សុខភាពមាត់ធ្មេញ គឺចាំបាច់ណាស់! កំហុសដោយមិនដឹងខ្លួនមួយចំនួនរបស់យើងអាចជះផលប៉ះពាល់គួរឱ្យព្រួយបារម្ភលើសុខភាពធ្មេញបង្កើនហានិភ័យនៃជំងឺពុកធ្មេញ។ នៅពេលបញ្ហានេះកើតឡើងអ្នកមិនត្រឹមតែបាត់បង់ធ្មេញប៉ុណ្ណោះទេ ប៉ុន្តែក៏ត្រូវចំណាយលុយអស់ច្រើនដើម្បីព្យាបាលនិងដោះស្រាយផងដែរ។ ថាតើទម្លាប់អ្វីខ្លះមិនល្អសម្រាប់សុខភាពធ្មេញ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទង្វើដែលអ្នកគួរផ្លាស់ប្ដូរចេញដើម្បីរក្សាសុខភាពមាត់ធ្មេញ ៖
១. ទទួលទានផលិតផលដែលមានពណ៌ដិតៗច្រើនពេក
ការទទួលទានអាហារ ឬភេសជ្ជៈដូចជាកាហ្វេ, ស្រាក្រហម និងតែខ្មៅដែលមានពណ៌ដិតព្រោះសារធាតុ tannins គឺអាចបណ្ដាលឱ្យធ្មេញជាប់ស្នាមប្រឡាក់ពណ៌លឿង។
២. ដុសសម្អាតធ្មេញមិនបានត្រឹមត្រូវ ឬឆាប់ដុសធ្មេញពេក
– មិនដុសសម្អាតធ្មេញឱ្យបានយូរគ្រប់គ្រាន់។ ការចំណាយពេលត្រឹមតែ ៣០វិនាទីក្នុងការដុសសម្អាតធ្មេញអាចនឹងពិបាកនាំមកនូវផលល្អណាស់។ វាអាចបង្កជាបញ្ហាពុកធ្មេញនិងជំងឺមាត់ធ្មេញផ្សេងទៀត។ ដើម្បីជាការប្រសើរអ្នកចាំបាច់គួរដុសសម្អាតធ្មេញឱ្យបាន ២នាទី។
– ដុសធ្មេញខ្លាំងៗពេក។ ការដុសសម្អាតធ្មេញខ្លាំងៗពេកមិនត្រឹមតែបង្កគ្រោះថ្នាក់ចំពោះកាចាធ្មេញប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យស្រៀវធ្មេញផងដែរ។ ការជ្រើសរើសច្រាសដុសធ្មេញឱ្យបានត្រឹមត្រូវក៏ចាំបាច់ណាស់ដែរ។
– ដុសសម្អាតធ្មេញភ្លាមៗក្រោយអាហារ។ សូមចាំថាការដុសសម្អាតធ្មេញភ្លាមៗក្រោយទទួលទានអាហារអាចជះផលប៉ះពាល់ខ្លាំងណាស់សម្រាប់កាចាធ្មេញ ជាពិសេសប្រសិនបើអ្នកបានទទួលទានអ្វីដែលមានផ្ទុកជាតិអាស៊ីត។ សូមរងចាំឱ្យបាន ៣០នាទីក្រោយទទួលទានសិន សឹមដុសធ្មេញ។
៣. ប្រើប្រាស់ធ្មេញខាំហែក ឬបើករបស់របរ
ការប្រើប្រាស់ធ្មេញជាឧបករណ៍សម្រាប់បើកដបទឹកក្រូច ឬដបស្រា ឬហែកផ្ដាច់ស្លាកសំលៀកបំពាក់ គឺជាទម្លាប់មិនល្អសោះឡើយសម្រាប់សុខភាពធ្មេញ។ វាអាចបណ្ដាលឱ្យធ្មេញឆាប់បាក់ ឬបែក។
៤. មានទម្លាប់មិនល្អ
ការខាំក្រចកអាចបណ្ដាលឱ្យខូចអញ្ចាញនិងធ្មេញគួរឱ្យបារម្ភ។ ការទំពារវត្ថុដូចជាប៊ិចនិងខ្មៅដៃក៏ជះផលប៉ះពាល់ដូចគ្នាដែរ។ ការសង្ក្រឺតធ្មេញក៏អាចជះផលប៉ះពាល់ដល់ធ្មេញនិងអញ្ចាញ ព្រមទាំងផ្លាស់ប្ដូរទម្រង់នៃមុខបានផងដែរ។
៥. ទទួលទានភេសជ្ជៈផ្សេងៗក្រោយពេលដុសសម្អាតធ្មេញ
ពិតណាស់អ្នកអាចញ៊ាំអាហារ ឬទទួលទានភេសជ្ជៈផ្សេងៗបានក្រោយពេលដុសសម្អាតធ្មេញនៅពេលព្រឹក! ប៉ុន្តែទោះជាយ៉ាងណាវាល្អសោះឡើយក្នុងការញ៊ាំអាហារ ឬទទួលទានភេសជ្ជៈផ្សេងៗក្រោយពេលដុសសម្អាតធ្មេញមុននឹងចូលគេង។ ទម្លាប់នេះអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភលើធ្មេញរបស់អ្នក៕