ជំងឺដាច់សសៃឈាមខួរក្បាលជាជំងឺសាហាវបំផុតមួយដែលអាចយកជីវិតរបស់អ្នកបានយ៉ាងងាយប្រសិនបើសង្គ្រោះមិនទាន់ពេល។ ដូច្នេះវាពិតជាសំខាន់ណាស់ក្នុងការដឹងពីសញ្ញាព្រមានមុនពេលជំងឺនេះវាយប្រហារ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញពីសញ្ញាព្រមានចំនួន ៦ ដែលបញ្ជាក់ថាជំងឺដាច់សសៃឈាមខួរក្បាលជិតកើតមាន ៖
១. សម្ពាធឈាមឡើងខ្ពស់
សម្ពាធឈាមឡើងខ្ពស់អាចបង្កជាបញ្ហាសុខភាពធ្ងន់ធ្ងរជាច្រើនរួមបញ្ចូលទាំងជំងឺដាច់សសៃឈាមខួរក្បាលដែលបណ្ដាលឱ្យសសៃប្រសាទក្នុងខួរក្បាលទទួលរងការខូចខាត ឬសសៃឈាមក្នុងខួរក្បាលប្រែជាចុះខ្សោយ ហើយអាចនឹងដាច់ ឬធ្លាយ។ ក្រៅពីនេះសម្ពាធឈាមឡើងខ្ពស់អាចបង្កើតកំណកឈាមក្នុងសសៃឈាម ហើយដឹកនាំទៅកាន់ខួរក្បាលបណ្ដាលឱ្យដំណើរការនៃជំងឺដាច់សសៃឈាមខួរក្បាលចាប់ផ្ដើម។ នេះហើយជាមូលហេតុមួយដែលវេជ្ជបណ្ឌិតជាច្រើនណែនាំអោយអ្នករក្សាបាននូវសម្ពាធឈាមប្រក្រតីគ្រប់ពេលដើម្បីកាត់បន្ថយហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល។
២. បញ្ហាពាក់ព័ន្ធនឹងការមើលឃើញ
ជំងឺដាច់សសៃឈាមខួរក្បាលអាចបណ្ដាលឱ្យអ្នកមើលឃើញរូបភាពបែកជាពីរ, ភ្នែកម្ខាងមើលមិនឃើញ ឬព្រិលស្រវាំងភ្នែកទាំងសងខាងតែម្ដង។
៣. ស្ពឹកខ្លួនម្ខាង (មុខ, ដៃ ឬជើង)
អាការៈស្ពឹក ឬខ្សោយម្ខាងខ្លួនរួមបញ្ចូលទាំងត្រង់តំបន់មុខ, ដៃ ឬជើង គឺជារោគសញ្ញាទូទៅបំផុតមួយដែលលេចឡើងដោយសារជំងឺដាច់សសៃឈាមខួរក្បាល។ ក្នុងករណីខ្លះក៏អាចពិការមួយចំហៀងខ្លួនម្ខាងដែលផ្ទុយនឹងខាងដែលការដាច់សសៃឈាមខួរក្បាលបានកើតឡើងនៅក្នុងខួរក្បាល។
៤. វិលមុខ ឬអស់កម្លាំងដោយគ្មានមូលហេតុ
ក្នុងការសិក្សាស្រាវជ្រាវមួយបានឱ្យដឹងថាអាការៈវិលមុខក៏ជាសញ្ញាចង្អុលបង្ហាញទូទៅមួយក្នុងចំណោមអ្នកជំងឺដែលមានបញ្ហាដាច់សសៃឈាមក្នុងខួរក្បាលដែរ។ ស្ថានភាពនេះអាចជាលទ្ធផលនៃផ្នែកខួរក្បាលដែលទទួលរងផលប៉ះពាល់។
៥. ឈឺក្បាលប្រកាំងភ្លាមៗ ឬឈឺក្បាលខ្លាំង
