អាការៈរលាកឈឺកៀនបបូរមាត់មិនពិបាកនឹងដោះស្រាយឡើយ។ ត្រូវធ្វើបែបណា? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិចំនួន ៧ជួយព្យាបាលអាការៈរលាកឈឺកៀនមាត់ ៖
១. ទឹកឃ្មុំ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបទឹកឃ្មុំ ១ស្រទាប់ស្ដើងឱ្យបានទៀងទាត់លើកៀនមាត់ដែលទទួលរងផលប៉ះពាល់។ រងចាំសម្រាប់រយៈពេលពី ១៥ ទៅ ៣០នាទី សឹមលាងសម្អាតចេញ។ អនុវត្ត ២ដង ក្រោយរយៈពេលរៀងរាល់ពី ៣ ទៅ ៤ ម៉ោង។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងលើកន្លែងដែលទទួលរងផលប៉ះពាល់ និងរងចាំសម្រាប់រយៈពេលពី ៣០ ទៅ ៤០នាទី សឹមលាងសម្អាតចេញជាការស្រេច។ ប្រេងដូងនឹងជួយបំបាត់អាការៈឈឺក្បាលនិងរមាស់ ព្រមទាំងរក្សាសំណើមកៀនមាត់ផងដែរ។
៣. ប្រេងអូលីវ
ក៏ដូចនឹងប្រេងដូងដែរ ប្រេងអូលីវអាចជួយព្យាបាលអាការៈឈឺកៀនមាត់បានយ៉ាងប្រសើរ។ ទោះជាយ៉ាងណាដើម្បីជាការប្រសើរអ្នកគួរកម្ដៅប្រេងអូលីវឱ្យក្ដៅឧណ្ហៗបន្តិចជាមុនសិន សឹមលាបលើកៀនមាត់ដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញ។ កុំប្រើប្រាស់ប្រេងអូលីដែលក្ដៅខ្លាំង ដើម្បីចៀសវាងការរលាក។
៤. ត្រសក់
អ្នកអាចចិតត្រសក់ជាបន្ទះស្ដើងៗនិងដាក់ក្លាសេឱ្យត្រជាក់ក្នុងទូរទឹកកកជាមុនសិន សឹមបិតលើកៀនមាត់ដែលទទួលរងផលប៉ះពាល់។
៥. ប្រទាលកន្ទុយក្រពើ
អ្នកក៏អាចប្រើប្រាស់ជែលប្រទាលកន្ទុយក្រពើស្រស់ត្រជាក់ៗលើកន្លែងដែលក្រហមនិងរលាកកៀនមាត់ ហើយរងចាំសម្រាប់រយៈពេលពី ២០ ទៅ ៣០នាទី សឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តសារឡើងវិញរៀងរាល់ពី ៣ ទៅ ៤ម៉ោង។
៦. ទឹកក្រូចឆ្មារស្រស់
ទោះបីជាវាអាចបង្កអាការៈផ្សាឈឺតិចៗ ប៉ុន្តែការលាបទឹកក្រូចឆ្មារស្រស់លើកន្លែងដែលមានបញ្ហាអាចជួយឱ្យការរលាកកៀនមាត់បាត់ទៅយ៉ាងឆាប់រហ័ស។ អ្នកក៏អាចទទួលទានទឹកក្រូចឆ្មារលាយទឹកឃ្មុំដើម្បីពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយឆាប់ជាសះស្បើយពីបញ្ហានេះផងដែរ។
៧. ម្សៅ Baking soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda កន្លះស្លាបព្រាកាហ្វេជាមួយទឹកធម្មតាពី ២ ទៅ ៣ដំណក់ឱ្យក្លាយជាល្បាយខាប់ៗ រួចសឹមលាបលើកៀនមាត់កន្លែងដែលមានបញ្ហា។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងជម្រះចេញជាមួយទឹកធម្មតា។
៨. យ៉ាអួរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបយ៉ាអួរសុទ្ធដែលមានផ្ទុកប្រូបាយអូទិកមួយចំនួនលើកៀនមាត់កន្លែងដែលមានបញ្ហា និងទុកចោលបែបនេះសម្រាប់រយៈពេលពេញមួយយប់។ អ្នកក៏អាចទទួលទានយ៉ាអួរ ១ចានគោមតូចផងដែរ។