oxalates ដែលអាចបង្កបញ្ហាខ្សោយតម្រងនោមនិងគ្រួសក្នុងតម្រងនោម។ ត្រឹម ១០០ក្រាមនៃគ្រាប់អាល់ម៉ុនលីងរួចមានផ្ទុកសារធាតុ oxalates ដល់ទៅ ៤៦៩មីលីក្រាមឯណោះ។
សម្គាល់! ដូច្នេះដើម្បីជាការប្រសើរ អ្នកមិនគួរទទួលទានគ្រាប់អាល់ម៉ុនច្រើនពេកលើសពី ១០ ទៅ ១៥គ្រាប់ក្នុងមួយថ្ងៃៗឡើយ។ កុំភ្លេចត្រាំគ្រាប់អាល់ម៉ុនពេញមួយយប់សិនផង ដើម្បីធ្វើឱ្យជាតិសសៃកាន់តែមានជីវជាតិ៕