កំឡុងពេលនៃជំងឺដាច់សសៃឈាមខួរក្បាល លំហូរឈាមទៅកាន់ខួរក្បាលអាចត្រូវបានស្ទះ ឬកាត់ផ្ដាច់ដោយសារតែការរំខានដែលបង្កឡើងក្នុងលំហូរឈាម។ ជាលទ្ធផលវាអាចបណ្ដាលឱ្យសសៃឈាមរហែក ឬខូចខាតនាំឱ្យឈឺក្បាលប្រកាំង ឬឈឺក្បាលខ្លាំងភ្លាមៗ។
៦. រឹងកឬឈឺស្មា
សសៃឈាមដែលធ្លាយ ឬដាច់ក្នុងខួរក្បាលអាចបណ្ដាលឱ្យផ្នែកក ឬស្មាប្រែជារឹង ហើយឈឺ។ ប្រសិនបើអ្នកមិនអាចប៉ះចង្កាដល់ទ្រូងរបស់ខ្លួនឯងទេ (ក្នុងករណីអ្នកមិនធាត់ជ្រុល ឬមានបញ្ហាផ្សេងទៀត) ចូរកុំស្ទាក់ស្ទើនឹងទៅរកជំនួយពីវេជ្ជបណ្ឌិតភ្លាម។
- នរណាខ្លះប្រឈមមុខខ្ពស់នឹងជំងឺដាច់សសៃឈាមខួរក្បាល?
– អ្នកដែលមានសម្ពាធឈាមខ្ពស់ (ចាប់ពី 140/90 mmHg)
– បើនិយាយពីវ័យនិងភេទ បុរសវ័យចំណាស គឺប្រឈមមុខខ្ពស់នឹងហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាលជាងបុរស ឬស្ត្រីវ័យក្មេង។
– អ្នកដែលជក់បារី ៖ បញ្ហានោះ គឺការជក់បារីបង្កើនកម្រិតកូឡេស្តេរ៉ូលមិនល្អ ហើយបែរជាបន្ថយកូឡេស្តេរ៉ូលល្អទៅវិញ។នៅពេលកូឡេស្តេរ៉ូលមិនល្អឡើងខ្ពស់ពេក វានឹងបង្កការខូចខាតដល់ជញ្ជាំងសសៃឈាមធ្វើអោយស្ទះ។ សសៃឈាមស្ទះរារាំងលំហូរឈាមគ្រប់គ្រាន់ទៅកាន់ខួរក្បាល ក៏ដូចជាបេះដូងដែលគ្រោះថ្នាក់ណាស់ចំពោះសុខភាពទាំងមូល។ ដូច្នេះដើម្បីកាត់បន្ថយហានិភ័យនៃបញ្ហាសុខភាពផ្សេងៗ រួមទាំងជំងឺដាច់សសៃឈាមខួរក្បាល អ្នកគួរបញ្ឈប់ទម្លាប់ជក់បារី។
– អ្នកជំងឺទឹកនោមផ្អែម ខណៈដែលជំងឺនេះបង្កឡើងដោយកង្វះអ័រម៉ូនអាំងស៊ុយលីនដែលគ្រប់គ្រងកម្រិតនៃជាតិស្ករក្នុងរាងកាយ។ នៅពេលខ្វះអ័រម៉ូននេះ ជាតិស្ករនឹងមិនអាចចូលទៅដល់ផ្នែកនៃរាងកាយកន្លែងដែលត្រូវការថាមពលដូចជាខួរក្បាលជាដើម។
– អ្នកជំងឺបេះដូង ខណៈដែលមានជំងឺបេះដូងច្រើនប្រភេទណាស់ដែលអាចជះផលប៉ះពាល់ដល់សសៃឈាមបណ្ដាលអោយស្ទះ ហើយបង្កើនហានិភ័យនៃជំងឺដាច់សសៃឈាមខួរក្បាល។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមធ្វើលំហាត់ប្រាណទៀងទាត់ និងរក្សារបបអាហារសុខភាពល្អ៕