ធ្លាប់ឆ្ងល់ទេថាហេតុអ្វីខ្លួនឯងបែកញើសខ្លាំងម្ល៉េះទាំងមិនបានធ្វើសកម្មភាពរាងកាយអ្វីសោះ? វាអាចបណ្ដាលមកពីកត្តាស្មានមិនដល់មួយចំនួន។ ហើយថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាចំនួន ៨នៃការបែកញើសខ្លាំង ៖
១. ស្ត្រេស
ការបែកញើសខ្លាំង ឬហួសប្រមាណអាចបណ្ដាលមកពីភាពតានតឹងក្នុងអារម្មណ៍ពេក។ បញ្ហាស្ត្រេសនិងថប់បារម្ភមិនត្រឹមតែជះឥទ្ធិពលអវិជ្ជមានលើរាងកាយប៉ុណ្ណោះទេ ប៉ុន្តែក៏ជះផលប៉ះពាល់ដល់ការបែកញើសផងដែរ។ ញើសប្រភេទនេះអាចមានក្លិនខ្លាំងដោយសារមានផ្ទុកជាតិខ្លាញ់និងប្រូតេអ៊ីនលាយជាមួយបាក់តេរីនៃស្បែក។
២. បញ្ហាក្រពេញទីរ៉ូអ៊ីត
Hyperthyroidism គឺជាស្ថានភាពមួយដែលក្រពេញទីរ៉ូអ៊ីតក្លាយជាមានសកម្មភាពលើសកំណត់ ហើយចាប់ផ្ដើមផលិតអ័រម៉ូនទីរ៉ូអ៊ីតច្រើនហួស។ ប្រសិនបើការបែកញើសខ្លាំងនេះគួបផ្សំនឹងអាការៈច្រើនផ្សេងទៀតនៃជំងឺពាក់ព័ន្ធនឹងក្រពេញទីរ៉ូអ៊ីត អ្នកមិនត្រូវស្ទាក់ស្ទើក្នុងការជួបពិនិត្យជាមួយគ្រូពេទ្យជំនាញឡើយ។
៣. ជាតិស្ករក្នុងឈាមចុះទាប
ការបែកញើសហួសប្រមាណអាចបណ្ដាលមកពីកត្តាផ្សេងៗជាច្រើន ជួនកាលវាអាចបង្កឡើងដោយសារកម្រិតនៃជាតិស្ករក្នុងឈាមចុះទាបខ្លាំង។ ទោះជាយ៉ាងណាអ្នកជំងឺជាតិស្ករក្នុងឈាមចុះទាបអាចជួបប្រទះអាការៈមួយចំនួនផ្សេងទៀតរួមមានឃ្លានខ្លាំង, ថប់បារម្ភ, វិលមុខ, ស្រាលក្បាល ឬធីងធោង និងបញ្ហាពាក់ព័ន្ធជាមួយការមើលឃើញ។
៤. ជំងឺបែកញើសហួសប្រមាណ (hyperhidrosis)
ការបែកញើសហួសប្រមាណនៅលើផ្នែកណាមួយនៃរាងកាយដូចជាក, ក្លៀក, បាតដៃ ឬបាត់ជើងហៅថាជំងឺ hyperhidrosis។ ទោះជាយ៉ាងណាជំងឺនេះក៏មានអមមកជាមួយនូវការរលាក, ឈឺស្បែក និងថប់បារម្ភ។ ប្រសិនបើអ្នកសម្គាល់ឃើញស្នាមញើសប្រឡាក់ជាប់អាចត្រង់ក្លៀក ឬប្រសិនបើបាតដៃតែងតែសើម ចូរប្រញាប់ទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ។
៥. ផលប៉ះពាល់នៃថ្នាំមួយចំនួន
ការបែកញើសហួសប្រមាណក៏អាចបណ្ដាលមកពីឥទ្ធិពលនៃថ្នាំមួយចំនួនដូចជាថ្នាំអង់ទីប៊ីយោទិក និងថ្នាំសម្ពាធឈាមឡើងខ្ពស់ជាដើមដែលអ្នកប្រើប្រាស់ ឬទទួលទានផងដែរ។
៦. ការអស់រដូវ
ការអស់រដូវអាចបង្កអាការៈបែកញើសហួសប្រមាណនិងក្ដៅភាយៗជាលទ្ធផលនៃភាពប្រែប្រួលនៃកម្រិតអ័រម៉ូន estrogen ក្នុងរាងកាយ៕