ទោះបីជាស្គាល់និងឧស្សាហ៍ញ៊ាំប៉ុណ្ណោះក៏ដោយ ក៏ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថា ទឹកត្រសក់ស្រស់អាចផ្ដល់ផលល្អៗអ្វីខ្លះចំពោះសុខភាព? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុដែលអ្នកគួរចាប់ផ្ដើមទទួលទានទឹកត្រសក់ស្រស់ៗ ៖
១. ជាប្រភពដ៏ប្រសើរនៃវីតាមីន
ត្រសក់អាចផ្ដល់ឱ្យរាងកាយនូវបរិមាណដ៏ប្រសើរនៃវីតាមីនក្រុម B។
២. រក្សាជាតិទឹកនិងសំណើមក្នុងរាងកាយ
ត្រសក់មានផ្ទុកជាតិទឹកប្រមាណ ៩៥ភាគរយ។ ដូច្នេះការទទួលទានទឹកត្រសក់ស្រស់អាចជួយរក្សាជាតិទឹកក្នុងរាងកាយនិងកម្ចាត់រាល់ជាតិពុលទៀតផង។
៣. កម្ចាត់ស្នាមជ្រីវជ្រួញលើស្បែក
ក្រៅពីទទួលទានហើយនោះ អ្នកក៏អាចប្រើប្រាស់បន្ទះសំឡីជ្រលក់ក្នុងទឹកត្រសក់ស្រស់ រួចផ្ដិតៗលើផ្ទៃមុខ។ ទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។
៤. ជួយឱ្យការរំលាយអាហារកាន់តែមានលក្ខណៈប្រសើរឡើង
នេះក៏ព្រោះតែត្រសក់មានផ្ទុកសម្បូរទៅដោយជាតិសសៃនិងជាតិទឹកដែលជួយក្នុងការរំលាយអាហារ។ វីតាមីនផ្សេងៗក្នុងត្រសក់ក៏ជួយអោយមុខងារនៃប្រព័ន្ធរំលាយអាហារកាន់តែមានលក្ខណៈល្អប្រសើរផងដែរ។ការរួមបញ្ចូលត្រសក់ក្នុងរបបអាហារជួយសម្រួលចលនាពោះវៀនទប់ស្កាត់បញ្ហាគួរអោយព្រួយបារម្ភជាច្រើន។
៥. បំបាត់ក្លិនមាត់មិនល្អ
ក្រៅពីទទួលទានទឹកត្រសក់ស្រស់ៗហើយនោះ អ្នកអាចប្រើប្រាស់ត្រសក់ ១បន្ទះបិតផ្អិបលើផ្នែកខាងលើនៃមាត់និងប្រើប្រាស់អណ្ដាតទប់ឱ្យជាប់សម្រាប់រយៈពេល ៣០វិនាទី។
៦. ពង្រឹងសុខភាពសក់ និងកាត់បន្ថយបញ្ហាសក់ជ្រុះ
វីតាមីន B ក្នុងទឹកត្រសក់ស្រស់មានអត្ថប្រយោជន៍ណាស់សម្រាប់ស្បែកក្បាលនិងសុខភាពសក់។ត្រសក់ក៏ជាប្រភពដ៏ប្រសើរនៃសារធាតុបាយអូទីន សារធាតុ riboflavin សារធាតុ niacin វីតាមីន B5 វីតាមីន B6 និងវីតាមីន C ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការលូតលាស់សក់ ទប់ស្កាត់បញ្ហាសក់ជ្រុះ ហើយឆាប់ស្កូវផងដែរ។
៧. បំបាត់អាការៈឈឺសន្លាក់
ទឹកត្រសក់ស្រស់ជាប្រភពនៃសារធាតុ silicon dioxide ដែលល្អសម្រាប់រក្សាសុខភាពសន្លាក់ដោយពង្រឹងជាលិកាភ្ជាប់។ បន្លែនេះក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A វីតាមីន B1 វីតាមីន B6 វីតាមីន C វីតាមីន D វីតាមីន K សារធាតុ folate កាល់ស្យូម និងម៉ាញ៉េស្យូមល្អសម្រាប់សម្រាលអាការៈឈឺចាប់រលាកសន្លាក់ដោយកាត់បន្ថយកម្រិតនៃជាតិអាស៊ីត៕